តុលាការមួយនៅក្នុងប្រទេសវៀតណាមបានកាត់ទោសប្រហារជីវិតមនុស្ស ២៧ នាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីរកឃើញថាពួកគេមានទោសពីការជួញដូរគ្រឿងញៀនណាកូទិក ដែលរួមមានទាំងហេរ៉ូអ៊ីន កេតាមីន និងមេតំហ្វេតាមីនផងដែរ ចំនួនជាង ៦០០ គីឡូក្រាម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម។
អ្នកស្រី Vu Hoang Anh ដែលជាមេដឹកនាំក្រុមជនអន្ធពាលនិងជាមេឧក្រិដ្ឋជនដ៏ល្បីឈ្មោះដែលមានឈ្មោះហៅក្រៅថា Oanh Ha ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសប្រហារជីវិតនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Tuoi Tre។
ក្រុមជនអន្ធពាលដែលមានសមាជិក ៣៥ នាក់បានរត់ពន្ធគ្រឿងញៀនចំនួន ៦២៦ គីឡូក្រាមពីប្រទេសកម្ពុជាចូលក្នុងប្រទេសវៀតណាមរវាងខែមីនា ឆ្នាំ ២០១៨ និងខែវិច្ឆិកា ឆ្នាំ ២០២២។ នេះបើតាមកាសែតនោះដែលបានយោងលើការសម្រេចរបស់តុលាការ។
សមាជិក ៨ នាក់ទៀតមិនត្រូវបានកាត់ទោសប្រហារជីវិតទេ ក៏ប៉ុន្តែត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២០ ឆ្នាំទៅមួយជីវិត បន្ទាប់ពីសវនាការរយៈពេល ៤ ថ្ងៃនៅក្នុងទីក្រុងហូជីមិញ។
កាសែត Tuoi Treបានរាយការណ៍ទៀតថា តុលាការបានបញ្ជាក់ថារឿងក្តីនេះពាក់ព័ន្ធជាពិសេសនឹងប្រតិបត្តិការជួញដូរគ្រឿងញៀនឆ្លងព្រំដែនដ៏ធ្ងន់ធ្ងរក្នុងរយៈពេលដ៏យូរមួយ។
ក្រុមជនសង្ស័យបានប្រើបណ្តាញសង្គមអនឡាញដូចជា Signal ដោយប្រើឈ្មោះដូចជា «Colombia» ឬ «Mosscau Russia» ជាដើមដើម្បីបញ្ចៀសការតាមដាន។
ដើម្បីធានានូវការសម្ងាត់ក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន បណ្តាញនេះបានប្រើ app Signal និងលេខទូរស័ព្ទមកពីសហរដ្ឋអាមេរិកឬកម្ពុជាដើម្បីទាក់ទងអំពីការទូរទាត់គ្រឿងញៀននេះ៕
វេទិកាបញ្ចេញមតិ