ប្រទេសវៀតណាមបានរកឃើញវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីមួយប្រភេទ ដែលជាប្រភេទច្របាច់បញ្ចូលគ្នានៃវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃសៅរ៍ម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បាននិយាយថា អ្នកវិទ្យាសាស្ត្របានពិនិត្យលើគំរូហ្សែននៃវីរុសនេះ ដែលបានចម្លងដល់អ្នកជំងឺថ្មីៗមួយចំនួន និងបានរកឃើញទម្រង់ថ្មីនៃវីរុសនេះ។
លោកបានបញ្ជាក់ថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានបង្ហាញថា វីរុសបំប្លែងថ្មីនេះអាចចម្លងងាយស្រួលជាងវីរុសបំប្លែងថ្មីផ្សេងៗទៀតនៃជំងឺកូវីដ១៩។
ជារឿយៗ វីរុសបានបង្កើតនូវបម្រែបម្រួលហ្សែននៅពេលដែលវីរុសផលិតបរិមាណកាន់តែច្រើន។ វីរុសបំប្លែងថ្មីនានានៃវីរុសជំងឺកូវីដ១៩ ត្រូវបានគេរកឃើញតាំងពីវីរុសជំងឺកូវីដ១៩ ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ មក។
អង្គការសុខភាពពិភពលោក (WHO) បានកត់ត្រាវីរុសជំងឺកូវីដ១៩ បំប្លែងថ្មីចំនួន ៤ ប្រភេទ ដែល «គួរឲ្យព្រួយបារម្ភ» នៅលើពិភពលោក។ ក្នុងចំណោមនោះ ២ ប្រភេទ ត្រូវបានរកឃើញនៅចក្រភពអង់គ្លេសនិងនៅប្រទេសឥណ្ឌា និង ២ ប្រភេទទៀតត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូងនិងប្រទេសប្រេស៊ីល។
លោក Long បាននិយាយថា វីរុសបំប្លែងថ្មីបំផុតដែលរកឃើញនៅប្រទេសវៀតណាមនេះអាចជាវីរុសដែលធ្វើឲ្យករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ កើនឡើងខ្លាំងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសវៀតណាម។ ការចម្លងថ្មីៗលើកនេះបានរាលដាលដល់ទីក្រុងនិងខេត្តចំនួន ៣០ ក្នុងចំណោមទីក្រុងនិងខេត្តទាំង ៦៣ នៃប្រទេសវៀតណាម។
កាលពីដំបូង ប្រទេសវៀតណាមបានទទួលជោគជ័យយ៉ាងប្រសើរនៅក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ គិតត្រឹមដើមខែឧសភា ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ១៩ តែជាង ៣.១០០ ករណី និងករណីស្លាប់ដោយសារជំងឺនេះតែ ៣៥ ករណីប៉ុណ្ណោះ តាំងពីពេលដែលជំងឺនេះបានផ្ទុះឡើងដំបូងមក។
ប៉ុន្តែ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ថា ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ មានជាង ៣.៥០០ ករណី និងករណីស្លាប់ថ្មីមាន ១២ ករណី ដែលធ្វើឲ្យករណីស្លាប់សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកើនដល់ ៤៧ នាក់។
ភាគច្រើននៃការឆ្លងថ្មីៗត្រូវបានរកឃើញនៅក្នុងខេត្ត Bac Ninh និងខេត្ត Bac Giang ដែលជាខេត្តពីរដែលមានតំបន់ឧស្សាហកម្មជាច្រើន ដោយមនុស្សរាប់សែននាក់ធ្វើការឲ្យក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Samsung ក្រុមហ៊ុន Canon និងក្រុមហ៊ុន Luxshare ដែលជាក្រុមហ៊ុនដៃគូដំឡើងផលិតផលរបស់ក្រុមហ៊ុន Apple ជាដើម។
ទោះបីជាមានវិធានការសុខាភិបាលតឹងតែងក៏ដោយ ក៏ក្រុមហ៊ុនមួយនៅក្នុងខេត្ត Bac Giang បានរកឃើញថា កម្មករម្នាក់ក្នុងចំណោមកម្មករ ៥ នាក់ នៃកម្មករសរុបចំនួន ៤.៨០០ នាក់របស់ខ្លួន បានធ្វើតេស្តឃើញមានឆ្លងជំងឺកូវីដ១៩។
នៅក្នុងទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមដែលមានប្រជាពលរដ្ឋប្រមាណ ៩ លាននាក់រស់នៅ យ៉ាងហោចណាស់ ពលរដ្ឋ ៨៥ នាក់ បានធ្វើតេស្តឃើញថាឆ្លងជំងឺកូវីដ១៩។ ការឆ្លងនេះគឺជាផ្នែកមួយនៃការឆ្លងជំងឺកូវីដ១៩ នៅវិហារគ្រិស្តសាសនាប្រូតេស្តង់មួយកន្លែង។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម។
អ្នកគោរពបូជាសាសនាបានច្រៀងនិងបន្ទរចម្រៀងសាសនានៅពេលដែលពួកគេអង្គុយកៀកៗគ្នាដោយមិនបានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឬក៏មិនបានរក្សាវិធានការប្រយ័ត្នប្រយែងផ្សេងៗទៀត។
តាំងពីពេលនោះមក រដ្ឋាភិបាលវៀតណាមបានបញ្ជាឲ្យហាមឃាត់ពិធីសាសនាទាំងអស់នៅទូទាំងប្រទេស។ នៅតាមទីក្រុងធំៗ អាជ្ញាធរបានហាមឃាត់ការជួបជុំទ្រង់ទ្រាយធំ បិទឧទ្យានសាធារណៈនិងអាជីវកម្មមិនសូវចាំបាច់នានា ដែលក្នុងនោះរួមមានទាំងភោជនីយដ្ឋាន បារនីយដ្ឋាន ក្លឹបកម្សាន្ត និងកន្លែងស្ប៉ាផ្សេងៗផងដែរ។
កន្លងមក ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca ដល់ពលរដ្ឋប្រហែល ១ លាននាក់។ កាលពីសប្ដាហ៍មុន ប្រទេសនេះបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ៣០ លានដូសពីក្រុមហ៊ុន Pfizer ដែលគ្រោងនឹងបញ្ជូនទៅដល់ប្រទេសនេះនៅក្នុងត្រីមាសទី ៣ និងទី ៤ នៃឆ្នាំនេះ។ វៀតណាមក៏កំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុន Moderna ផងដែរ ដើម្បីទិញវ៉ាក់សាំងបង្គ្រប់ចាក់ជូនពលរដ្ឋរបស់ខ្លួនឲ្យបានពេញលេញចំនួន ៨០% ក្នុងចំណោមប្រជាពលរដ្ឋសរុបរបស់ខ្លួនចំនួន ៩៦ លាននាក់៕