ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត​ ប្រាប់​កុំ​ឱ្យ​ពលរដ្ឋ​បារម្ភ​រឿង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រៀមថត​រូប​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្ត្រី​វៀតណាម (មិន​នៅ​ក្នុង​រូបថត) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ចន្ទ ទី១១ ខែ​ធ្នូ ឆ្នាំ​២០២៣។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រៀមថត​រូប​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្ត្រី​វៀតណាម (មិន​នៅ​ក្នុង​រូបថត) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ចន្ទ ទី១១ ខែ​ធ្នូ ឆ្នាំ​២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ប្រាប់​ប្រជាជន​ខ្មែរ​កុំ​ឱ្យ​ព្រួយ​បារម្ភ​រឿង​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង។ ​លោក​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ខិតខំ​ការពារ​ និង​មាន​យន្តការ​ក្នុង​ការ​ការពារ។​

ការ​ថ្លែង​របស់​លោក ​ហ៊ុន ម៉ាណែត ​ស្រប​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​បាត់​បង់​ទឹកដី​ខ្មែរ​ទៅ​ប្រទេស​វៀតណាម ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ជាមួយ​ប្រទេស​វៀតណាម ​និង​ឡាវ។ ​កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​គឺ​រតនគិរី​ មណ្ឌល​គិរី ​ក្រចេះ ​និង​ស្ទឹងត្រែង ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល​សេដ្ឋ​កិច្ច ​ទេសចរណ៍ និង​វប្បធម៌។​

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​សីហា ​ឆ្នាំ​២០២៤ ​លោក ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «ខ្ញុំ​ឃើញ​បង​ប្អូនព្រួយ​បារម្ភ។​ ថ្ងៃមុន​ខ្ញុំ​ថា​ បើ​ព្រួយ​បារម្ភ​នាំ​គ្នា​ទៅ​លេង​ បងប្អូន​ថា​ អត់​លុយ​ទៅ​លេង។​ បើ​ពី​ណា​មាន​លទ្ធភាព​ទៅ​លេង​សិន​ទៅ​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ ​ចំណុច​ដែល​ខ្ញុំ​ចង់​បាន​ ចង់​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​គ្មាន​អី​លាក់លៀម​ទេ ​បងប្អូន​បារម្ភ​ តែ​ពេល​ខ្លះ​បង​ប្អូន​បារម្ភ​ដោយ​សារ​បងប្អូន​ឮ​ត​គ្នា»។​

លោក​ ហ៊ុន ម៉ាណែត ​ដែល​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី​បន្ទាប់​ពី​ឪពុក​របស់​លោក​ជិត​បាន​១​ឆ្នាំ ​ ​បាន​បញ្ជាក់​បន្ថែម​ថា៖​ «រាជ​រដ្ឋាភិបាល​ច្បាស់​ ខ្ញុំ​ហ៊ាន​និយាយ។ ​ខ្ញុំ​ហ៊ាន​ធានា​ ព្រោះ​ខ្ញុំ​មិន​មាន​គោល​ការណ៍​ស្ពាយ​ប្រពន្ធ​កូន​ខ្ញុំ​ទៅ​ណា​ទេ»។​

បើ​តាម​លោក ​ហ៊ុន ម៉ាណែត ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​បាន​ការពារ​ទឹកដី​ ហើយ​មាន​បង្គោល​ព្រំដែន​កំណត់។ ​ដូច្នេះ​លោក​ថា​ មិន​បាច់​ធ្វើ​របង​ក៏​បាន។​ លោក​នាយក​រដ្ឋមន្រ្តី​បាន​អំពាវនាវ​ថា ​ ប្រជា​ពល​រដ្ឋ​ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ទឹកដី​ សុំ​ឱ្យ​សួរ​ប្រជា​ពលរដ្ឋ​ជាក់​ស្តែង ​និង​កងទ័ព​ដែល​ឈរ​ជើង ​ហើយ​មិន​គួរ​ចេះ​តែ​ជឿ​តាម​គេ​និយាយ​ឡើយ។​

លោក​ ហ៊ុន ម៉ាណែត ​ថ្លែង​ថា៖​ «យើង​ជា​អ្នក​សិក្សា​ត្រូវ​យក​ព័ត៌មាន​ យក​ទិន្នន័យ​ពិត​ប្រាកដ​ កុំ​ស្តាប់​តាម​គេ។ ​ អ្នក​សិក្សា​និស្សិត​បញ្ញវន្ត​ យើង​ទៅ​សិក្សា​ ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ កុំ​ឱ្យ​ថា​ រាជ​រដ្ឋាភិបាល​ចេះ​តែ​ធ្វើ»។​

