ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា​មាន​ករណី​សង្ស័យ​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស


រូបឯកសារ៖ ពលរដ្ឋ​កូវ៉េខាងជើង​អាន​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ថ្ងៃ​ទី ១ ខែមេសា ឆ្នាំ​២០២០។
រូបឯកសារ៖ ពលរដ្ឋ​កូវ៉េខាងជើង​អាន​ព័ត៌មាន​អំពី​ជំងឺ​កូវីដ១៩ នៅ​មន្ទីរ​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ថ្ងៃ​ទី ១ ខែមេសា ឆ្នាំ​២០២០។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​អំពី​ករណី​សង្ស័យ​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដោយ​បាន​រិះគន់​លើ​ជន​ផ្ដាច់​ខ្លួន​ម្នាក់​ដែល​នៅ​ពេល​ថ្មីៗ​នេះ​បាន​ចូល​មក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ។

ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA របស់​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ថា អ្នក​ផ្ដាច់​ខ្លួន​ម្នាក់ ដែល​ត្រូវ​បាន «សង្ស័យ​ថា​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ» គឺ​ជា​អ្នក​ដែល​បាន​គេច​ខ្លួន​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី ៣ ឆ្នាំ​មុន ប៉ុន្តែ​បាន​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា កន្លង​ទៅ​នេះ «បន្ទាប់ពី​បាន​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់»។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​បញ្ជាក់​ថា «លទ្ធផល​មិន​ទាន់​ប្រាកដ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​មួយ​ចំនួន​លើ​វត្ថុ​រាវ​នៃ​សរីរាង្គ​ដង្ហើម​ខាង​លើ និង​ឈាម​របស់​អ្នក​ផ្ដាច់​ខ្លួន​នោះ» ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​តើ​អ្នក​ជំងឺ​នោះ​បាន​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ឬ​ក៏​អត់​នោះ​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា៖ «ជន​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​តឹងរ៉ឹង ដែល​ជា​ជំហាន​ដំបូង ហើយ​រាល់​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង Kaesong ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ជន​នេះ និង​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​នោះ​ក្នុង​រយៈពេល ៥ ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ដិតដល់ ធ្វើ​តេស្ត​វេជ្ជសាស្ត្រ និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក»។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​រៀបចំ​ប្រជុំ​គណៈកម្មាធិការ​គោល​នយោបាយ​គណបក្ស​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​នៅ​ពេល​នោះ លោក​បាន​ទទួល​ស្គាល់​ថា «វីរុស​ដ៏​កាច​សាហាវ​នេះ​អាច​បាន​ចូល​មក​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA។

សេចក្ដី​រាយការណ៍​នោះ​បាន​បញ្ជាក់​ថា លោក Kim Jong Un បាន​ប្រកាស​ដាក់​ភាព​អាសន្ន​នៅ​តំបន់​ដែល​រង​ការ​ប៉ះពាល់​នោះ និង «បាន​ចាត់​វិធានការ​ជា​មុន​នូវ​ការ​បិទ​ទីក្រុង Kaesong ទាំង​ស្រុង និង​បិទ​ការ​ធ្វើ​ដំណើរ​រវាង​សង្កាត់​នីមួយៗ និង​តំបន់​នីមួយៗ​នៃ​ទីក្រុង​នេះនៅ​ពេល​រសៀល​ថ្ងៃ​ទី ២៤ ខែ​កក្កដា បន្ទាប់ពី​ទទួល​បាន​ដំណឹង​អំពី​រឿង​នេះ»៕

XS
SM
MD
LG