ប្រទេសវៀតណាមគាំទ្រគម្រោងរបស់កម្ពុជាក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ។ នេះបើតាមការថ្លែងរបស់ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរកម្ពុជា កាលពីថ្ងៃចន្ទ បានបើកពិធីសម្ពោធគម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១.៧០០លានដុល្លារ ដែលគម្រោងនេះមានគោលបំណងបង្វែរចរាចរណ៍នាវាចរណ៍ទំនិញមួយចំនួនធំរបស់កម្ពុជា ដោយលែងត្រូវឆ្លងកាត់ប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានថ្លែងប្រាប់សន្និសីទសារព័ត៌មានជាប្រចាំមួយថា៖ «យើងគាំទ្រគម្រោងនេះ និងគោរពការសម្រេចក្នុងការស្ថាបនាព្រែកជីកនេះ»។
លោកបន្ថែមថា៖ «យើងប្រាថ្នាចង់សហការជាមួយកម្ពុជា ក្នុងផ្នែកស្រាវជ្រាវ និងការវាយតម្លៃផលប៉ះពាល់ ដើម្បីយើងអាចមានដំណោះស្រាយសមស្របក្នុងការកាត់បន្ថយផលប៉ះពាល់»។
រដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀត បាននិយាយបន្ធូរបន្ថយនូវក្តីបារម្ភចំពោះផលប៉ះពាល់ខាងបរិស្ថានដែលអាចកើតចេញពីព្រែកជីកថ្មីនេះ ដែលកន្លងមកក្រុមអ្នកបរិស្ថាន និងអាជ្ញាធរវៀតណាមបាននិយាយថា ព្រែកជីកហ្វូណនតេជោអាចធ្វើឱ្យខូចខាតបន្ថែមទៀតដល់បរិស្ថានដែលផុយស្រួយស្រាប់នៅដីសណ្តទន្លេមេគង្គ ដែលជាតំបន់ផលិតស្រូវដ៏ធំមួយ៕
វេទិកាបញ្ចេញមតិ