ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ជំនួប​រវាង​លោក Biden និង​លោក Xi ​និង​អំពី​ការតានតឹង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង


រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ស្តាំ) និងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan (ឆ្វេង) ថតរូបមុនពេលកិច្ចពិភាក្សានៅបឹង Yanqi ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ស្តាំ) និងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan (ឆ្វេង) ថតរូបមុនពេលកិច្ចពិភាក្សានៅបឹង Yanqi ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោកJake Sullivanនិង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yiបាន​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​លើ​ប្រធានបទរួមមាន​ជំនួប​កំពូល​រវាង​ប្រមុខ​រដ្ឋ​របស់​ប្រទេស​ទាំង​២​និង​ការ​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ភាគី​ទាំង​២​បាន​និយាយ​ថា​ការ​ពិភាក្សា​ឥត​មាន​ការ​លាក់លៀម ប្រកប​ដោយ​ខ្លឹមសារ​និង​ការស្ថាបនា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ(Xinhua)​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋ​ចិន​បាន​ដកស្រង់​សម្តី​លោក Wang Yi មក​ចុះផ្សាយ​ថា​គន្លឹះ​ដើម្បី​រក្សា​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ឱ្យ​នៅ​លើ​ផ្លូវ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋ​ទាំង២។

លោក​ទាំង​២​បាន​ពិភាក្សា​ផែនការ​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ថ្នាក់​មេដឹកនាំ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​មក​ពី​សេតវិមាន។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​បាន​រាយការណ៍​ទៀត​ថា​ភាគី​ទាំង​២​ក៏​បាន​ពិភាក្សា​លទ្ធភាព​នៃជំនួប​ដ៏​ធំ​មួយ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​ចិន​លោក Xi Jinping ដែរ។

លោក Sullivan និង​លោកWangក៏​បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការទាក់ទង​រវាង​យោធា​និង​យោធា​ហើយ​នឹង​ការ​ជួប​ប្រជុំ​តាម​វីដេអូ​រវាង​មេបញ្ជាការ​យោធា​របស់​ខ្លួន​«នៅ​ពេល​សមរម្យ​មួយ»។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​អាន​នៅ​ក្នុង​ជំនួប​នោះ។

ក្រៅពី​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ លោក Wang និង​លោក Sullivanក៏​បាន​ពិភាក្សា​អំពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​លោក Wang Yi បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ការ​គាំទ្រ​ប្រទេស​ហ្វីលីពីន។

​ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា«សហរដ្ឋ​អាមេរិក​មិន​ត្រូវ​ប្រើប្រាស់​សន្ធិ​សញ្ញា​ទ្វេភាគី​ជា​លេស​ដើម្បី​ធ្វើ​ឱ្យ​អន្តរាយ​ដល់​បូរណភាព​ទឹកដី​របស់​ចិន​ហើយ​ក៏​មិន​ត្រូវ​គាំទ្រសកម្មភាព​រំលោភ​របស់​ហ្វីលីពីន​ដែរ»។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​បាន​បញ្ជាក់​ថា​លោក Sullivanបាន​សម្ដែង​នូវ​«ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​នៃ​ការ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ប្រឆាំង​នឹង​កិច្ច​ប្រតិបត្តិការ​នាវា​ស្របច្បាប់​របស់​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ»៕

XS
SM
MD
LG