តុលាការនៅភាគខាងត្បូងនៃប្រទេសវៀតណាមបានសម្រេចតាមសាលក្រមរបស់តុលាការជាន់ទាបកាត់ទោសសកម្មជនរិះគន់មិនសំចៃ និងបាតុករប្រឆាំងចិនឈ្មោះ អ្នកស្រី Bui Thi Minh Hang និងមនុស្ស២នាក់ទៀតក្នុងការបង្ក្រាបចុងក្រោយបំផុតទៅលើក្រុមប្រឆាំង។
អ្នកសង្កេតការណ៍នានានិយាយថា លទ្ធផលនៃការប្តឹងឧទ្ធរណ៍របស់អ្នកស្រី Bui Thi Minh Hang និងសកម្មជន២នាក់ផ្សេងទៀតនៅក្នុងខេត្ត Dong Thap នៅដែនដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាម មិននាំឲ្យមានការភ្ញាក់ផ្អើលទេ។ អ្នកស្រី Hang ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំកាលពីខែសីហា ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ ដោយបង្កើតការរំខានធ្ងន់ធ្ងរដល់ចរាចរណ៍។ សកម្មជនពីរនាក់ទៀតក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដែរ។ Nguyen Thi Thuy Quynh ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយនិង Nguyen Van Minh អ្នកកាន់ព្រះពុទ្ធសាសនាតាមរបៀប Hao Hao ត្រូវកាត់ទោសជាប់ពន្ធនាគារ២ឆ្នាំកន្លះ។
អ្នកទាំងបីនេះនៅក្នុងចំណោមមនុស្ស២១នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែកុម្ភៈ នៅពេលពួកគេជិះម៉ូតូពីក្រុងហូជីមិញទៅខេត្ត Dong Thap ដើម្បីទៅសួរសុខទុក្ខអតីតអ្នកទោសនយោបាយម្នាក់។ អ្នកផ្សេងទៀតក្នុងក្រុមនេះត្រូវដោះលែងនៅថ្ងៃបន្ទាប់មក។
លោក Tran Bui Trung កូនប្រុសរបស់អ្នកស្រី Hang និយាយថា មនុស្សចំនួន១៩នាក់ ដែលបានទៅតុលាការដើម្បីបង្ហាញការគាំទ្ររបស់គេសម្រាប់ម្តាយរបស់គាត់ ត្រូវប៉ូលិសឃាត់ខ្លួន។
លោកនិយាយថា មិនទាន់មានព័ត៌មាននៅឡើយទេថា ពួកគេនឹងទៅជាយ៉ាងណាទេ។
ដោយស្លៀកពាក់សម្លៀកបំពាក់អាវផាយ ដែលជាសម្លៀកបំពាក់ប្រពៃណីវៀតណាម និងស្រែកពាក្យស្លោកដោយរំជួលចិត្តនោះ អ្នកស្រី Hang គឺជាអ្នកដែលគេស្គាល់មុខច្រើននៅក្នុងបាតុកម្មប្រឆាំងចិននៅក្នុងរដ្ឋធានី។ អ្នកស្រីក៏ត្រូវគេស្គាល់ថា ជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ ដោយអ្នកស្រីបានបង្ហោះរូបថត និងភ្ជាប់ Facebook របស់អ្នកស្រី ទៅករណីជាច្រើន សង្ស័យពីបទរំលោភបំពាន មានដូចជាសិទ្ធិកាន់កាប់ដីធ្លីរហូតដល់សិទ្ធិខាងជំនឿសាសនា និងសេរីភាពខាងនយោបាយ។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអាស៊ី Human Rights Watch, Asia បាននិយាយថា អ្នកស្រី Hang ជាអ្នកបង្កបញ្ហាដល់រដ្ឋាភិបាលវៀតណាម។ លោកនិយាយថា លោកមិនភ្ញាក់ផ្អើលទេដែលតុលាការសាលឧទ្ធរណ៍សម្រេចតាមសាលក្រមរបស់សាលាដំបូងនេះ។
លោកនិយាយថា៖
«តាមការវិភាគរបស់យើងអំពីអ្នកដែលត្រូវបន្ធូរបន្ថយទោសនៅពេលប្តឹងឧទ្ធរណ៍គឺអ្នកដែលរដ្ឋាភិបាលចាត់ទុកថា បានបង្ហាញការស្តាយក្រោយខ្លាំង អ្នកបានសារភាពថា បានធ្វើខុស ហើយត្រៀមខ្លួនធ្វើការជាមួយអាជ្ញារធរ។ ក្នុងករណីបែបនេះ យើងឃើញមានការបន្ធូរបន្ថយទោស»។
លោក Robertson និយាយថា ការប្រើបទចោទប្រកាន់ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈនេះ គឺអាជ្ញាធរអាចនឹងព្យាយាមធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកស្រី Hang ប្រឡាក់ប្រឡូស។
«គេប្រហែលជាជឿថា រឿងនេះធ្វើឲ្យរដ្ឋាភិបាលមានពាក្យនិយាយថា អ្នកស្រី Hang មិនខុសពីជនល្មើសធម្មតាផ្សេងទៀតទេ។ វាជារឿងផ្សេង បើគេធ្វើការចោទប្រកាន់អ្នកស្រីតាមមាត្រា២៥៨ ឬការធ្វើចោទប្រកាន់ពីអ្វី ដែលបង្ហាញយ៉ាងច្បាស់ថា បទល្មើសនេះទាក់ទងនឹងសិទ្ធិមនុស្ស។ នេះជាផ្នែកមួយនៃល្បិចរៀបចំសាច់រឿងសម្រាប់ស្ថានការណ៍នេះ»។
ដូចគ្នានេះដែរ ក្នុងពេលពីរបីសប្តាហ៍កន្លងទៅនេះ អ្នកធ្វើគេហទំព័រផ្ទាល់ខ្លួន blogger ពីរនាក់ត្រូវបានចោទប្រកាន់ពីបទ«រំលោភបំពានសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់រដ្ឋ» តាមមាត្រា២៥៨នៃច្បាប់ព្រហ្មទណ្ឌ។
Nguyen Quang Lap កវី និងជាអ្នកនិពន្ធ ដែលបានសរសេរគេហទំព័រផ្ទាល់ខ្លួនឈ្មោះ Que Chao ត្រូវចាប់ខ្លួនកាលពីថ្ងៃសៅរ៍។
កាលពី១០ថ្ងៃមុខនោះ Hong Le Tho អ្នកសរសេរគេហទំព័រផ្ទាល់ខ្លួនឈ្មោះ Nguoi Lot Gach ដែលមានន័យថា អ្នករៀបឥដ្ឋ ក៏ត្រូវបានចាប់ខ្លួនដែរ។
លោក Robertson និយាយថា ការចាប់ខ្លួននោះបង្ហាញពីសកម្មភាពធ្វើមិនធម្មតា និងតាមទំនើងចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបអ្នកប្រឆាំង។
«ហេតុនេះហើយបានជាគេមានលក្ខណៈបត់បែន ធ្វើជាអ្នកតឹងតែង និងធ្វើដូចជារដ្ឋាភិបាលវៀតណាមគោរពច្បាប់អន្តរជាតិ ហើយប្រហែលជានៅពេលប្រជាជនមិនតាមដាន គេនឹងបង្ក្រាបយ៉ាងធ្ងន់ដៃជាថ្មីទៀត»។
ក្នុងឆ្នាំ២០១១ អ្នកស្រី Hang ត្រូវចាប់ខ្លួនបញ្ជូនទៅមណ្ឌលអប់រំកែប្រែឡើងវិញដើម្បីឃុំឃាំងរយៈពេល២ឆ្នាំ តែច្រើនខែក្រោយមកអ្នកស្រីត្រូវគេដោះលែង ក្រោយពីមានការតវ៉ាជាអន្តរជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយថា យ៉ាងតិចមានមនុស្ស៦៣នាក់ត្រូវឃុំឃាំងក្នុងពន្ធនាគារដោយសារការបញ្ចេញមតិខាងនយោបាយដោយសន្តិវិធីក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០១៣។ រដ្ឋាភិបាលនិយាយថា មានតែអ្នកធ្វើខុសច្បាប់ទេដែលត្រូវឃុំឃាំងនោះ មិនមែនរដ្ឋាភិបាលឃុំឃាំងមនុស្សដែលសម្តែងមតិរបស់ខ្លួនដោយសន្តិវិធីនោះទេ៕
លោកពិន ស៊ីសុវណ្ណប្រែសម្រួល