មន្ត្រីវៀតណាមម្នាក់បានឱ្យដឹងថា ប្រទេសរបស់ខ្លួនបានផលិតវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក (African swine fever for pigs) ដោយធ្វើជាដៃគូផលិតជាមួយសហរដ្ឋអាមេរិកហើយមានបំណងក្លាយជាប្រទេសនាំចេញវ៉ាក់សាំងនេះជាលើកដំបូងនៅក្នុងពិភពលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វីរុសគ្រុនផ្តាសាយជ្រូកនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ហើយវាបានសម្លាប់សត្វជ្រូកនៅក្នុងតំបន់អាស៊ី។ មេរោគនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៩។ សត្វជ្រូកជាច្រើនលានក្បាលត្រូវបានសម្លាប់ចោលក្រោយការផ្ទុះជំងឺនោះនៅក្នុងប្រទេសម៉ុងហ្គោលី កម្ពុជា ទីក្រុងហុងកុងនិងប្រទេសចិនដីគោកផងដែរ។
ការសម្លាប់សត្វជ្រូកដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើឱ្យសាច់ជ្រូកឡើងថ្លៃជាខ្លាំងនិងធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក ហើយវៀតណាមបានរងផលប៉ះពាល់ជាខ្លាំងក្នុងចំណោមប្រទេសផ្សេងៗមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Phung Duc Tien បាននិយាយនៅថ្ងៃពុធម្សិលមិញថា «ការផលិតនិងការចុះបញ្ជីពាណិជ្ជកម្មនៃវ៉ាក់សាំងនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់វៀតណាម»។
លោកបន្ថែមទៀតថា «យើងមានទំនុកចិត្តដើម្បីផលិតវ៉ាក់សាំងគ្រុនផ្តាសាយជ្រូកសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញផងដែរ»។
បើទោះបីជាយ៉ាងនេះក្តី ក៏មន្ត្រីវៀតណាមទាំងនេះមិនបាននិយាយពីពេលវេលាសម្រាប់ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះ ក៏ដូចជាសមត្ថភាពរបស់វៀតណាមក្នុងការផលិតវ៉ាក់សំាងនោះក្នុងកម្រិតចំនួនប៉ុន្មាននោះឡើយ។
លោក Tien បាននិយាយថា ចាប់តាំងពីឆ្នាំ២០២០មក អ្នកស្រាវជ្រាវវៀតណាមបានធ្វើការជាមួយអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកលើប្រភេទវ៉ាក់សាំង NAVET-ASFVAC។
មន្ត្រីវៀតណាមរូបនេះបន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវកសិកម្មនៃក្រសួងកសិកម្មអាមេរិកបានផ្ញើលិខិតមួយច្បាប់មកឱ្យនាយកដ្ឋានបសុព្យាបាលវៀតណាមដោយគូសបញ្ជាក់ថា វ៉ាក់សាំងប្រភេទ NAVET-ASFVAC មានសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់»៕