ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្រកាស​ថា បាន​ចាប់ខ្លួន​ជន​សង្ស័យ​ក្នុង​ករណី​ដែល​គេ​សង្ស័យ​ថា​ជា​ការជួញដូរ​មនុស្ស​នៅ​អង់គ្លេស


រូបភាព​ឯកសារ៖ មន្ត្រី​ប៉ូលិស​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​រថយន្ត​ដឹកទំនិញ​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​សាកសព​ចំនួន​៣៩ ដែល​ជា​ជនជាតិ​ចិន នៅ​ក្នុង​ក្រុង Thurrock ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ មន្ត្រី​ប៉ូលិស​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​រថយន្ត​ដឹកទំនិញ​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​សាកសព​ចំនួន​៣៩ ដែល​ជា​ជនជាតិ​ចិន នៅ​ក្នុង​ក្រុង Thurrock ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

កាលពី​ថ្ងៃសុក្រ​ទីមួយ ខែវិច្ឆិកា កន្លង​ទៅ​នេះ ប្រទេស​វៀតណាម​​បាន​ប្រកាស​អំពី​ការចាប់ខ្លួន​ជាលើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រឿង​ក្តី​ដែល​គេ​សង្ស័យ​ថា ជា​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​នៅក្នុង​ទីក្រុង Essex នៃ​ប្រទេស​អង់គ្លេស។

ទីក្រុង Essex ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​រក​ឃើញ​សាកសព​ជនជាតិ​វៀតណាម​ចំនួន ៣៩ នាក់ ដែល​ពួកគេ​ជឿជាក់​ថា បាន​ថប់​ដង្ហើម​ស្លាប់​នៅក្នុង​រថយន្ត​កុងតឺណឺ​មួយ​គ្រឿង។

ប៉ូលិស​ក្នុង​ខេត្ត Ha Tinh នៃ​ប្រទេស​វៀតណាម​បាន​និយាយ​ថា ពួកគេ​បាន​ចាប់ខ្លួន​និង​ចោទ​ប្រកាន់​ជនសង្ស័យ​ពីរនាក់ បន្ទាប់ពី​ពលរដ្ឋ​១០​គ្រួសារ​នៅក្នុង​ខេត្ត​នេះ បាន​រាយការណ៍​ថា ពួកគេ​មាន​ការព្រួយ​បារម្ភ​ថា សមាជិក​គ្រួសារ​របស់​ពួកគេ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ៣៩ នាក់​នោះ។ ករណី​នេះ បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​រដ្ឋាភិបាល ដោយ​ទាំង​នាយក​រដ្ឋមន្រ្តី​អង់គ្លេស និង​វៀតណាម​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត។ ការស៊ើបអង្កេត បាន​ពង្រីក​ដល់​បណ្តា​ប្រទេស​ដែល​ត្រូវ​បាន​ឆ្លងកាត់ ដូចជា​ប្រទេស​ចិន អៀវឡង់ និង​ប៊ែលហ្ស៊ិក ដែល​មន្ត្រី​និយាយ​ថា អ្នកបើកបរ​រថយន្ត​កុងតឺណឺបាន និយាយ​ថា​ខ្លួន កំពុង​ដឹកជញ្ជូន​នំ។

ការបង្ហោះ​សារ​នៅ​លើ​គេហទំព័រ​របស់​ប៉ូ​លិស​មួយ​បាន​សរសេរ​ថា «ប៉ូលិស​នៅ​ក្នុង​ខេត្ត Ha Tinh បាន​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​អំពី​ការរំលោភ​បំពាន​ច្បាប់​របស់​បុគ្គល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ»។ ពួកគេ​មិន​បាន​ប្រាប់​ឈ្មោះ​ជនសង្ស័យ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ពួកគេ​បាន​ឃុំខ្លួន​អ្នកផ្សេង​ទៀត​ដើម្បី​សាកសួរ​ផងដែរ។

អ្នកស្រី Hoang Thi Ai កាន់​ទូរស័ព្ទ​បង្ហាញ​រូបថត​កូន​ប្រុស​របស់​អ្នកស្រី ដែល​អ្នក​គិត​ថា អាច​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​ស្លាប់​នៅ​ក្នុងរថយន្ត​កុងតឺណឺ​នៅ​ប្រទេស​អង់គ្លេស នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ស្រុក Dien Chau ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
អ្នកស្រី Hoang Thi Ai កាន់​ទូរស័ព្ទ​បង្ហាញ​រូបថត​កូន​ប្រុស​របស់​អ្នកស្រី ដែល​អ្នក​គិត​ថា អាច​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ដែល​ស្លាប់​នៅ​ក្នុងរថយន្ត​កុងតឺណឺ​នៅ​ប្រទេស​អង់គ្លេស នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ស្រុក Dien Chau ខេត្ត Nghe An ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រៀបចំ និង​ជា​ឈ្មួញ​កណ្តាល​ដើម្បី​ឲ្យ​មនុស្ស​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ​ស្នាក់នៅ​បរទេស​ដោយ​ខុសច្បាប់»។ ប៉ូលិស​អង់គ្លេស​ក៏​បាន​ចាប់​ខ្លួន ឬ ចោទប្រកាន់​មនុស្ស​យ៉ាង​តិច​ណាស់​៥នាក់​ដែរ ដោយ​សង្ស័យ​ថា បាន​សម្លាប់​មនុស្ស និង​ឃុបឃិត​ក្នុងការ​ជួញដូរ​មនុស្ស។

អ្នកនាង Hsiao-Hung Pai ជា​អ្នកសារព័ត៌មាន​មួយ​រូប និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Chinese Whispers: The Story Behind Britain’s Hidden Army of Labour» ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​នៅ​ពីក្រោយ​កម្លាំង​ពលកម្ម​លាក់មុខ​របស់​ចក្រភព​អង់គ្លេស។ អ្នកនាង​បាន​សរសេរ​នៅក្នុង​សារព័ត៌មាន the Guardian កាលពី​ថ្ងៃពុធ ទី៣០ ខែតុលា កន្លង​ទៅ​នេះ​ថា វា​មិនមាន​ភាព​ប្រសើរ​ទេ ក្នុងការ​ផ្តោត​តែ​ទៅ​លើ​បទ​ឧក្រិដ្ឋ ឬ តែ​ទៅ​លើ«ជនល្មើស​ជួញដូរ​មនុស្ស»នោះ។ អ្នកនាង​អះអាង​ថា ជនរងគ្រោះ ៣៩នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ខែ​មុន​នោះ មិន​មែន​ជា​ជនរងគ្រោះ​ដែល​អស់​សង្ឃឹម​ហើយ​ត្រូវ​បាន​គេ​បញ្ឆោត​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ការជួញដូរ​មនុស្ស​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​ជា​អ្នកធ្វើការ​ដែល​តស៊ូ​ដើម្បី​អនាគត​របស់​ក្រុម​គ្រួសារ​របស់​ពួកគេ។

ការស្លាប់​នៅក្នុង​រថយន្ត​កុងតឺណឺ​នៅ​មាន​ចំនួន​ច្រើន​ទៀត

អ្នកនាង Hsiao-Hung Pai បាន​សរសេរ​ទៀត​ថា «ជា​ការពិត​ជាក់ស្តែង​ជនជាតិ​វៀតណាម​វ័យក្មេង​ទាំងប្រុស​ទាំងស្រី ដែល​ជ្រើសរើស​ធ្វើ​ដំណើរ​តាម​ផ្លូវ​គ្រោះថ្នាក់​ទាំងនេះ គឺ​ដោយសារ​តែ​ពួកគេ​មិន​អាច​មក​អង់គ្លេស​តាម​ផ្លូវ​ត្រឹមត្រូវ​បាន»។

អ្នកនាង Hsiao-Hung Pai ក៏​បាន​សរសេរ​ផងដែរ​ថា «នឹង​មាន​ការស្លាប់​នៅក្នុង​រថយន្ត​កុងតឺណឺ​ទៀត បើសិនជា​ប្រទេស​អង់គ្លេស​មិន​ផ្លាស់ប្តូរ» គោលនយោបាយ​របស់​ខ្លួន​ដែល​ប្រឆាំងនឹង​ជនចំណាក​ស្រុក​ទេ​នោះ។

អ្នកនាង Hsiao-Hung Pai បាន​សរសេរ​ទៀត​ថា «សូម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វ័យក្មេងរបស់​យើង​មាន​ឱកាស​រស់នៅ និង​ធ្វើការ​ដោយ​បើកចំហ»។

ដោយឡែក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា ប៉ូលិស​នៅ​ខេត្ត​មួយ​ផ្សេង​ទៀត​របស់​វៀតណាម គឺ​ខេត្ត Nghe An បាន​និយាយ​ថា កាលពី​ចុងខែ​តុលា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់​ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការជួញ​ដូរ​មនុស្ស។ វា​មិន​មាន​ភាពច្បាស់​លាស់​ទេ​ថា តើ​បណ្តាញ​នេះ​មាន​ជាប់ទាក់ទង​ជាមួយ​រឿង​ជនរងគ្រោះ​៣៩​នាក់​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Essex ឬ​យ៉ាងណា​នោះ ក៏ប៉ុន្តែ ការស្លាប់​នៅ​ក្នុង​រថយន្ត​កុងតឺណឺ បាន​ធ្វើ​ឲ្យ​ការយកចិត្ត​ទុកដាក់​និង​ភាពបន្ទាន់​ទាក់ទងនឹង​ការស៊ើបអង្កេត​ដែល​មាន​ស្រាប់ មាន​ការកើន​ឡើង។

សម្រាប់​ប៉ូលិស​នៅ​ទីក្រុង Essex ការស្លាប់​នៅ​ក្នុង​រថយន្ត​កុងតឺណឺ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា គឺជា​ការស៊ើបអង្កេត​ដ៏​ធំ​បំផុត​ដែល​ពួកគេ​បាន​ធ្វើ ដែល​មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន។

ទោះបីជា​ប្រទេស​វៀតណាម​បាន​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាងខ្លាំង​ចាប់តាំងពី​សង្រ្គាម​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម​បាន​ចប់​ទៅ​ក៏ដោយ ក៏អ្នកខ្លះ​នៅតែ​យល់​ថា ពួកគេ​អាច​រកប្រាក់​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ​ដោយ​ធ្វើ​ដំណើរ​ទៅ​បរទេស។ ក្នុង​ចំណោម​ជនចំណាកស្រុក​នៅ​អាស៊ី ជនជាតិ​វៀតណាម​បង់ថ្លៃ​ខ្ពស់​ជាងគេ​ដល់​មេខ្យល់។ ចំនួន​ជនចំណាកស្រុក​កំពុង​កើន​ឡើង នេះ​បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម។

អង្គការ​ពលកម្ម​អន្តរជាតិ​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឲ្យ​សហការ​ដើម្បី​ធានា​ឲ្យ​មាន​បណ្តាញ​សុវត្ថិភាព​សម្រាប់​ការធ្វើ​ចំណាកស្រុក ដូច្នេះ​ប្រជា​ពលរដ្ឋ មិន​ចាំបាច់​ងាក​ទៅ​រក​ឈ្មួញ​កណ្តាល​ទេ។ ជនចំណាកស្រុក នៅតែ​ប្រើប្រាស់​បណ្តាញ​គ្មាន​សុវត្ថិភាព​នេះ ព្រោះ​ថា​សាកល​ភាវូបនីយកម្ម បាន​បង្កើត​ការងារ​កាន់តែ​ច្រើន​នៅ​តាម​កន្លែង​នានា​ជាច្រើន​ទៀត។ ទោះ​ជា​យ៉ាងនេះ​ក្តី គ្រាដែល​សាកល​ភាវូបនីយកម្ម​បាន​ធ្វើ​ឲ្យ​លំហូ​ក្រុមហ៊ុន​និង​មូលធន​ឆ្លងកាត់​ព្រំដែននោះ វា​មិន​បាន​ធ្វើ​ឲ្យ​ពលករ​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​ងាយ​នោះ​ទេ ដែល​ជា​ហេតុ​ជំរុញ​ពួកគេ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ការជួញដូរ​មនុស្ស។

កាលពី​ថ្ងៃអង្គារ​ទី ២៩ ខែតុលា កន្លង​ទៅ​នេះ លោក Chang -Hee Lee ជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​បាន​និយាយ​ថា៖ «តាមរយៈ​កិច្ចសហការ​និង​កិច្ចសហ​ប្រតិបត្តិការ ពលករ​ចំណាកស្រុក អាច​ជា​កម្លាំង​អភិវឌ្ឍន៍​វិជ្ជមាន ហើយ​ហានិភ័យ​ចំពោះ​សុវត្ថិភាព​របស់​ពលករ​ចំណាកស្រុក អាច​ត្រូវ​បាន​កាត់បន្ថយ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG