ក្រសួងការបរទេសវៀតណាមបានថ្កោលទោសកាលពីថ្ងៃពុធចំពោះ«អាកប្បកិរិយាដ៏ព្រៃផ្សៃ»ក្នុងអំឡុងនៃការវាយប្រហារហិង្សាលើអ្នកនេសាទវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។
មានសេចក្តីរាយការណ៍ថាអ្នកនេសាទចំនួន១០នាក់ត្រូវវាយដំដោយដុំដែកហើយបានលួចប្លន់ត្រីនិងឧបករណ៍ដែលមានតម្លៃរាប់ពាន់ដុល្លារកាលពីថ្ងៃអាទិត្យនៅផ្ទៃទឹកទល់មុខប្រជុំកោះ Paracel ជាប្រជុំកោះមួយនៅក្នុងផ្លូវទឹកដែលសម្បូរដោយធនធានដែលត្រូវបានទាមទារដោយចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ីនិងប្រ៊ុយណេ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Pham Thu Hang បានបញ្ជាក់នៅក្នុងសេច ក្តីថ្លែងការណ៍ដែលប្រើពាក្យជាភាសាវៀតណាមសម្រាប់ប្រជុំកោះ Paracel ថាវៀតណាម«តវ៉ាដាច់អហង្ការចំពោះអាកប្បកិរិយាដ៏ព្រៃផ្សៃរបស់កងកម្លាំងពង្រឹងច្បាប់ចិនប្រឆាំងនឹងអ្នកនេសាទវៀតណាមនិងទូកនេសាទដែលប្រតិបត្តិការនៅប្រជុំកោះ Hoang Sa របស់វៀត ណាម»។
សេចក្តីថ្លែងការណ៍នោះបានបន្តទៀតថា«សកម្មភាពខាងលើនេះរបស់កងកម្លាំងពង្រឹងច្បាប់របស់ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពលើប្រជុំកោះរបស់វៀតណាម»។
អ្នកដើរកប៉ាល់នេសាទវៀតណាមចំនួនបួននាក់ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃចន្ទបន្ទាប់ពីបានទៅដល់កំពង់ផែ Quang Ngai ។ នេះបើតាមកាសែត Tien Phong ដែលរៀបចំចាត់ចែងដោយរដ្ឋដែលបាននិយាយថាបុរសទាំងនោះត្រូវមនុស្សប្រហែល៤០នាក់វាយប្រហារអស់រយៈពេល៣ម៉ោង។
អ្នកបើកកប៉ាល់នេសាទលោក Nguyen Thanh Bien បានត្រូវគេដកស្រង់សម្តីមកចុះផ្សាយថា«ដោយស្លៀកសំលៀកបំពាក់ចំហរឡេវ ពួកគេបានវាយតប់យើងយ៉ាងព្រៃផ្សៃដោយប្រើដុំដែក»។ លោកបានបន្ថែមទៀតថាលោកបានដួលសន្លប់ប្រហែលមួយម៉ោងបន្ទាប់ពីការវាយប្រហារនេះ។
អ្នកបើកកប៉ាល់ លោក Bien បានប្រាប់ពួគអាជ្ញាធរថាឧបករណ៍និងត្រីដែលមានតម្លៃប្រហែល២ម៉ឺនដុល្លារបានត្រូវគេលួចនៅក្នុងការវាយប្រហារនេះ៕
វេទិកាបញ្ចេញមតិ