ប្រទេសវៀតណាមស៊ាំទៅនឹងភាពជាអ្នកទទួលការបញ្ជាទិញ។ ក្រុមហ៊ុនជាច្រើនដូចជា Nokia និង Samsung Electronics ប្រើប្រាស់កម្លាំងពលកម្មដែលមានតម្លៃទាបក្នុងប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដើម្បីដំឡើងគ្រឿងអេឡិកត្រូនិចប្រើប្រាស់សម្រាប់នាំចេញ។ ការវិនិយោគពីក្រៅប្រទេសទាំងនោះបានផ្ដល់ឲ្យវៀតណាមបន្តិចម្ដងៗនូវការផ្គត់ផ្គង់ គ្រឿងបន្លាស់ និងចំណេះដឹងដែលចាំបាច់សម្រាប់ឲ្យក្រុមហ៊ុនក្នុងស្រុកអាចផលិតទូរស័ព្ទទំនើបដោយខ្លួនឯង។
ក្នុងករណីល្បីមួយគឺថា ផ្នែកមួយនៃក្រុមហ៊ុនអចលនទ្រព្យ Vingroup និងបណ្ដុំក្រុមហ៊ុនលក់រាយមួយ បានចាប់ផ្ដើមលក់ទូរស័ព្ទកាលពីខែធ្នូកន្លងទៅ ដោយមានផែនការចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអេស្ប៉ាញ ដើម្បីពង្រីកផលិតកម្មនៅក្នុងរយៈពេល២ឆ្នាំទៀត។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សព្វផ្សាយក្នុងស្រុក។
ក្រុមអ្នកវិភាគក្នុងប្រទេសវៀតណាមនិយាយថា ក្រុមហ៊ុន Vingroup រំពឹងថានឹងមានសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកាន់តែខ្លាំងជាងមុន រួមទាំងមានកម្លាំងពលកម្មច្រើន ប៉ុន្តែក្រុមហ៊ុននេះត្រូវបង្ហាញថា ខ្លួនល្អជាងក្រុមហ៊ុនមុនៗដែលបានជួបបរាជ័យនៅក្នុងទីផ្សារក្នុងស្រុកព្រោះអ្នកកទិញទំនិញហាក់ដូចជាចូលចិត្តរបស់យីហោបរទេស។
លោក Frederick Burke ដែលជាដៃគូជាមួយក្រុមហ៊ុនច្បាប់ឈ្មោះថា Baker McKenzie ក្នុងទីក្រុងហូជីមិញ បាននិយាយថា៖ «ខ្ញុំគិតថា មានរបស់តូចៗកាន់តែច្រើនកំពុងត្រូវបានផលិតនៅវៀតណាម នៅពេលដែលជនជាតិតៃវ៉ាន់ កូរ៉េ និងអ្នកដទៃទៀតកំពុងប្តូរការផ្គត់ផ្គង់គ្រឿងបន្លាស់មកនៅទីនេះ»។
ការលក់យ៉ាងឆាប់រហ័សនូវទូរស័ព្ទផលិតក្នុងស្រុកនឹងជំរុញឲ្យសេដ្ឋកិច្ចវៀតណាមដែលផ្ដល់ប្រាក់ខែទាប និងអាស្រ័យលើកិច្ចសន្យា អាចឈានឡើងទៅខ្សែចង្វាក់តម្លៃ (value chain) ខ្ពស់ជាងមុន។
ទូរស័ព្ទ Q ចាកចេញ ទូរស័ព្ទ B ចូលមកជំនួស
ក្រុមហ៊ុនផលិតទូរស័ព្ទរបស់វៀតណាមបានសម្ពោធដាក់លក់ទូរស័ព្ទចល័តមួយចំនួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ដោយមានម៉ាកយីហោដូចជា Qphone និង Mobiistar។ ភាគច្រើននៃទូរស័ព្ទទាំងនេះបានបាត់បន្ដិចម្ដងៗ ឬបន្ថយចំនួនដោយសារតែផ្សាយផ្សាយផលិតផល (marketing) ទន់ខ្សោយ ឬខ្វះចំណេះដឹងអំពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ នេះបើតាមការលើកឡើងរបស់លោក Thanh Vo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា IDC Indochina មានមូលដ្ឋានក្នុងទីក្រុងហូជីមិញ។
កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុន BKAV Corp. ដែលផលិតទូរស័ព្ទលើតុ និងកម្មវិធីកុំព្យូទ័រ បានបង្កើតនូវអ្វីមួយដោយអ្នកប្រើប្រាស់និងអ្នកវិភាគបានចាត់ទុកថា អាចជាជោគជ័យដំបូងរបស់វៀតណាម។
គេហទំព័រសារព័ត៌មានក្នុងស្រុកឈ្មោះថា VietNamNet Bridge បានសរសេរក្នុងសេចក្តីរាយការណ៍កាលពីខែតុលាកន្លងទៅថា ផលិតផលដំបូងរបស់ក្រុមហ៊ុន BKAV Corp. គឺទូរស័ព្ទ Bphone និង Bphone 2 មិនត្រូវបានគេចាប់អារម្មណ៍មើលច្រើនទេ។ ប៉ុន្តែការបញ្ចេញទូរស័ព្ទម៉ាក BPhone 3 ដែលមានតម្លៃ ៣១៤ដុល្លារកាលពីឆ្នាំមុន ទទួលបានការកោតសរសើរក្នុងចំណោមអ្នកជំនាញ ដោយសារតែល្បឿនរបស់វា និងការធន់នឹងទឹក ដែលកត្តាទាំង២នេះ «ផ្ទុយពីការព្យាការណ៍ផ្សេងៗពីមុន»។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាយោបល់ផ្នែកវិនិយោគទុនវៀតណាម (Vietnam Investment Review) បានឲ្យដឹងថា ក្រុមហ៊ុន Vinsmart បានចុះកិច្ចព្រមព្រៀងកាលពីខែកក្កដា ជាមួយក្រុមហ៊ុន BQ របស់អេស្ប៉ាញដើម្បីចាប់ផ្ដើមផលិតទូរស័ព្ទទំនើបចំនួន៤ ក្រោមម៉ាក Vsmart កាលពីខែធ្នូ។ ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយលោក Pham Nhat Vuong អ្នកមានបំផុតនៅវៀតណាម គ្រោងនឹងផលិតទូរស័ព្ទចំនួន៥លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។
ក្រុមហ៊ុន Vingroup មិនបានឆ្លើយតបនឹងការស្នើសុំការបំភ្លឺក្នុងសម្រាប់អត្ថបទព័ត៌មាននេះទេ។
ប្រជាជាតិនៃរោងចក្រ
ការវិនិយោគពីក្រៅប្រទេសនៅក្នុងផលិតកម្មនៅវៀតណាម កំពុងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រមាណពី៦ទៅ៧ភាគរយជារៀងរាល់ឆ្នាំ។ ផលិតផលក្នុងស្រុកសរុបបានកើនឡើងជិត ៧.១ ភាគរយ កាលពីឆ្នាំ ២០១៨ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេល១១ឆ្នាំ។ ក្រុមហ៊ុន Samsung, LG Electronics, Nokia និងក្រុមហ៊ុន Intel គឺជាក្រុមហ៊ុនដែលបាន «បណ្ដាក់ទុនក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារ» នៅវៀតណាម។ នេះបើតាមក្រុមហ៊ុនពិគ្រោះយោបល់ Dezan Shira & Associates។ ការនាំចេញឧបករណ៍អេឡិកត្រូនិចបានកើនចំនួនលើសពីទំហំ ៤០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៧។
លោក Burke និយាយថា កាលពី៥ឆ្នាំមុន ការផលិតបន្ថែម (value added) ក្នុងស្រុកមានតែ ២ ភាគរយប៉ុណ្ណោះសម្រាប់គ្រឿងអេឡិចត្រូនិចដែលផលិតនៅវៀតណាម។ លោកថា ភាគរយនេះ មានកម្រិតខ្ពស់ជាងមុននាពេលបច្ចុប្បន្ន។ ទូរស័ព្ទរបស់ក្រុមហ៊ុន Vsmart នៅតែបន្តប្រើប្រាស់គ្រឿងបង្គុំពីបរទេស ប៉ុន្តែគេក៏ឃើញមានការប្រើប្រាស់សង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដ៏រឹងមាំផងដែរ។
