ទោះបីជាមានភាពប្រសើរឡើងជាច្រើននៅតាមប្រទេសមួយចំនួនដូចជាចិន និងកូរ៉េខាងត្បូងជាដើម អង្គការសុខភាពពិភពលោកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការឆ្លងរាលដាលមេរោគកូរ៉ូណាថ្មីគឺ «មិនទាន់ចប់» នៅឡើយទេ នៅក្នុងតំបន់។
លោកវេជ្ជបណ្ឌិត Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «នេះគឺជាការវាយប្រយុទ្ធរយៈពេលវែង ហើយយើងមិនអាចធ្វេសប្រហែសនោះទេ។ យើងត្រូវការប្រទេសនីមួយៗបន្តទប់ទល់នឹងជំងឺនេះ អាស្រ័យទៅតាមស្ថានភាពរបស់ពួកគេ»។
ប្រទេសចិនបានរាយការណ៍ករណីស្លាប់ថ្មីមួយករណីទៀត និងករណីឆ្លងថ្មី ៤៨ ករណីទៀតនៅថ្ងៃអង្គារនេះ ដែលការឆ្លងទាំងនេះមិនមែនជាការឆ្លងតាមមូលដ្ឋាននោះទេ។ ចំណែកឯប្រទេសកូរ៉េខាងត្បូងវិញ បានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ១២៥ ករណីទៀត។
លោក Michael Ryan ប្រធានប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក បាននិយាយថា មន្ត្រីនានាសង្ឃឹមថា បណ្ដាប្រទេសមួយចំនួនដែលរងការប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺ COVID-19 នៅពេលបច្ចុប្បន្ននេះ ដូចជាអ៊ីតាលី និងអេស្ប៉ាញជាដើម នឹងឃើញស្ថានការណ៍នេះប្រសើរឡើងវិញជាមិនខាននៅពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ លោកបាននិយាយថា មេរោគនេះនឹងមិនបញ្ឈប់ដោយខ្លួនឯងនោះទេ ដោយតម្រូវឲ្យរដ្ឋាភិបាលនានាចាត់វិធានការ «កាត់បន្ថយ» ការឆ្លង៕