ក្រសួងការពារជាតិសិង្ហបុរីបានបង្ហោះនៅលើវិបសាយរបស់ខ្លួនថា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក Ng Eng Hen និងសមភាគីចិនរបស់លោកគឺលោក Chang Wanquan បានយល់ស្របគ្នាកាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ នៅក្នុងគម្រោងរៀបចំសមយុទ្ធដែនសមុទ្រជាលើកដំបូងបង្អស់ ដោយមានការចូលរួមពីនាវាមកពីប្រទេសចិន និងមកពីសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន។ ប្រទេសសិង្ហបុរីនឹងធ្វើជាប្រធានដឹកនាំអាស៊ាននៅឆ្នាំក្រោយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន ៤ មានការខឹងសម្បារ ដោយសារតែខ្លួនបានពង្រីកការយាមល្បាតតាមសមុទ្រ និងពង្រីកវត្តមានយោធាបន្ថែមទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េ និងសម្បូរទៅដោយទិន្នផលនេសាទ និងធនធានប្រេង។ ប្រទេសព្រុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនបានទាមទារកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងជាន់គ្នាជាមួយនឹងការទាមទាររបស់ចិន ដែលបានអះអាងថា ដែនសមុទ្រស្ទើរតែទាំងមូលជារបស់ខ្លួន។
លោក Termsak Chalermpalanupap អ្នកស្រាវជ្រាវកិច្ចការនយោបាយ និងសន្តិសុខនៃវិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរិ បាននិយាយថា សមយុទ្ធរួមគ្នានេះនឹងលុបបំបាត់ការសង្ស័យនានា ដោយអនុញ្ញាតឲ្យទាហានជើងទឹកនៃប្រទេសនីមួយៗអាចជួបគ្នាទៅវិញទៅមកបាន។ លោកបានបន្ថែមថា ក្រសួងការបរទេសនៃប្រទេសនីមួយៗនឹងទទួលខុសត្រូវលើការដោះស្រាយជម្លោះទាំងនេះ។
លោក Chalermpalanupap បាននិយាយថា៖ «ខ្ញុំគិតថា វាជាការល្អដែលមានសមយុទ្ធរួមគ្នា។ យ៉ាងហោចណាស់ គឺមានទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ដែលនេះគឺមានសារៈសំខាន់ណាស់»។
ការផ្ដោតលើបញ្ហាផ្សេងពីនយោបាយ
លោក Oh Ei Sun សាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Nanyang ក្នុងប្រទេសសិង្ហបុរី បាននិយាយថា សមយុទ្ធរួមគ្នានឹងត្រូវគេស្វាគមន៍ជាពិសេស ប្រសិនបើការធ្វើសមយុទ្ធនេះផ្ដោតលើកិច្ចការស្រាវជ្រាវ និងកិច្ចការជួយសង្គ្រោះ ឬក៏កិច្ចប្រឹងប្រែងនានាដើម្បីបញ្ឈប់អំពើចោរកម្មនៅតាមសមុទ្រ។ លោកបានបញ្ជាក់ថា ប្រទេសទាំងនោះត្រូវជៀសវាងបញ្ហានយោបាយដើម្បីធានាឲ្យសមយុទ្ធនេះទទួលបានជោគជ័យ។
លោក Oh Ei Sun បាននិយាយថា៖ «ពួកគេត្រូវតែផ្តោតលើការធ្វើសមយុទ្ធ ហើយទោះបីតាមវិធីណាក៏ដោយ ភាគីទាំងអស់មិនគួរព្យាយាមអះអាងពីអធិបតេយ្យភាពក្នុងអំឡុងពេលធ្វើសមយុទ្ធនោះទេ»។
ចិនបានចាប់ផ្តើមពង្រីកអំណាចនៅក្នុងសមុទ្រចិនខាងត្បូងនៅក្នុងឆ្នាំ ២០១០ ដោយបានអះអាងទាមទារដែនដីដើម្បីសាងសង់កោះសិប្បនិម្មិតនានា ដែលកោះមួយចំនួនគឺប្រាកដណាស់សម្រាប់ការប្រើប្រាស់ផ្នែកយោធា។ បើយោងតាមគម្រោងគំនិតផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ី (Asia Maritime Transparency Initiative) របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ពង្រាយប្រព័ន្ធរ៉ាដា និងយន្តហោះចម្បាំងនៅលើកោះមួយចំនួន។