ទូស័ព្ទម៉ាក B Phone 3s ដើរដោយប្រព័ន្ធ Qualcomm Snapdragon ហើយប្រើប្រាស់សំបកប្រភេទ Gorilla Glass ដែលជាផលិតផលរបស់ក្រុមហ៊ុន Corning។ ក្រុមហ៊ុនផ្គត់ផ្គង់ទាំង២នេះជាក្រុមហ៊ុនអាមេរិកាំង។
លោក Vo និយាយថា៖ «កម្លាំងពលកម្មសម្រាប់ផលិតទូរស័ព្ទក្នុងស្រុកគឺជាកម្លាំងក្នុងស្រុក។ តាមបទពិសោធន៍របស់ខ្ញុំ ក្រុមហ៊ុន Vingroup នឹងផ្ដល់ប្រាក់ខែខ្ពស់ដើម្បីនឹងទាក់ទាញធនធានមនុស្សមកពីក្រុមហ៊ុនដែលជាគូប្រជែងរបស់ខ្លួន»។
ក្រុមអ្នកទិញមានការស្ទាក់ស្ទើរ
ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចនឹងជួយពង្រីកពលរដ្ឋវណ្ណៈកណ្ដាលរហូតដល់ទៅប្រមាណ ១ភាគ៣ នៃចំនួនពលរដ្ឋវៀតណាមដែលមានសរុប ៩៦លាននាក់ នៅឆ្នាំក្រោយ។ ទ្រព្យសម្បត្តិថ្មីៗខ្លះ នៅក្នុងប្រទេសដែលមានមនុស្សស្ទើរតែគ្រប់គ្នាកាន់ទូរស័ព្ទទំនើបសូម្បីអ្នកនេសាទនិងអ្នកប្រមូលសំរាមនេះ នឹងត្រូវចាយវាយសម្រាប់ទិញទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុនបរទេសដូច Samsung និងក្រុមហ៊ុន Apple។
កុមារ Phuong Hong អាយុ ១០ឆ្នាំ ដែលប្រើទូរស័ព្ទ iPhone រស់នៅទីក្រុងហូជីមិញ បាននិយាយថា៖ «ខ្ញុំមិនចាប់អារម្មណ៍ទូរស័ព្ទរបស់វៀតណាមទេ ដោយសារតែទូរស័ព្ទ B Phone បានចេញលក់កាលពីពីរបីឆ្នាំកន្លងទៅ ហើយគុណភាពក៏មិនល្អ»។
ប៉ុន្តែ លោក Burke និយាយថា អ្នកប្រើប្រាស់ដែលចូលចិត្តទិញទូរស័ព្ទមានតម្លៃទាបផលិតដោយក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Oppo និង Huawei អាចនឹងពិចារណាម៉ាកទូរស័ព្ទដែលផលិតក្នុងស្រុក ដែលមានតម្លៃប្រហាក់ប្រហលែគ្នា។
លោក Vo និយាយថា ដោយសារតែអ្នកប្រើប្រាស់ជាធម្មតាសម្រេចចិត្តទិញទូរស័ព្ទដោយសារការរចនាម៉ូត និងតម្លៃជាជាងគិតលើប្រទេសផលិត ក្រុមហ៊ុនផលិតទូរស័ព្ទវៀតណាមត្រូវតែបន្ថែមការធ្វើសកម្មភាពផ្នែកផ្សព្វផ្សាយទីផ្សារ និងគិតមុនទៅលើផលិតផលដែលអ្នកប្រើប្រាស់ក្នុងស្រុកចង់បាន។ ពលរដ្ឋវៀតណាមស្វែងរកទូរស័ព្ទដែលថោក ក្នុងតម្លៃប្រហែល២០០ដុល្លារ។
លោក Kevin Snowball ប្រធានប្រតិបត្តិនៃក្រុមហ៊ុនចាត់ចែងទ្រព្យសម្បត្តិ PXP Vietnam Asset Management ក្នុងទីក្រុងហូជីមិញ បាននិយាយថា៖ «យើងបានឃើញមនុស្សជាច្រើនសាកល្បងហើយបរាជ័យ ដូច្នេះគេត្រូវតែរក្សាគំនិតថា តើពលរដ្ឋវៀតណាមចង់ទិញទូរស័ព្ទ Vinsmart ជាងទូរស័ព្ទរបស់ក្រុមហ៊ុនដូចជា Samsung ឬក្រុមហ៊ុន Apple ឬទេ?»៕
ប្រែសម្រួលដោយ នៀម ឆេង