ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​តប់​លើ​សកម្មជន​សិទ្ធិមនុស្ស​វៀតណាម​បង្ហាញ​ពី​បញ្ហា​សិទ្ធិការងារ​ក្នុង​កិច្ច​ព្រមព្រៀង​ TPP


សកម្មជន​សិទ្ធិការងារវៀតណាម​ អ្នកស្រី Do Thi Minh Hanh។
សកម្មជន​សិទ្ធិការងារវៀតណាម​ អ្នកស្រី Do Thi Minh Hanh។

សកម្មជន​ការងារ​វៀត​ណាម​ម្នាក់ ​បាន​ចោទ​ប្រកាន់​ពួក​អាជ្ញាធរ​ថា​ បាន​វាយ​តប់​ហើយ​និង​ឃុំ​ឃាំង​អ្នកស្រី​ បន្ទាប់​ពី​អ្នកស្រី​និយាយ​ជាមួយ​ពួក​កម្មករ​ដែល​គេ​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ក្នុង​ខេត្ត​ឡុង​ អាន​ (Long An) ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង។

អ្នកស្រី ​Do Thi Minh Hanh​ គឺ​ជា​អ្នកគាំទ្រ​សិទ្ធិ​ការងារ​ជា​យូរ​ណាស់​មក​ហើយ ​ដែល​កាល​ពី​ពេល​មុន អ្នកស្រីធ្លាប់​ត្រូវ​បាន​ពួក​អាជ្ញាធរ​ចាប់​ដាក់​គុក​ដោយ​សារ​ជួយ​រៀប​ចំ​កូដកម្មការ​ងារ។ អ្នក​ស្រី​បាន​និយាយ​ថា អ្នកស្រី ​បាន​ត្រូវ​គេ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទអស់​រយៈ​ពេល​១៣ម៉ោង​ដោយ​គ្មាន​ផ្តល់​មូលហេតុ​អ្វីទាំង​អស់។

អ្នកស្រី Hanh ​បាន​និយាយ​ថា៖ «នៅទី​បញ្ចប់ ​ពួកគេ​បាន​ប្រគល់​ក្រដាស​ស្នាមដោយ​និយាយ​ថា ​ខ្ញុំ​បាន​រំលោភ​នីតិ​វិធី​រដ្ឋ​បាល ​ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា​លើ​ក្រដាស​ស្នាម​នោះ ​ក៏ប៉ុន្តែ ​ខ្ញុំ​បាន​បដិសេធ។ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ជាជន​រងគ្រោះ​នៃការ​ចាប់​ខ្លួន​ខុស​ច្បាប់​នេះ។​ ខ្ញុំត្រូវ​បានគេ​អូស​ចេញ​ពី​ពួក​កម្មករ ​ហើយ​គេ​បាន​វាយ​តប់​មុខ​និង​ក្បាល​របស់​ខ្ញុំ ​ហើយ​បាន​ខ្ទប់​ផ្លូវ​ដក​ដង្ហើម​របស់​ខ្ញុំ‍»។

សកម្មជន​រូប​នេះ​បាន​និយាយ​ទៀត​ថា របស់​របរ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ហើយ​និង​ខិតប័ណ្ណដែល​គាំទ្រ​សិទ្ធិការងារ ​បាន​ត្រូវ​គេ​ដក​យក។

អ្នកស្រី ​Hanh សហស្ថាបនិក​សហព័ន្ធ​សហជីព​វៀត​ណាម​សេរី ​និង​សកម្មជន​ម្នាក់​ទៀត​មាន​ឈ្មោះ​ថា Troung Minh Duc បាន​និយាយ​ថា ​ពួក​អស់​លោក​បាន​មក​គាំទ្រ​និង​ផ្តល់​យោបល់​ដល់​ពួក​កម្មករ​រាប់​សិប​នាក់​ដែល​អះអាង​ថា​ ពួកគេត្រូវបាន​ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ​បរទេស​បណ្តេញ​ចេញ​ដោយ​ខុស​ច្បាប់។

ប្រធាន​ស្ថានីយ​ប៉ូលិស​ Long Binh ​ជាទី​កន្លែង​ដែល​មាន​សេចក្តី​រាយការណ៍​ថា អ្នកស្រី Hanh ​និង​លោក​ Duc​ បាន​ត្រូវ​បង្ខាំងទុក​នោះ​ ​មិន​អាច​ទាក់​ទង​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បានទេ៕