បើ​តាម​លោក ​ហ៊ុន ម៉ាណែត​ រដ្ឋាភិបាល​របស់​លោក​កំពុង​ដាក់​ទិស​ដៅ​ធ្វើ​ផ្លូវ​រហូត​ដល់​តំបន់​កន្ទុយ​នាគ​នៅ​តាម​ព្រំដែន។​

លោក​ អ៊ុំ សំអាន​ អតីត​តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ និង​មិន​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ថ្មី ​ព្រោះ​ប្រជា​ពលរដ្ឋ​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​សាស្ត្រ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ប្រទេស​វៀតណាម​ និង​មើល​ឃើញ​ថា ​អតីត​នាយក​រដ្ឋមន្ត្រី ​លោក​ ហ៊ុន សែន ​«នៅ​ជំពាក់​គុណ»​ប្រទេស​វៀតណាម។​

លោក​ថ្លែង​ថា៖​ «ពីរ​យ៉ាង​ហ្នឹង​ ទី​មួយ​គឺ​ប្រវត្តិ​សាស្ត្រ​បាន​បញ្ជាក់​ច្បាស់​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម។ ​ទី​ពីរ​គេ​អត់​ទុក​ចិត្ត​ត្រកូល​ហ៊ុន​ដែល​ហ៊ុន សែន​ជំពាក់​គុណ​យួន»។​

លោក ​អ៊ុំ សំអាន​ បារម្ភ​ថា​ លំហូរ​ជនជាតិ​វៀតណាម​ចូល​ប្រទេស​កម្ពុជា​ច្រើន​នឹង​អាច​បណ្តាល​ឱ្យ​តំបន់​ព្រំដែន​ទាំង​នោះ​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី២ ​និង​អាច​ប៉ះពាល់​ដល់​ការ​កំណត់​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​

លោក​បន្ថែម​ថា៖ ​ «វា​អាច​បាត់​បង់​ទឹក​ដី​របស់​កម្ពុជា​យើង​ដូច​បាត់​បង់​ប្រទេស​ចំប៉ា​ផង​ដែរ​បាទ។​ ហ្នឹង​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​បូរណ​ភាព​ទឹក​ដី​របស់​យើង​នៅ​ពេល​អនាគត​ ហើយ​ក៏​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការ​កំណត់​ព្រំដែន​នៅ​ពេល​អនាគត​ផង​ដែរ»។​

ចំណែក​កញ្ញា ​លីម គីមស័រ ​អាយុ​៣៦​ឆ្នាំ ​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​បរិស្ថាន​ម្នាក់​ដែល​តែង​ចុះ​ទៅ​ធ្វើ​ការងារ​តាម​តំបន់​ក្បែរ​ព្រំដែន​ មើល​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ព្រំដែន​តែង​ជួប​ការ​លំបាក​ ដោយ​សារ​តែ​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​កម្ពុជា។ ​កញ្ញា​បន្ថែម​ថា​ ​ពលរដ្ឋ​បាន​បាត់​បង់​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ការពារ​ព្រំដែន។​

កញ្ញា​ថ្លែង​ថា៖ ​«ដូច្នេះ​ប្រសិន​បើ​លោក ​ហ៊ុន ម៉ាណែត ​ពិត​ជា​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ជឿ​ទុក​ចិត្ត​មែន​ លោក​គួរ​តែ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដែល​នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​ ផ្ដល់​ដី​ស្រែ​ចម្ការ​ដែល​លោក​ធ្វើ​ការ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ជូន​ទៅ​ប្រជា​ពលរដ្ឋ​វិញ​ទៅ ​ហើយ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​តំបន់​ហ្នឹង​ ការពារ​តំបន់​ហ្នឹង។ ​ដូច​អ្វី​ដែល​លោក ​ពូ ​កែម ឡី​ លើក​ឡើង​ គឺ​មាន​តែ​ប្រជា​ពលរដ្ឋ​ទេ​ដែល​ជា​របង និង​រនាំង​ឃាំង​ការពារ​តំបន់​ព្រំដែន​បាន»។​

គួរ​បញ្ជាក់​ថា​ កម្ពុជា-វៀតណាម​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​បាន​ប្រមាណ​៨៤%​នៃ​ព្រំដែន​គោក​ជាមួយ​គ្នា​ប្រវែង​ប្រមាណ​១.២៧០​គីឡូ​ម៉ែត្រ។ ​ចំណែក​កម្ពុជា ​និង​ឡាវ​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​ជាមួយ​គ្នា​ប្រមាណ​៨៦%​នៃ​ព្រំដែន​គោក​ប្រវែង​ប្រមាណ​៥៤០​គីឡូ​ម៉ែត្រ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG