រដ្ឋាភិបាលក្រុងហាណូយនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាឋានៈខ្ពស់នៃកម្រិតទំនាក់ទំនងការទូតរបស់វៀតណាម។ ក្រុមអ្នកជំនាញមួយចំនួននិយាយថា យុទ្ធសាស្ត្រមិនចូលជ្រៀតជ្រែករបស់អាមេរិកទៅលើនយោបាយផ្ទៃក្នុងរបស់វៀតណាមមានសារៈសំខាន់ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងហាណូយបានឯកភាពលើកិច្ចព្រមព្រៀងនេះ ប៉ុន្តែក្រុមសកម្មជននិងសិទ្ធិមនុស្សមួយចំនួននិយាយថា ពួកគេមិនសប្បាយចិត្តដោយសារតែខ្វះការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ស្របពេលដែលការបង្ក្រាបលើសង្គមស៊ីវិលក្នុងប្រទេសវៀតណាម កំពុងមានលក្ខណៈអាក្រក់ខ្លាំងឡើងៗ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទៅធ្វើទស្សនកិច្ចរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ខែកញ្ញាកន្លងទៅ ដើម្បីជួបប្រជុំជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ នៅរសៀលថ្ងៃទី១០ ខែកញ្ញានោះ លោក Trong និងលោក Biden បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាទៅលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ សម្រាប់សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងសេចក្តីប្រកាសរួមដ៏វែងមួយ មានឃ្លារមួយបញ្ជាក់ពីការ«លើកកម្ពស់និងការពារសិទ្ធិមនុស្សផងដែរ»។
លោក Phil Robertson នាយករងការិយាល័យអាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch និយាយថា បញ្ហាសិទ្ធិមនុស្សត្រូវបានចាត់ទុកថា «ជារឿងបន្ទាប់បន្សំ» ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Biden ក្នុងប្រទេសវៀតណាម។
លោក Robertson បានសរសេរតាមសារអ៊ីមែលដូចនេះថា៖ «សេចក្តីថ្លែងការណ៍របស់សេតវិមានក្រោយមកបានបញ្ជាក់ពីការបារម្ភលើបញ្ហាសិទ្ធិមនុស្សនេះ និងបានលើកឡើងពីការសន្ទនាគ្នារវាងអាមេរិកនិងវៀតណាម ដែលកំពុងធ្វើឡើងស្តីពីបញ្ហាសិទ្ធិមនុស្ស ដែលនេះជាការចាត់ទុកបញ្ហាសិទ្ធិមនុស្សថាគ្រាន់តែជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ។ មានការជួបប្រជុំគ្នាលើបញ្ហាសិទ្ធិមនុស្ស មួយឆ្នាំម្តងរវាងមន្ត្រីថ្នាក់កណ្តាលនៃប្រទេសទាំងពីរ ប៉ុន្តែមិនមានឃើញអ្វីជាដុំកំភួនកើតឡើងនោះឡើយ»។
អ្នកចម្រៀងនិងជាសកម្មជនអ្នកស្រី Do Nguyen Mai Khoi បានរត់គេចពីវៀតណាម មករស់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ក្រោយមានការគំរាមកំហែងចាប់ខ្លួន។ អ្នកស្រីបានប្រាប់វីអូអេថា អ្នកស្រីមានការខកចិត្តនឹងជំហររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្នុងពេលដែលអ្នកស្រីបានឃើញក្រុមអាជ្ញាធរវៀតណាម ចាប់ក្រុមសកម្មជនដែលមិនចង់នៅស្ងៀមឬរស់នៅលាក់ខ្លួន ដាក់ពន្ធនាគារទាំងអស់ ហើយរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមចាប់ខ្លួនក្រុមអ្នកការពារបរិស្ថាននិងមេដឹកនាំក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ។
មានសកម្មជនប្រមាណ១៩១នាក់ពេលនេះកំពុងជាប់ពន្ធនាគារក្នុងប្រទេសវៀតណាម។ នេះបើតាមការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សគម្រោង៨៨ (The 88 Project) ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។
អ្នកស្រី Mai Khoi បានសរសេរសារក្នុងកម្មវិធី app Signal ដូចនេះថា៖«ស្ថានភាពសិទ្ធិមនុស្សនិងសកម្មជនក្នុងប្រទេសវៀតណាម កាន់តែអាក្រក់ខ្លាំងឡើងៗ ចាប់តាំងពីខ្ញុំចាកចេញពីប្រទេសវៀតណាម។ សហរដ្ឋអាមេរិកគិតថា គេបានធ្វើការងារគ្រប់គ្រាន់រួចហើយ ស្តីពីបញ្ហាសិទ្ធិមនុស្ស ដោយគ្រាន់តែធ្វើសេចក្តីថ្លែងការណ៍មួយចំនួន នៅគ្រប់ពេលដែលសកម្មជនល្បីល្បាញណាម្នាក់ត្រូវបានចាប់ខ្លួន ឬក៏ផ្តល់រង្វាន់ដល់អ្នកទោសនយោបាយល្បីណាមួយ។ ខ្ញុំគិតថាអាមេរិកអាចធ្វើបានច្រើនជាងនេះ»។
ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ការបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងហាណូយ ថាសហរដ្ឋអាមេរិក នឹងមិនចូលពាក់ព័ន្ធក្នុងរឿងនយោបាយផ្ទៃក្នុងទេ គឺជាគម្រោងដ៏យូរឆ្នាំមួយក្នុងពេលកន្លងទៅ។
ក្នុងពេលអតីតកាល មេដឹកនាំវៀតណាមមានការប្រយ័ត្នប្រយែងដែលថា ការលើកកម្ពស់មួយកម្រិតទៀតនៃភាពជាដៃគូជាមួយសហរដ្ឋអាមេរិកនេះ អាចកើតឡើងនូវរបៀបវារៈនៅពីក្រោយណាមួយ ដែលអាចផ្លាស់ប្តូរនូវប្រព័ន្ធនយោបាយបក្សកុម្មុយនីស្តរបស់ប្រទេសនេះ។ នេះបើតាមការលើកបញ្ជាក់របស់លោក Le Hong Hiep អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន ISEAS-Yusof Ishak។ លោកនិយាយថា ដោយទុកតម្លៃប្រជាធិបតេយ្យនៅមួយឡែកសិននោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រុងហាណូយ ឱ្យបង្កើនកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរបាន។
លោក Hiep និយាយដូចនេះទៀតថា៖ «មានការសន្យាខាងអាមេរិកថា មិនត្រូវលូកលាន់ក្នុងនយោបាយរបស់វៀតណាមនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ អាមេរិកបានបន្ថយការរិះគន់កាន់តែតិចទៅៗទៅលើកំណត់ហេតុសិទ្ធិមនុស្សរបស់វៀតណាម ហើយដែលការណ៍នេះ បានជួយសម្រួលមិនឱ្យមានការបារម្ភខ្លាំងពីមេដឹកនាំនៃប្រទេសវៀតណាមផងដែរ»។
ក្នុងការបន្ថយការប្រឆាំងលើអាមេរិកនោះ រដ្ឋបាលរបស់លោក Biden បានប្រើប្រាស់ភាសាទន់ភ្លន់ ជុំវិញបញ្ហាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងបានគូសបញ្ជាក់ពីភាពខុសគ្នារវាង«កុម្មុយនីស្តល្អនិងកុម្មុយនីស្តអាក្រក់» នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការឡើងរបស់លោក Gregory Poling នាយកគំនិតផ្តួចផ្តើមតម្លាភាពលំហរសមុទ្រអាស៊ី នៃវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Poling ថ្លែងដូចនេះថា៖ «នៅពេលដែលអ្នកក្រឡេកមើលពីយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ភាសាដែលគេបានប្រើបញ្ចូលទៅក្នុងនោះ មិនរួមមានដូចជាថា រដ្ឋផ្តាច់ការមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកជាដើម។ យុទ្ធសាស្ត្រសន្តិសុខជាតិនោះគ្រាន់តែនិយាយថា រដ្ឋបាលអាមេរិក នឹងផ្តោតទៅលើរដ្ឋផ្តាច់ការប្រឆាំងទាំងឡាយណា ដែលនាំចេញភាពផ្តាច់ការនិយមតែប៉ុណ្ណោះ។ អ្វីដែលរដ្ឋបាលរបស់លោក Biden បានធ្វើ ជាការបន្ទន់ជំហរនៅក្នុងភាសា ដែលមិនសំដៅផ្តាច់មុខតែទៅលើប្រទេសវៀតណាមតែមួយនោះឡើយ តែវៀតណាម បានទទួលភាសាទន់ភ្លន់ច្រើនជាងប្រទេសផ្សេងៗពីសហរដ្ឋអាមេរិក»។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Trong បានលើកឡើងពីសារៈសំខាន់នៃការមិនចូលជ្រៀតជ្រែក ក្នុងពេលប្រកាសបង្កើនកម្រិតភាពជាដៃគូជាមួយអាមេរិកកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។
លោក Trong បានលើកឡើងដូចដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃវៀតណាម Thanh Nien ដូចនេះថា៖ «យើងផ្តល់តម្លៃទៅលើជំហររបស់អាមេរិកក្នុងការគាំទ្រប្រទេសវៀតណាមមួយ ដែលខ្លាំង ឯករាជ្យ និងពឹងលើខ្លួនឯង។ យើងក៏ចង់សង្កត់ធ្ងន់ផងដែរថា ការយល់ដឹងពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក គឺជាគោលការណ៍មូលដ្ឋាន ដែលមានសារៈសំខាន់ខ្លាំងបំផុត»។
សង្គមស៊ីវិល
លោក Duy Hoang នាយកប្រតិបត្តិនៃគណបក្សនយោបាយគាំទ្រប្រជាធិបតេយ្យ ដែលមិនជាប់ទណ្ឌកម្ម Viet Tan ក្នុងប្រទេសវៀតណាម និយាយថា មានរលកនៃការចាប់ខ្លួនក្រុមសកម្មជនជាច្រើននាក់ តាំងពីឆ្នាំ២០១៧មក ហើយអាជ្ញាធរវៀតណាម ពេលនេះកំពុងបង្ក្រាបក្រុមអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនការពារបរិស្ថានផងដែរ។
ខណៈពេលដែលលោកមើលឃើញពីផលប្រយោជន៍សំខាន់នៃការបង្កើនកម្រិតភាពជាដៃគូជាមួយអាមេរិកនោះ លោកចង់ឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលើកឡើងជាចំហរឱ្យបានច្រើនថែមទៀត ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម។
លោកបានថ្លែងប្រាប់វីអូអេថា៖ «វាមានសារៈសំខាន់ ដែលប្រជាជនវៀតណាម ដឹងថា សហរដ្ឋអាមេរិកជាមិត្តរបស់ប្រជាជនវៀតណាម មិនមែនគ្រាន់តែជាមួយរដ្ឋាភិបាលតែប៉ុណ្ណោះទេ។ ខ្ញុំចង់ឃើញរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើសកម្មភាពខ្លាំងជាងនេះបន្តិចស្តីពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម»។
បន្ថែមលើនេះដែរ លោកក៏មានការបារម្ភទៅលើថាតើគោលបំណងដែលលើកបញ្ជាក់ក្នុងភាពជាដៃគូនោះ ដែលរួមមានការដោះស្រាយបម្រែបម្រួលអាកាសធាតុ នឹងត្រូវដោះស្រាយដោយរបៀបណាជុំវិញការបង្ក្រាបក្រុមសង្គមស៊ីវិល ដែលកំពុងមានសកម្មភាពខ្លាំងក្លានោះ។
អ្នកការពារបរិស្ថានល្បីឈ្មោះ៥រូប ត្រូវបានចាប់ដាក់ពន្ធនាគារ ពីបទគេចពន្ធកាលពីពីរឆ្នាំកន្លងទៅ ដែលជាការចោទប្រកាន់មួយ ដែលអ្នកស្រី Hoang បានពណ៌នាថា «ជាការបង្កើនការចោទប្រកាន់លើបញ្ហាហិរញ្ញវត្ថុ»។ ក្នុងពេលថ្មីៗកន្លងទៅនេះ អ្នកស្រី Hoang Thi Minh Hong អតីតប្រធានប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលNGO Change ដែលផ្តោតលើបញ្ហាបរិស្ថាន ត្រូវបានចាប់ខ្លួនពីការការគេចវេសមិនបង់ពន្ធ ហើយកំពុងជាប់ពន្ធនាគាររង់ចាំឡើងតុលាការកាត់ក្តី។
អ្នកស្រី Hoang និយាយថា៖ «តើយើងអាចនិយាយអំពីការការពារបរិស្ថានបានដោយរបៀបណា បើគ្មានសកម្មជនបរិស្ថាននោះ»។
អ្នកស្រី Mai Khoi នៅតែមានសង្ឃឹមថា ភាពជាដៃគូជាមួយសហរដ្ឋអាមេរិក អាចជួយដល់លក្ខខណ្ឌសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ប៉ុន្តែអ្នកស្រីនិយាយថា អ្នកស្រីនឹងមានការខកចិត្ត ប្រសិនបើការព្រមព្រៀងគ្នារវាងអាមេរិកនិងវៀតណាម បានប្រព្រឹត្តទៅ ដោយគ្មានការដោះលែងសកម្មជនអាកាសធាតុល្បីឈ្មោះ ដូចជាអ្នកស្រី Hong ជាដើម។
អ្នកស្រី Mai Khoi និយាយថា៖«ខ្ញុំមានការខកចិត្តជាខ្លាំង ប្រសិនបើសកម្មជនអាកាសធាតុ នៅតែស្ថិតក្នុងពន្ធនាគារ ហើយការបង្កើនកម្រិតភាពជាដៃគូនៅតែកើតមានឡើងដដែលនោះ» ដោយអ្នកស្រីបានលើកឡើងពីការចង់ឱ្យមានការដោះលែងក្រុមសកម្មជន ដែលពេលនេះកំពុងតែស្ថិតក្នុងការឃុំឃាំងនៅឡើយ៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធិ