ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​នៅតែ​មាន​អាទិភាព​​នៅ​ក្នុង​​ប្រព័ន្ធ​សមភាព​យេនឌ័រ​របស់​​វៀតណាម


រូបភាពឯកសារ៖ ស្រ្តីនៅ​វៀតណាម​ត្រូវ​បាន​សង្គម​រំពឹង​ថា ត្រូវ​រក្សាលំនឹង​រវាង​សម្ផស្ស និង​ចរិយាសម្បត្តិ និង​ការ​ខិតខំប្រឹងប្រែង​ធ្វើ​ការ​ងារ។ 
រូបភាពឯកសារ៖ ស្រ្តីនៅ​វៀតណាម​ត្រូវ​បាន​សង្គម​រំពឹង​ថា ត្រូវ​រក្សាលំនឹង​រវាង​សម្ផស្ស និង​ចរិយាសម្បត្តិ និង​ការ​ខិតខំប្រឹងប្រែង​ធ្វើ​ការ​ងារ។ 

ប្រាក់​ចំណូល​ជា​មធ្យម​សម្រាប់​ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ចំនួន ២២៤ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ស្មើ​នឹង ៥ លាន ២ សែន​ដុង។

ប្រសិនបើ​សមភាព​ដែល​រួម​មាន​ទាំង​សមភាព​យេនឌ័រ​ផង​ដែរ​គឺ​ជា ​គោលការណ៍​ចម្បង​មួយ​របស់​លទ្ធិ​កុម្មុយនិស្ត​នោះ​សម្រាប់​អ្នក​ខ្លះ ពួកគេ​យល់​ថា សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ហាក់​ដូចជា ​ទទួល​បាន​ជោគជ័យ​សម្រាប់​មនោគមវិជ្ជា​ដំបូង​របស់​ខ្លួន។

ក្នុង​ចំណោម​ប្រជាជន ១ រយ​លាន​នាក់​នៃ​ប្រទេស​វៀតណាម គេ​ឃើញ​ស្ត្រី​មាន​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​មិន​ថា ​ពួកគេ​ធ្វើ​ការ​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ល្បីៗ អ្នក​ដឹកនាំ​ក្រសួង​រដ្ឋាភិបាល​នានា ឬ​ក៏​អ្នក​ដឹកនាំ​គ្រួសារ​ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ​នោះ​ទេ។

គេ​ក៏​ឃើញ​ស្ត្រី​វៀតណាម​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​គេ​តែងតែ​ចាត់ទុក​ថា​ជា​ការងារ​របស់​បុរស​ផង​ដែរ​ដូចជា ​ការងារ​សំណង់ ការងារ​បើក​រថយន្ត​តាក់ស៊ី ឬ​ក៏​ការងារ​ជា​នគរបាល​ជា​ដើម។

ប៉ុន្តែ​នៅ​ពេល​ដែល​ពិចារណា​គ្រប់​ទិន្នន័យ​ទាំង​អស់​ដែល​បង្ហាញ​ថា​ ប្រទេស​វៀតណាម​នាំ​មុខ​បណ្ដា​ប្រទេស​ភាគ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​នៅ​ក្នុង​ផ្នែក​សមភាព​យេនឌ័រ ដូចជា​ភាគរយ​នៃ​ស្ត្រី​ដែល​ធ្វើ​ការ ឬ​ក៏​ដែល​កាន់​តំណែង​ផ្នែក​គ្រប់គ្រង​ជា​ដើម នោះ​វា​ងាយស្រួល​នឹង​មើល​រំលង​ការពិត​ដែល​ថា បុរស​នៅតែ​មាន​អាទិភាព​នៅ​ក្នុង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម។

ប្រាក់​ចំណូល​ជា​មធ្យម​សម្រាប់​ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​ចំនួន ២២៤ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ដែល​ស្មើ​នឹង ៥ លាន ២ សែន​ដុង។ នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិនា​ដោយ​ក្រុមហ៊ុន Adecco Vietnam ដែល​ជា​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក។ ប្រាក់​ចំណូល​កម្រិត​នេះ​គឺ​ស្មើ​តែ ៨១ ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំណូល​ជា​មធ្យម​របស់​បុរស។

