ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​វៀតណាម​សម្រេច​វិលមក​ប្រជែង​យក​តំណែង​មេដឹកនាំ


លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់ស៊ុង ​(Nguyen Tan Dung)។
លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់ស៊ុង ​(Nguyen Tan Dung)។

លោក​នាយក​រដ្ឋមន្ត្រី ​ង្វៀន តាន់ស៊ុង ​(Nguyen Tan Dung) ​នឹង​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ថា​តើ​លោក​នឹង​អាច​ចូល​ប្រឡូក​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​កំពូល​របស់​ប្រទេស​នោះ​ម្តងទៀត​បាន​ដែរ​ឬ​អត់។

នាយក​រដ្ឋមន្ត្រី​វៀតណាម ​ដែលគាំទ្រ​វិស័យ​ជំនួញ ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​នាទី​ចុង​ក្រោយ ​បន្ទាប់​ពី​លោក ​ហាក់​បី​ដូចជា​បាន​ចាញ់ក្នុង​ការប្រជែង​អំណាច​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ ដែល​កំពុង​គ្រប់គ្រង​ប្រទេស ​កាល​ពី​សប្តាហ៍​មុន​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ​ង្វៀន តាន់ស៊ុង ​(Nguyen Tan Dung) ​នឹង​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ថា​តើ​លោក​នឹង​អាច​ចូល​ប្រឡូក​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​តំណែង​កំពូល​របស់​ប្រទេស​នោះ​ម្តងទៀត​បាន​ដែរ​ឬ​អត់។

ដោយ​ប្រើ​ចន្លោះ​ប្រហោង​មួយ​ដែល​មាន​នៅ​ក្នុង​បទ​ប្បញ្ញត្តិ​បក្ស អ្នក​គាំទ្រ​លោក នាយក​រដ្ឋមន្ត្រី ​ង្វៀន តាន់ស៊ុង ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ស្នើ​ឲ្យ​បញ្ចូល​ឈ្មោះ​របស់​លោក​ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ ដែល​ប្រកួត​ប្រជែង​សម្រាប់​មុខ​តំណែង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ ដែល​ជា​សសរ​មួយ​ក្នុង​ចំណោម​សសរ​ស្ដម្ភ​ពីរ​នៃ​ស្ថាប័ន​គ្រប់គ្រង​ប្រទេស​វៀតណាម។

បើសិនជា ​លោក ស៊ុង ​អាច​ឆ្លង​ផុត ​លោក​នឹង​មាន​ឱកាស​ដ៏​ល្អ​មួយ​ ក្នុង​ការ​ដែល​ត្រូវ​គេ​បោះឆ្នោត​ ឲ្យ​ក្លាយ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​នោះ ​ហើយ​បន្ទាប់​ពី​នោះ ​លោក ​នឹង​មាន​កន្លែង​មួយ​ ដើម្បី​ប្រកួត​ជាមួយ​គូ​ប្រជែង​របស់​លោក គឺ​លោក អគ្គលេខាធិការ​បក្ស​ ង្វៀន ភូចុង ​(Nguyen Phu Trong) ​ដើម្បី​តំណែង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​នេះ។

​អគ្គលេខាធិការ​បក្ស​ តាម​ពិត​ទៅ​ គឺ​ជា​មេដឹកនាំ​ទី​១​នៅ​ក្នុង​ថ្នាក់ដឹកនាំ​បែប​សមូហភាព​ដែល​គ្រប់គ្រង​ប្រទេស​វៀតណាម។

លោក Murray Hiebert ​អ្នក​ជំនាញ​ខាង​តំបន់​អាស៊ី​អាគ្នេយ៍ ​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​បញ្ហា​អន្តរជាតិ​ (Center for Strategic and Internatioanl Studies) ​ក្នុង​រដ្ឋ​ធានី ​វ៉ាស៊ីនតោន ​មាន​ប្រសាសន៍​ថា «លោក ស៊ុង គឺ​ជា​មនុស្ស​ដែល​ហ៊ាន​ធ្វើ​អ្វី​មួយ​ខុស​ពី​សមាជិក​ជាច្រើន​ទៀត​នៅក្នុង​ក្រុម ​ហើយ​លោក​ជា​មនុស្ស​ដែល​មាន​ជំនាញ​និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​មោះមុត។ មនុស្ស​ជាច្រើន ​យល់​ស្រប​ថា ឱកាស​ នៅ​មាន​តិចតួច​ណាស់​សម្រាប់​ឲ្យ​លោក ​អាច​វិល​ត្រឡប់​មក​កាន់​តំណែង​នេះ​វិញ»។

លោក ចុង ​បាន​ព្យាយាម​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដើម្បី​ធ្វើ​ឲ្យ​លោក ​ស៊ុង ​ថយ​ឥទ្ធិពល ​ប៉ុន្តែ​ការ​ព្យាយាម​នេះ​ មិន​ទទួល​បាន​ជោគជ័យ​ទេ។

ទោះបី​ជា​គេ​មិន​ដែល​ឮ​អំ​ពី​ការ​ប្រជែង​ ដើម្បី​មុខតំណែង​កំពូល​នេះ​ក៏ដោយ​ ក៏​ការ​ប្រជែង​គ្នា​នេះ​ ជា​ធម្មតា​ត្រូវ​បាន​កំណត់​អ្នកចាញ់​ អ្នក​ឈ្នះ​រួច​ជា​ស្រេច​ មុន​សមាជ​បក្ស​ ដែល​គេ​រៀបចំ​ឡើង​រៀងរាល់​៥ឆ្នាំ​ម្តង។

នៅ​ឆ្នាំ​នេះ ​ការ​ប្រជែង​គ្នា​រវាង​លោក​ ស៊ុង ​និង ​លោក ចុង ​បាន​ធ្លាយ​ទៅដល់​សមាជ​បក្ស​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ។

ប៉ុន្តែ ​យោង​តាម​អ្នក​វិភាគ​ មិន​ថា​នរណា​ឈ្នះ​នោះ​ទេ ការ​បង្កើត​រដ្ឋាភិបាល​និង​គោលនយោបាយរបស់​ខ្លួន​នឹង​មិន​ផ្លាស់ប្តូរ​ធំដុំ​នោះ​ទេ។

លោក ស៊ុង ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​លោក ​ដោយ​សារ​ការ​លើកកម្ពស់​កំណែ​ទម្រង់​សេដ្ឋកិច្ច ​និង​ប្រឈម​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​ប្រទេស​ចិន​ ដែល​ទាមទារ​យ៉ាង​កម្រោល​នូវ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ប៉ុន្តែ ​ទោះបី​ជា​លោក​ ចុង ​ដែល​ជា​មេដឹកនាំ​បែប​ការិយាធិបតេយ្យ​បក្ស​ ដែល​ទន់ទោរ​ទៅ​រក​ចិន​ជាង​ អាច​ធ្វើ​ឲ្យ​លោក​ ស៊ុង​ នៅ​ក្រៅ​រង្វង់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ក៏​ដោយ ​ក៏​នោះ​ មិនមែន​មាន​ន័យ​ថា ការ​កែទម្រង់​សេដ្ឋកិច្ច​វៀតណាម​នៅ​ទ្រឹង​នោះ​ទេ ឬ​ក៏​វៀតណាម ​នឹង​ចុះចាញ់​ការ​ទាមទារ​ដែន​សមុទ្រ​របស់​ចិន​ ក្នុង​ដែន​ទឹក​វៀតណាម​នោះ​ ក៏​ទេ​ដែរ។ នេះ​បើយោង​តាម​អ្នកឃ្លាំ​មើល​ការ​វិវត្តន៍​នៅ​ប្រទេស​វៀតណាម។

លោក Murray Hiebert បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press​ថា «ជា​លក្ខណៈ​មនោគមវិជ្ជា ​មិន​មាន​គម្លាត​ធំ​រវាង​លោក ​ចុង​ និង​លោក​ ស៊ុង​ទេ ​ទោះបី​ជា​មនុស្ស​ជាច្រើន​ជឿថា ​ល្បឿន​នៃ​ការ​កែទម្រង់​សេដ្ឋកិច្ច​ អាច​យឺត​បន្តិច​ក៏​ដោយ​ ប្រសិន​បើ​ លោក ​ចុង​ នៅ​តែ​កាន់​តំណែង​អគ្គលេខាធិការ​បក្ស​នោះ​ហើយ​លោក​ស៊ុង​ត្រូវ​គេ​ផាត់​ចេញ​នោះ»។

សម្រាប់​ពេល​នេះ ​មាគ៌ា​ឆ្ពោះ​ទៅកាន់​តំណែង​កំពូល ​ត្រូវ​បាន​ក្រាល​ដោយ​ឧបសគ្គ​ជាច្រើន​ សម្រាប់​លោក ស៊ុង។ លោក ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដំបូង​គេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​នៅ​លើ​វេទិកា​នៃ​សមាជ​បក្ស​កុម្មុយនិស្ត ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​ប្រតិភូ​ចំនួន​ ១.៥១០​នាក់​ នៅ​ក្នុង​សាល ដែល​បិទទ្វារ​ជិត។

គណៈប្រតិភូ​នៃ​ការ​ប្រជុំ​សមាជ​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ជ្រើសរើស​បេក្ខជន​ចំនួន​២៣៤​នាក់ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​មជ្ឈិម​ដែល​មាន​ចំនួន​១៨០​នាក់។ ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​នេះ ​បេក្ខជន​ចំនួន​១៩៩​នាក់​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ពី​មុន​គាំទ្រ​ ត្រូវ​បាន​ធានា​ថា​ នឹង​ជ្រើសតាំង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម​នេះ។ រីឯ​បេក្ខជន​ចំនួន​៣៥​នាក់​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​អ្នក​នយោបាយ​ចំនួន​៦២​នាក់​ដែល​គណៈប្រតិភូ​បាន​ស្នើ​ឡើង​នោះ ​ក្នុង​នោះ​រួម​មាន​ឈ្មោះ​លោក Nguyen Tan Dung ​ផង​ដែរ។

បើ​សិន​ជា​លោក Nguyen Tan Dung ​ត្រូវបាន​ជ្រើស​តាំង​ជា​បេក្ខជន​ក្តី​ក៏​លោក​នៅតែ​ចាំបាច់​ត្រូវ​ទទួល​ការ​គាំទ្រ​ពី​គណៈប្រតិភូ​នៃ​ការ​ប្រជុំ​សមាជ​នេះ ​ដើម្បី​ក្លាយជា​សមាជិក​ម្នាក់ក្នុង​ចំណោម​១៨០នាក់ ​តាម​រយៈ​ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ។ បន្ទាប់​ពី​នេះ គណៈ​ប្រតិភូ​នឹង​ជ្រើស​តាំង​សមាជិក​ការិយាល័យ​នយោបាយ​ចំនួន​១៦នាក់ ​ដែល​ពួកគេ​ត្រូវ​បំពេញ​ការងារ​គ្រប់គ្រង​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​វៀតណាម។ គេ​រំពឹង​ថា ការិយាល័យ​នយោបាយ​អាច​នឹង​ពង្រីក​សមាជិក​របស់​ខ្លួន​រហូត​ដល់​ទៅ​១៨នាក់​សម្រាប់​ឆ្នាំ​នេះ។

ក្នុង​ចំណោម​សមាជិក​នៃ​ការិយាល័យ​នយោបាយ​ទាំង​អស់​ សមាជិក​ម្នាក់​នឹង​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​បក្ស ​ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ប្រទេស​វៀតណាម។ ហើយ​សមាជិក​បី​នាក់​ផ្សេង​ទៀត​នឹង​ត្រូវបាន​ជ្រើសតាំង​តាម​ឋានៈ​សម្រាប់​មុខ​តំណែង​ជា ​នាយក​រដ្ឋមន្ត្រី ​ប្រធានា​ធិបតី ​និង​ប្រធាន​រដ្ឋសភា។

លោក Nguyen Tan Dung ​ដែល​បានឡើង​ឋានៈ​ជាបន្ត​បន្ទាប់​តាម​រយៈ​បក្ស​ហើយ​ដែល​បាន​កាន់​មុខ​តំណែង​ខ្ពស់​នោះ ​បាន​ធ្វើ​ជា​នាយករដ្ឋ​មន្ត្រី​វៀតណាម​ក្នុង​រយៈពេល​ពីរ​អណត្តិ។ នេះ​មាន​ន័យ​ថា​ លោក​មិន​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អណត្តិ​ទី៣​បាន​ឡើយ។ ដូច្នេះ មុខ​តំណែង​ដែល​លោក​អាច​នឹង​ទទួល​បាន​តែ​មួយ​គត់​នោះ​ គឺ​តំណែង​ជា​អគ្គលេខា​ធិការ​បក្ស។

កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​លោក​បាន​ជួយ​ឲ្យ​ប្រទេស​វៀតណាម​ទាក់ទាញ​ការ​វិនិយោគ​ទុន​ពី​បរទេស​ដ៏​ច្រើន ​ហើយ​ជួយ​ឲ្យ​ចំនួន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​វៀតណាម​មាន​ចំនួន​២.១០០​ដុល្លារ​អាមេរិក​ ក្នុង​អំឡុង​ពេល​ជាង​១០ឆ្នាំ​កន្លង​ទៅ​នេះ។

ក្រុម​អ្នក​គាំទ្រ​របស់​លោក Nguyen Phu Trong ​បាន​ចោទ​ប្រកាន់​លោក​ Nguyen Tan Dung ​ពី​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ល្អ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ​នៃ​ការ​ដួល​រលំ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​Vinashin ​របស់​រដ្ឋាភិបាល​វៀតណាម ​និង​ពី​ការ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​បំណុល​ដ៏​ធំ​របស់​ពលរដ្ឋ ​បណ្តែត​បណ្តោយ​ឱ្យ​មាន​អំពើ​ពុក​រលួយ ​និង​ការ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្ចី​មិន​ដំណើរការ​ពី​ធនាគារ​របស់​រដ្ឋ។

ប្រទេស​វៀតណាម​គឺជា​ប្រទេស​មួយ​ដែល​កាន់​របប​កុម្មុយនិស្ត​នៅ​ក្នុង​ពិភពលោក ​ដែល​មាន​សមាជិក​បក្ស​សរុប​ចំនួន​៤លាន​៥សែន​នាក់។ ប៉ុន្តែ ​ដូចគ្នា​នឹង​សម្ព័ន្ធ​មិត្ត​ចិន​របស់​ខ្លួន ​វៀតណាម​ជឿ​លើ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ​និង​ការ​គ្រប់គ្រង​ប្រទេស​បែប​តឹងរ៉ឹង ដែល​បាន​អនុវត្ត​ប្បញ្ញត្តិ​ហាម​ឃាត់​ជា​ច្រើន​លើ​ប្រជាជន​ប្រមាណ​៩៣​លាន​នាក់៕

ប្រែសម្រួល​ដោយ​នាង​ ទែន សុខស្រីនិត ​និង​ លោក​សាយ មុន្នី​

XS
SM
MD
LG