ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្អូន​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​ត្រូវ​បាន​វាយដំ


លោក ឡេ កុក ក្វៀត (Le Quoc Quyet) បង្ហាញ​​របួស​លើ​មាត់​ដែល​​លោក​អះអាង​ថា​ ត្រូវ​បង្ក​ដោយ​ប៉ូលិស​បង្កប់​របស់​រដ្ឋាភិបាល។ (រូបថត៖ Danlambao)
លោក ឡេ កុក ក្វៀត (Le Quoc Quyet) បង្ហាញ​​របួស​លើ​មាត់​ដែល​​លោក​អះអាង​ថា​ ត្រូវ​បង្ក​ដោយ​ប៉ូលិស​បង្កប់​របស់​រដ្ឋាភិបាល។ (រូបថត៖ Danlambao)
មិន​ខុស​ពី​ប្រទេស​កម្មុយនីស្ត​នានា​នៅ​ក្នុង​ពិភព​លោក សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​រិតត្បិត​ ហើយ​ការ​បំពារ​បំពាន​លើ​សកម្មជន​សិទ្ធិមនុស្សកើត​មាន​ជា​ញឹកញាប់។ ថ្មីៗ​ប្អូន​របស់​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ ត្រូវ​បាន​វាយដំ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម។

ប្អូន​ប្រុស​សកម្មជន​សិទ្ធិ​មនុស្ស ឡេ កុក ក្វ័ន (Le Quoc Quan) ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម។ លោក ឡេ កុក ក្វៀត (Le Quoc Quyet) បាន​ប្រាប់​វីអូអេផ្នែក​ភាសា​វៀតណាម​ថា ពេល​គាត់កំពុង​ដើរ​ចូលបរិវេណផ្ទះ​ apartment របស់​គាត់​ក្នុង​ទីក្រុង​ហូជីមិញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ បុរស​បួន​នាក់​ដែល​លោក​ពិពណ៌នា​ថា ជា​ជន​ឧក្រិដ្ឋ​ដែល​ជួល​ដោយ​រដ្ឋាភិបាល​ បាន​លោត​ចេញ​មក​ហើយ​វាយ​គាត់។

គាត់​បាន​ចោទ​បុរស​ទាំង​នោះ​ថា បាន​តាម​គាត់​រាប់​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​បង​ប្រុស​គាត់​ ឡេ កុក ក្វ័ន បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​ផ្សព្វផ្សាយ​ លទ្ធិប្រជាធិបតេយ្យ​ និង​ពហុបក្ស​នៅ​ប្រទេស​វៀតណាម។

គាត់ថ្លែង​ថា គាត់​មិន​បាន​រាយការណ៍​អំពី​ការ​វាយប្រហារ​នេះ​ទៅ​នគរបាល​ទេ ពីព្រោះ​អាជ្ញាធរ​មិន​បានស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ទាំង​ឡាយ​មក​លើ​រូប​គាត់​កាល​ពី​ខែ​សីហា​និង​កញ្ញា​កន្លង​ទៅ ទោះបី​ជា​គាត់​មាន​ភស្តុតាង​ជា​វីដេអូ​ដែល​បង្ហាញ​មុខ​អ្នក​វាយ​ប្រហារ​គាត់​ក៏​ដោយ។

គាត់​បាន​បញ្ចូល​វីដេអូ​នោះ​ក្នុង​ទំព័រ​ YouTube ដែល​គាត់​និយាយ​ថា​ វីដេអូ​នោះ​បាន​បង្ហាញ​ការ​វាយប្រហារ​មក​លើ​គាត់​ ប៉ុន្តែ​វីដេអូ​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ណា​មួយទេ។



លោក​ ក្វៀត និយាយ​ថា​ ការ​បំពាន​លើ​គ្រួសារ​របស់​គាត់​មាន​ភាព​ធ្ងន់ធ្ងរ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ខណៈ​ការ​បរិច្ឆេទ​នៃ​បណ្តឹង​ឧទ្ធរណ៍​ខិត​ជិត​មក​ដល់។

«ការ​វាយ​ប្រហារ​នេះ​ទាក់​ទង​នឹង​ការ​សងសឹក​មក​លើ​គ្រួសារ​របស់​ខ្ញុំ​ ដូច​ជា​ការ​ចាប់​ខ្លួន​បង​ប្រុស​របស់​ខ្ញុំ ឡេ កុក ក្វ័ន ការ​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​ខ្ញុំ ឡេ ឌីញ ក្វ័ន និង​ការ​ចាប់​ខ្លួន​បងប្អូន​ជីដូន​មួយ​ខ្ញុំ ង្វៀន ធីអ៊័ញ (Nguyen Thi Oanh) ដែល​មាន​ផ្ទៃ​ពោះ​នៅ​ពេល​ចាប់​ខ្លួន​នោះ​ ហើយ​បាន​រលូត​កូន​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។ នៅ​តែ​ខ្ញុំ​ទេ​ ដែល​គេ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ។ ដូច្នេះ​គេ​ព្យាយាម​វាយប្រហារ​មក​លើ​ខ្ញុំ​និង​បំពាន​ខ្ញុំ​ពីព្រោះ​តែ​ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​បង​ ក្វ័ន ហើយ​ខ្ញុំ​មាន​និយាយ​ច្រើន»។

អាជ្ញាធរ​វៀតណាម​មិន​បាន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​អំពី​ការ​វាយ​ប្រហារ​លើ​លោក ក្វៀត ទេ។

លោក ឡេ កុក ក្វ័ន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១២ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​មិន​បង់​ពន្ធ។ នៅ​ឯ​សវនាការ​របស់​គាត់​កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​ គាត់​ត្រូវ​បាន​កាត់​ឲ្យ​មាន​ទោស​ពី​បទ​មិន​បង់​ពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម​និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣០​ខែ។

គាត់​ជា​មេធាវី​មាន​ការ​បណ្តុះបណ្តាល​ម្នាក់។ គាត់​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ធ្វើ​មេធាវី​ចាប់​ពី​ឆ្នាំ​២០០៧ ក្រោយ​ពី​គាត់​បាន​តំណាង​ឲ្យ​ជន​រងគ្រោះ​ជា​ច្រើន​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។
គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ការ​វាយប្រហារ​មួយ​ដោយ​ក្រុម​ជន​មិន​ស្គាល់​កាល​ពី​ខែ​ សីហា​ ឆ្នាំ​២០១២។ ការ​វាយប្រហារ​មិន​ដែល​ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​នគរបាល​ទេ។

ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​ ដែល​ជា​សាលាក្តី​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា ការ​ឃុំខ្លួន​គាត់​ប្រហែល​ជា​ដោយ​សារ​តែ​ «ការ​អនុវត្ត​ប្រកប​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​និង​សេរីភាព​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ» ហើយ​«ទាក់​ទង​នឹង​អត្ថបទ​ប្លក​ (blog) របស់​គាត់​ស្តី​អំពី​សិទ្ធិ​ជន​ស៊ីវិល​និង​នយោបាយ៕

ប្រែសម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ
XS
SM
MD
LG