ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​វៀតណាម តម្កល់​ទោស​ប្រហារ​ជីវិត​មហាសេដ្ឋី​ម្នាក់​ក្នុង​សំណុំ​រឿង​គៃបន្លំ​ប្រាក់១២ពាន់លាន​ដុល្លារ


មហាសេដ្ឋី​ខាង​អចលនទ្រព្យ​អ្នកស្រី Truong My Lan នៅតុលាការ​ក្រុង ហូជីមីញ​កាលពីថ្ងៃទី​០៣ ធ្នូ ឆ្នាំ២០២៤។
មហាសេដ្ឋី​ខាង​អចលនទ្រព្យ​អ្នកស្រី Truong My Lan នៅតុលាការ​ក្រុង ហូជីមីញ​កាលពីថ្ងៃទី​០៣ ធ្នូ ឆ្នាំ២០២៤។

តុលាការ​មួយ​ក្នុងប្រទេស​វៀតណាម កាលពីថ្ងៃ​អង្គារ​បាន​តម្កល់ទោស​ប្រហារ​ជីវិត​មហាសេដ្ឋី​ខាង​អចលនទ្រព្យ​អ្នកស្រី Truong My Lan ក្រោយ​ពី​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នកស្រី​ជំទាស់​ការ​កាត់ទោសរបស់​សាលាដំបូង​ពីបទ​កិបកេង​និង​សូកប៉ាន់​ក្នុង​សំណុំរឿង​គៃបន្លំ​ប្រាក់១២ពាន់លាន​ដុល្លារ​ដ៏​ល្បី​សុះសាយមួយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋវៀតណាម ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អ្នកស្រី Lan ដែល​ជាប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវ​បាន​កាត់​ទោស​ប្រហារជីវិត​កាល​ពី​ខែ​មេសា ចំពោះ​តួនាទី​របស់​អ្នកស្រី​ក្នុង​អ្វី​ដែល​ជា​សំណុំរឿង​គៃបន្លំ​ប្រាក់​ដ៏​ធំ​ជាងគេ​មិនធ្លាប់​មាន​ពីមុន​នៅ​វៀតណាម។

តុលាការ​សាលា​ឧទ្ធរណ៍​តំបន់​ក្នុង​ទីក្រុង Ho Chi Minh ប៉ែក​ខាងត្បូង បាន​សម្រេច​ថា​គ្មាន​មូលដ្ឋាន​ដែល​ត្រូវ​កាត់បន្ថយ​ទោសប្រហារជីវិត​លើ​អ្នកស្រី Lan ទេ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​វៀតណាមអនឡាញ VnExpress។

កាសែត​នេះ​បាន​រាយការណ៍​ថា​បើ​អ្នកស្រី Lan អាច​សង​ប្រាក់​៣ភាគ៤​នៃប្រាក់ដែលបាន​កិបកេង​នោះ ក្នុង​ពេល​រង់ចាំអនុវត្តទោស​ប្រហារជីវិត​នេះ នោះវា​អាច​ទៅ​រួច​ដែល​ថា​ទោស​អាច​ត្រូវ​បាន​កាត់​បន្ថយមក​ត្រឹម​ជាប់ពន្ធនាគារ​អស់មួយជីវិត​វិញ។

អ្នកស្រី ជា​នាយិកាក្រុមហ៊ុន​ដ៏ល្បីឈ្មោះ​ជាង​គេ​មួយ​និង​ក៏ជា​មន្ត្រី​រដ្ឋការ​ម្នាក់ដែល​ជាប់ពន្ធនាគារ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដ៏យូរអង្វែង​របស់​ប្រទេសកុម្មុយនីសនេះ។ យុទ្ធនាការ​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា«‍ឡដុត» (Blazing Furnace)។

តំណាង​អយ្យការ​ត្រូវ​បាន​ស្រង់សម្តីដោយ​កាសែត​អនឡាញ​របស់​រដ្ឋ VietnamNet ​ពេល​ថ្លែង​ក្នុង​សវនាការបណ្តឹងឧទ្ធរណ៍​នោះ​ថា «ការ​ខូចខាត​ដែល​អ្នកស្រី Lan បាន​បង្ក មិន​អាច​នឹកស្មាន​ដល់ទេ​ក្នុង​ប្រវត្តិសាស្ត្រនៃបណ្តឹង ហើយ​ចំនួនទឹកប្រាក់​ដែល​ត្រូវ​បាន​កិបកេងនោះ​ ច្រើន​ហួសប្រមាណនិង​មិនអាច​ទូទាត់​សងវិញបាន​‍»។

តំណាងអយ្យការ​បន្ថែម​ទៀត​ថា​«‍ទង្វើ​របស់​ជនជាប់ចោទ បាន​ប៉ះពាល់​សង្គម ទីផ្សារ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ចច្រើន​ផ្នែក»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG