សេដ្ឋកិច្ចវៀតណាមបានកើនជាង ៧% ហួសការរំពឹងទុកនៅក្នុងឆ្នាំ ២០២៤ ដោយសារការនាំចេញកើនឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមដែលបានបង្ហាញឡើងកាលពីថ្ងៃចន្ទ។
ប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មជាសាកលនេះបានទទួលប្រយោជន៍ពីតម្រូវការកើនឡើងនៃផលិតផលរបស់ខ្លួន ទោះបីជាខ្លួនបានខាតបង់ប្រាប់រាប់ពាន់លានដុល្លារដោយសារព្យុះទីហ្វុង Yagi ដ៏ប្រល័យក៏ដោយ។
កំណើនសេដ្ឋកិច្ចចំនួន ៧,០៩% នេះគឺខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាលវៀតណាមដែលចង់បានកំណើនសេដ្ឋកិច្ចចំនួន ៦,៥% សម្រាប់ឆ្នាំ ២០២៤ ក៏ដូចជាខ្ពស់ជាងការព្យាកររបស់អ្នកវិភាគនានាដែលទីភ្នាក់ងារសារព័ត៌មាន Bloomberg News បានស្ទង់មតិ។
កំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះបានផ្ដល់ឲ្យវៀតណាមនូវ «សន្ទុះទៅមុខដ៏សំខាន់សម្រាប់ឆ្នាំ ២០២៥ នេះ»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Nguyen Thi Huong ប្រធានការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
វៀតណាមទទួលបានចំណូលចំនួន ៤០៥ ពាន់លានដុល្លារពីការនាំចេញនៅក្នុងឆ្នាំ ២០២៤ ដែលក្នុងនោះផលិតផលនាំមុខគឺគ្រឿងអេឡិចត្រូនិក ទូរស័ព្ទស្មាតហ្វូន និងសម្លៀកបំពាក់ ដោយមានការកើនឡើងចំនួន ១៤% ក្នុងរយៈពេលមួយឆ្នាំបើប្រៀបនឹងរយៈពេលដូចគ្នានេះក្នុងឆ្នាំកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិទូទៅនៅក្នុងរបាយការណ៍មួយ។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។
វៀតណាមបានសម្រេចនូវកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យនេះទោះបីជាខ្លួនបានខាតបង់សេដ្ឋកិច្ចចំនួន ៣,៥ ពាន់លានដុល្លារដោយសារគ្រោះមហន្តរាយធម្មជាតិក៏ដោយ ជាពិសេសគឺព្យុះទីហ្វុង Yagi ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់នៅពេលព្យុះនេះបក់បោកចំប្រទេសវៀតណាមនៅខែកញ្ញាឆ្នាំមុន៕
សេដ្ឋកិច្ចវៀតណាមកើនជាង ៧% ហួសការរំពឹងទុកនៅឆ្នាំ ២០២៤

វេទិកាបញ្ចេញមតិ