បន្ថែម​ទៅ​នឹង​គម្លាត​ប្រាក់​ចំណូល​នេះ ក៏​មាន​បញ្ហា​នៃ​ការ​ធ្វើ​ការ​មិន​បាន​ប្រាក់​ចំណូល​ផង​ដែរ។ ក្រៅ​ពី​ចំណាយ​ពេល​ចេញ​ទៅ​ធ្វើ​ការ​រក​ចំណូល ស្ត្រី​វៀតណាម​ចំណាយ​ពេល ៥ ម៉ោង​បន្ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ​ធ្វើ​កិច្ចការ​ផ្ទះ​សម្បែង​ដូចជា​ការ​បោស​សម្អាត​ផ្ទះ​សម្បែង ឬ​ក៏​ការ​មើល​ថែ​រក្សា​សមាជិក​គ្រួសារ​ដែល​មាន​ជំងឺ​ផង​ដែរ។

អ្នកស្រី Nguyen Hong Phuong ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Adecco Vietnam និយាយ​ថា៖ «មួយ​ថ្ងៃ​មាន​តែ ២៤ ម៉ោង​ប៉ុណ្ណោះ ដែល​យើង​ត្រូវ​បែងចែក​សម្រាប់​ការងារ គ្រួសារ និង​ខ្លួន​ឯង។ ជា​ទូទៅ​វា​មិន​ងាយស្រួល​ក្នុង​ការ​បែងចែក​ពេលវេលា​ឲ្យ​បាន​ស្មើ​គ្នា​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព និង​ការ​ផ្ដល់​អាទិភាព​លើ​អ្វី​ដែល​សំខាន់​គឺ​ជា​គន្លឹះ​នៅ​ក្នុង​ការ​បែងចែក​ពេលវេលា​ឲ្យ​បាន​ស្មើ​គ្នា​សម្រាប់​ការងារ គ្រួសារ និង​ខ្លួន​ឯង‍»។

ទោះ​បីជា​បុរស​បាន​ចាប់ផ្ដើម​កែប្រែ​ស្ថានការណ៍​នេះ​ឲ្យ​បាន​ប្រសើរ​ក៏​ដោយ ក៏​ពួកគេ​នៅតែ​ពេញចិត្ត​ជាមួយ​នឹង​មោទនភាព​នៃ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​គ្រួសារ​ដដែល។ សម្រាប់​បុរស ផល​ប្រយោជន៍​សម្រាប់​ពួកគេ​គឺ​ មាន​តាំង​ពី​មុន​ពេល​ពួកគេ​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ទៅ​ទៀត ដោយសារតែ​ឪពុក​ម្ដាយ​ចូលចិត្ត​កូន​ប្រុស​ជាង​កូន​ស្រី ហើយ​ឪពុក​ម្ដាយ​មិន​រំពឹង​ឲ្យ​កូន​ប្រុស​ជួយ​កិច្ចការ​ផ្ទះ​នៅ​ពេល​ពួកគេ​នៅ​ជា​កុមារ​នោះ​ទេ ហើយ​មួយ​វិញ​ទៀត នៅ​ពេល​ធំ​ពេញ​វ័យ​និង​មាន​គ្រួសារ ពួកគេ​ត្រូវ​បាន​ភរិយា​ជា​អ្នក​មើល​ថែ​រក្សា​ពួកគេ បន្ទាប់ពី​ម្ដាយ​របស់​ពួកគេ​មើល​ថែ​ពួកគេ​កាល​ពី​នៅ​កុមារ​មក។

អត្រា​បុរស​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​មាន​ចំនួន ៧៣,៩ ភាគរយ ចំណែក​ឯ​ស្ត្រី​វិញ​មាន​ចំនួន ៦៧,៧ ភាគរយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Adecco Vietnam។ ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​សម្ភាសន៍​ការងារ និយោជក​មិន​មែន​សួរ​បេក្ខជន​ដែល​ជា​ស្ត្រី​អំពី​បទ​ពិសោធន៍​ការងារ ឬ​ក៏​គោល​បំណង​វិជ្ជាជីវៈ​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​សួរ​អំពី​គម្រោង​រៀបការ និង​គម្រោង​គ្រួសារ​របស់​ពួកគេ ដោយសារតែ​ក្រុមហ៊ុន​នឹង​មិន​ចំណេញ​នោះ​ទេ​នៅ​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់​ដែល​នៅ​ទី​បំផុត​មាន​ផ្ទៃ​ពោះ និង​សម្រាក​ពី​ការងារ​នោះ។