យោធាចិនមានឥទ្ធិពលខ្លាំងជាងកងកម្លាំងរបស់ប្រទេសផ្សេងទៀតនៅក្នុងជម្លោះនេះ។ នាវាល្បាតតាមសមុទ្ររបស់ចិន កន្លែងរុករកប្រេង និងការហាមឃាត់ការនេសាទដែលធ្វើឡើងដោយឯកតោភាគីនៅក្នុងដែនទឹកដែលមានជម្លោះនេះ បានធ្វើឲ្យប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំងនេះមានការខឹងសម្បារ។
ការចូលរួមរបស់សិង្ហបុរី
ប្រទេសសិង្ហបុរីមិនបានផ្តល់យោបល់ថា សមយុទ្ធនេះនឹងធ្វើឡើងនៅកន្លែងណានោះទេ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកទទួលខុសត្រូវផ្នែកផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងការពារជាតិសិង្ហបុរីកាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ នៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីថាតើសមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូងដោយផ្ទាល់តែម្តង ឬក៏យ៉ាងណានោះ។
អ្នកវិភាគនានាបាននិយាយថា វាក៏នៅមិនទាន់ច្បាស់ដែរថាតើប្រទេសចិនបានឯកភាពចំពោះការធ្វើសមយុទ្ធនេះ ឬក៏យ៉ាងណានោះទេ ប៉ុន្តែប្រទេសចិនអាចនឹងយល់ព្រម ដោយសារតែរដ្ឋមន្ត្រីការពារជាតិរបស់ចិនបានទទួលស្គាល់គំនិតនេះជាមួយនឹងសមភាគីសិង្ហបុរីរបស់ខ្លួនកាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ។
លោក Chalermpalanupap បាននិយាយថា ការស្នើឡើងរបស់សិង្ហបុរីប្រហែលជាបានកើតឡើងចេញពីតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលការពិភាក្សារវាងអាស៊ាន និងចិន រហូតដល់ឆ្នាំក្រោយ។
ប្រទេសសិង្ហបុរីមានព្រំដែនជាប់នឹងដែនសមុទ្រដែលមានជម្លោះនោះ ប៉ុន្តែមិនបានទាមទារកាន់កាប់ដែនទឹកដែលមានទំនាស់ជាមួយនឹងការទាមទាររបស់ចិននោះទេ។
លោក Huang Kwei-bo ដែលជាព្រឹទ្ធបុរសរងមហាវិទ្យាល័យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ ជាតិ Chengchi នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា ប្រទេសសិង្ហបុរីនៅតែបារម្ភថា ការប៉ះទង្គិចណាមួយនៅក្នុងសមុទ្រចិនខាងត្បូងអាចនឹងប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ខ្លួនតាមដែនអាកាស និងតាមសមុទ្រ។ លោកបាននិយាយថា ប្រទេសសិង្ហបុរីក៏ចង់ធានាថា ចិននឹងមិនមានឥទ្ធិពលខ្លាំងជ្រុលនៅក្នុងដែនសមុទ្រនេះ ស្របពេលដែលចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បានធ្លាក់ចុះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលចង់សហការជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីរារាំងការពង្រីកឥទ្ធិពលយោធារបស់កូរ៉េខាងជើង មិនបានបញ្ជាក់ថាតើរដ្ឋាភិបាលរបស់លោកនឹងបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងជាទៀងទាត់ដើម្បីរឹឭកប្រទេសចិនពីការយល់ឃើញរបស់សហរដ្ឋអាមេរិកដែលថា ដែនទឹកនេះគឺបើកចំហសម្រាប់អន្តរជាតិ។
លោក Huang Kwei-bo បាននិយាយថា «ប្រទេសសិង្ហបុរីតែងតែផ្ដោតការយកចិត្តទុកដាក់លើបញ្ហានេះ។ ទីមួយ ប្រទេសសិង្ហបុរីសង្ឃឹមថា មិនមានមហាអំណាចណាមួយមានឥទ្ធិពលគ្រប់ដណ្ដប់លើសមុទ្រចិនខាងត្បូងនោះទេ និងទីពីរ ប្រទេសសិង្ហបុរីសង្ឃឹមថានឹងមានដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះសមុទ្រចិនខាងត្បូងនេះ។
លោក Huang Kwei-bo បានបន្ថែមថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong «បានបង្ហាញពីឆន្ទៈល្អៗជាច្រើន» នៅពេលលោកធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង ប្រទេសចិនកាលពីខែកញ្ញាកន្លងទៅនេះ។ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong និងសមភាគីនានារបស់លោកនៅក្នុងទីក្រុងប៉េកាំង បានឯកភាពគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់ ដោយបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងប្រទេសចិន ដែលថាការធ្វើជាប្រធានអាស៊ានរបស់សិង្ហបុរីនៅឆ្នាំក្រោយអាចធ្វើឲ្យផលប្រយោជន៍ដែនសមុទ្ររបស់ចិនមានការប្រឈមនោះ។
កិច្ចសហប្រតិបត្តិការយោធាដ៏កម្រ
ប្រទេសដែលទាមទារចំណែកនៅក្នុងសមុទ្រចិនខាងត្បូងបានបរាជ័យលើកិច្ចសហប្រតិបត្តិការ ដោយសារតែការប្រជែងយកអធិបតេយ្យភាពលើដែនសមុទ្រនេះ។ ការកាន់កាប់របស់ចិននៅលើកោះដែលមានជម្លោះមួយនៅក្នុងសមុទ្រចិនខាងត្បូងកាលពីឆ្នាំ ២០១២ បានធ្វើឲ្យប្រទេសហ្វីលីពីនដាក់ពាក្យបណ្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ។ កាលពីឆ្នាំមុន តុលាការនេះបានសម្រេចថា ប្រទេសចិនមិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់សម្រាប់ការទាមទារភាគច្រើនរបស់ខ្លួននោះទេ។
ប្រទេសចិនបានបដិសេធនឹងសាលក្រមនេះ ប៉ុន្តែចាប់តាំងពីពេលនោះមក បានព្យាយាមធ្វើយ៉ាងណាឲ្យមានភាពចុះសម្រុងគ្នាប្រសើរជាងមុនជាមួយនឹងប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជារឿយៗ ធ្វើឡើងតាមរយៈការផ្តល់ជំនួយ និងការវិនិយោគ។ នៅក្នុងសញ្ញាដំបូងនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាងមុនមួយ ប្រទេសចិន និងអាស៊ានបានឯកភាពគ្នាកាលពីខែសីហាកន្លងទៅនេះ ចំពោះគម្រោងនៃក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រមប្រតិបត្តិនេះអាចនឹងតាក់តែងឡើងដើម្បីការពារឧបទ្ទវហេតុណាមួយមិនឲ្យកើតឡើងនៅលើផ្ទៃសមុទ្រ ដោយមិនប៉ះពាល់ដល់បញ្ហាអធិបតេយ្យភាព។
កិច្ចសន្ទនានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកភាគីដៃគូ ដែលបានធ្វើឡើងអស់រយៈពេល ៦ ឆ្នាំកន្លងមកនេះ ជាវេទិកាដែលមន្ត្រីយោធាចិន និងមន្ត្រីយោធាសិង្ហបុរី បានផ្តួចផ្តើមនូវគំនិតធ្វើសមយុទ្ធរួមគ្នានេះ។ លោក Tan See Seng សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិបាននិយាយកាលពីពេលថ្មីៗនេះនៅក្នុងការផ្តល់យោបល់សម្រាប់មហាវិទ្យាល័យ S. Rajaratnam សម្រាប់ការសិក្សាកិច្ចការអន្តរជាតិ (S. Rajaratnam School of International Studies) នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរី ថា ការណ៍នេះបង្ហាញឲ្យឃើញថា វាអាចទៅរួចសម្រាប់ប្រទេសដែលជាគូប្រជែងនឹងគ្នាក្នុងការធ្វើការរួមគ្នាបាន។
លោកបាននិយាយថា សមាជិកនៃកិច្ចសន្ទនានេះបានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងនៃការយោគយល់គ្នាស្ដីអំពី «ការប្រឈមមុខដាក់គ្នាដោយមិនមានការគ្រោងទុកនៅក្នុងដែនសមុទ្រ» កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ។
លោក Tan See Seng បានបន្ថែមថា៖ «លើកលែងតែស្ថានការណ៍ល្អៗមួយចំនួនតូចចេញតែប៉ុណ្ណោះ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងសន្តិសុខពហុភាគីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនតែងតែមានបញ្ហា»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