ការ​ចោទ​ប្រកាន់ ​បាន​កើត​មាន​ឡើងតែ​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​ បន្ទាប់​ពី​ការ​ចេញ​ផ្សាយកិច្ចព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វីក (TPP) ​រវាង​វៀត​ណាម​និង​សហរដ្ឋ​អាមេរិកដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​អនុម័ត​ច្បាប់​ដែល​ធានាសិទ្ធិ​របស់​កម្មករ​ដើម្បីបង្កើត​និង​ចូលរួម​សហជីព​ដោយ​សេរីដែលខ្លួនបាន​ជ្រើស​រើស។

អង្គការ​សហព័ន្ធ​សហជីព​វៀត​ណាម​ដែល​រដ្ឋាភិបាល​គាំទ្រ ដែល​ពួក​សកម្ម​ជន​ចោទ​ប្រកាន់​ថា​គាំទ្រ​ក្រុមហ៊ុន​និង​ម្ចាស់​រោង​ចក្រ​នោះ​ គឺជា​សហជីព​ត្រឹមត្រូវ​តាម​ច្បាប់​តែ​មួយ​គត់​សម្រាប់​កម្មករ​វៀត​ណាម។

ប្រទេស​នៃ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ចំនួន​១២ ​រួមមាន​វៀត​ណាម​ផង​ដែរ​ ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ស្តី​ភាព​ជា​ដៃ​គូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក (TPP) កាល​ពី​ខែ​មុន។​

ក៏ប៉ុន្តែ ​សន្ធិសញ្ញា​ប្រវត្តិសាស្រ្ត​នេះ​ ​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ក្នុង​សភាស​ហរដ្ឋ​អាមេរិក​ ដែល​នៅ​ទី​នោះ​សមាជិក​សភា​ខ្លះ​បាន​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​របស់​ខ្លួនថា​ ការងារ​ជា​ច្រើន​ត្រូវ​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​នានា​ដែល​សិទ្ធិ​សហជីព​និង​កម្ម​ក​មាន​ភាព​ទន់​ខ្សោយ។

​ថ្លែង​ទៅ​កាន់សភា​កាល​ពី​សប្តាហ៍​មុន ​នាយករដ្ឋ​មន្រ្តី​វៀតណាម​ Nguyen Tan Dung ​បាន​និយាយ​ថា វៀត​ណាម​និង​ប្រទេស​ផ្សេង​ទៀត ​ត្រូវ​តែ​គោរព​លក្ខខណ្ឌ​របស់​កិច្ច​ព្រម​ព្រៀង​ TPP ​ដែល​ទាក់​ទិន​នឹង​សិទ្ធិ​កម្មករ។

ក៏ប៉ុន្តែ ​អ្នកស្រី ​Hanh ​បាន​និយាយ​ថា ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​កម្មករ ​ជាដំណើរ​ការ​ដ៏​យូរ​អង្វែង​មួយ ​ហើយ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​បាន​ភ្លាមៗ​ទេ។

លោក ​Brad Adams ​នាយកអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​វៀត​ណាម​ហាក់​ដូចជាធ្វើ​ឲ្យ​ល្អ​មើល​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា ​TPP ​ក៏ប៉ុន្តែ ​ក្រោយ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ត្រូវ​ចុះ​ហត្ថលេខា វៀត​ណាមបាន​ចាប់​ផ្តើម​ចាត់​វិធានការ​រឹត​បន្តឹង​លើ​ពួក​អ្នករឹះគន់។

រដ្ឋាភិបាល​ទីក្រុង​ហាណូយ ​មិន​បាន​ឆ្លើយ​តប​ដល់​អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ញូយ៉ក​នោះ​ទេ ​ក៏ប៉ុន្តែ​បាន​និយាយ​ថា ​កាល​ពី​អតីតកាល ​សេរីភាព​នោះ ​បាន​ត្រូវ​ការពារ។

យោង​តាម​ស្ថិតិ​ផ្លូវការ ការ​ធ្វើ​កូដកម្ម​ដែល​គ្មាន​ការ​អនុញ្ញាត​រាប់​រយ​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​វៀត​ណាមកាល​ពី​ឆ្នាំ​ទៅ​ ដែល​កើត​មាន​ដោយ​សារ​បញ្ហា​ប្រាក់​ឈ្នួល​និង​កិច្ច​សន្យា៕

XS
SM
MD
LG