រូបឯកសារ៖ ស្រ្តី​វៀតណាម​ធ្វើ​ការ​ចំនួន​ប្រាំ​ម៉ោង​ប្រចាំ​ថ្ងៃ​ដោយ​មិនមាន​ប្រាក់​កម្រៃ​ ដែល​មាន​ចាប់​ពី​ការ​ទិញ​ឥវ៉ាន់​រហូត​ដល់​ការ​មើល​ថែ​កូន គួប​ផ្សំ​នឹង​ការងារ​គោល​របស់​ពួកគេ។
រូបឯកសារ៖ ស្រ្តី​វៀតណាម​ធ្វើ​ការ​ចំនួន​ប្រាំ​ម៉ោង​ប្រចាំ​ថ្ងៃ​ដោយ​មិនមាន​ប្រាក់​កម្រៃ​ ដែល​មាន​ចាប់​ពី​ការ​ទិញ​ឥវ៉ាន់​រហូត​ដល់​ការ​មើល​ថែ​កូន គួប​ផ្សំ​នឹង​ការងារ​គោល​របស់​ពួកគេ។

អត្រា​បុរស​ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​មាន​ចំនួន ៧៣,៩ ភាគរយ ចំណែក​ឯ​ស្ត្រី​វិញ​មាន​ចំនួន ៦៧,៧ ភាគរយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Adecco Vietnam។ ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​សម្ភាសន៍​ការងារ និយោជក​មិន​មែន​សួរ​បេក្ខជន​ដែល​ជា​ស្ត្រី​អំពី​បទ​ពិសោធន៍​ការងារ ឬ​ក៏​គោល​បំណង​វិជ្ជាជីវៈ​របស់​ពួកគេ​នោះ​ទេ ប៉ុន្តែ​សួរ​អំពី​គម្រោង​រៀបការ និង​គម្រោង​គ្រួសារ​របស់​ពួកគេ ដោយសារតែ​ក្រុមហ៊ុន​នឹង​មិន​ចំណេញ​នោះ​ទេ​នៅ​ក្នុង​ការ​ជ្រើសរើស​នរណា​ម្នាក់​ដែល​នៅ​ទី​បំផុត​មាន​ផ្ទៃ​ពោះ និង​សម្រាក​ពី​ការងារ​នោះ។

ដោយ​ជា​សញ្ញា​ដែល​បង្ហាញ​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដែល​ធ្លាក់​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម អាទិភាព​ចម្បង​មួយ​សម្រាប់​ស្ត្រី នៅ​ពេល​ពួកគេ​ស្វែង​រក​ក្រុមហ៊ុន​ធ្វើ​ការ គឺ​ថា​តើ​ក្រុមហ៊ុន​នោះ​មាន​គោល​នយោបាយ​ឈប់​សម្រាក​មាតុភាព​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ USAID បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិនា​កន្លង​ទៅ​នេះ។

ករណី​នេះ​គឺ​ផ្ទុយ​ពី​ប្រទេស​ហ្វីលីពីន ដែល​នៅ​ទី​នោះ ស្ត្រី​ដែល​ត្រូវ​បាន​គេ​ស្ទង់​មតិ​បាន​និយាយ​ថា ពួកគេ​ចង់​បាន​កម្មវិធី​នៃ​ការ​ធ្វើ​ការ​ដែល​អាច​បត់បែន​បាន ដូចជា​ធ្វើ​ការ​ពី​ផ្ទះ​ជា​ដើម។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​ដោយ​កម្មវិធី USAID Green Invest Asia និង​ក្រុមហ៊ុន Moxie Future ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។

ដូច​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ដែរ ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​ទទួល​រង​ធ្ងន់​នូវ​ភាព​ក្រីក្រ និង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​នានា។ ដោយសារ​ហេតុ​នេះ​ហើយ​ទើប​មាន​កម្មវិធី​មួយ​ចំនួន​ដូចជា​កម្មវិធី​បច្ចេកវិទ្យា​ដើម្បី​សមភាព​ជា​ដើម ដែល​ជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដឹកនាំ​ដោយ​គម្រោង​គំនិត​ផ្ដួចផ្ដើម​របស់​ស្ត្រី​សម្រាប់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី និង​សហគ្រិនភាព (Women's Initiative for Startups and Entrepreneurship)។

បេក្ខជន​អាច​ផ្ញើ​គម្រោង​ផ្ដួចផ្ដើម​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ជីវិត​របស់​ស្ត្រី​នៅ​តាម​តំបន់​ជនបទ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ដែល​មាន​ឱកាស​ឈ្នះ​រង្វាន់​រហូត​ដល់​ទៅ ៧ ពាន់​ដុល្លារ​អាមេរិក។

កន្លង​មក មាន​គម្រោង​ច្នៃ​ប្រឌិត​ថ្មី​មួយ​ចំនួន​ដូចជា​កម្មវិធី Safe Journey ជា​ដើម ដែល​នេះ​គឺ​ជា​កម្មវិធី​តាម​ឧបករណ៍​អេឡិចត្រូនិក​ចល័ត​មួយ ដែល​ជួយ​ពលករ​ចំណាក​ស្រុក​ស្វែង​រក​ការងារ​ធ្វើ និង​ផ្ទះ​សម្បែង​ស្នាក់នៅ ដោយសារតែ​ស្ត្រី​ជនបទ​ភាគ​ច្រើន​បាន​ផ្លាស់ទី​ទៅ​កាន់​តំបន់​ទីក្រុង​ដើម្បី​ស្វែង​រក​ការងារ និង​ផ្ញើ​លុយ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​កំណើត។

គម្រោង​ច្នៃ​ប្រឌិត​មួយ​ទៀត គឺ​គម្រោង​បង្កើត​កន្លែង​មួយ ដែល​កសិករ​ជនជាតិ​ភាគ​តិច​ដែល​ដាំ​ដំណាំ​តែ​អាច​ផលិត​ផលិតផល​តែ​របស់​ខ្លួន​ឲ្យ​បាន​តម្លៃ​ខ្ពស់។ ប្រទេស​អៀរឡង់ និង​អូស្ត្រាលី ដែល​ជា​ប្រទេស​ឧបត្ថម្ភ​គម្រោង​នេះ បាន​ប្រកាស​អំពី​អ្នក​ឈ្នះ​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ។

លោក Bui Te Duy អនុ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀតណាម បាន​និយាយ​នៅ​ឯ​ពិធី​ចាប់ផ្ដើម​ការ​ប្រកួត​ប្រជែង​នេះ​ថា៖ «គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ស្វែងរក និង​គាំទ្រ​ដល់​ដំណោះស្រាយ​ផ្ដួចផ្ដើម​ថ្មី​នានា ដើម្បី​ធានា​ថា ស្ត្រី និង​កុមារី​នៅ​តាម​តំបន់​ជនបទ​អាច​ចូលរួម និង​ទទួល​បាន​ជោគជ័យ​នៅ​កន្លែង​ធ្វើ​ការ និង​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច»។

មាន​គម្រោង​ជា​ច្រើន​ដែល​ដំណើរការ​ល្អ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ដោយសារ​មាន​ស្ត្រី​ចំនួន ៧១ ភាគរយ​ចូលរួម​នៅ​ក្នុង​វិស័យ​ការងារ ហើយ​តំណែង​ជា​នាយក​ប្រតិបត្តិ​ចំនួន ២៥ ភាគរយ គឺ​ជា​ស្ត្រី ប្រទេស​វៀតណាម​ប្រហែល​ជា​អាច​ផ្ដល់​ជា​គំនិត​មួយ​ចំនួន​អំពី​រឿង​សមភាព​នេះ​ដល់​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​បាន។

ជា​ទូទៅ ស្ត្រី​វៀតណាម​មាន​សិទ្ធិ​ឈប់​សម្រាក​មាតុភាព មាន​ការ​ការពារ​នៅ​កន្លែង​ធ្វើ​ការ​ទាក់ទិន​នឹង​ការ​មាន​ផ្ទៃ​ពោះ និង​ការ​មើល​ថែ​កូន មាន​អត្រា​ទាប​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​មាន​សេរីភាព​ជា​ទូទៅ​រួម​ទាំង​ការ​គោរព​ផង​ដែរ​នៅ​ក្នុង​សង្គម។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ លទ្ធផល​មួយ​ចំនួន​ទាំង​នេះ​របស់​ប្រទេស​វៀតណាម​មើល​ទៅ​ល្អ ដោយសារតែ​ប្រទេស​ផ្សេង​ទៀត​មិន​មាន​ដូច្នេះ។ សូម្បីតែ​ប្រទេស​សង្គម​និយម​ដូចជា​ប្រទេស​វៀតណាម​នេះ​ក៏​ដោយ ក៏​នៅ​ត្រូវការ​ពេល​វេលា​ដ៏​យូរ​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ​ដ៏​ពេញលេញ​មួយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG