ជ័យជម្នះគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្ហាញជាផ្លូវការថា គណបក្សកាន់អំណាចកាន់កាប់ស្ថាប័នរដ្ឋម្នាក់ឯង។ ជ័យជម្នះទាំងស្រុងក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះកើតចេញពីការគ្មានវត្ត មានគណបក្សជំទាស់ ដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែ វិច្ឆិកា។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទំនងជានឹង ទទួលបានអាសនៈចំនួន៥៨នៅក្នុងព្រឹទ្ធសភាសម្រាប់នីតិកាលទី៤នេះ។ ការឈ្នះអាសនៈព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជាបានបង្ហាញឲ្យឃើញជាផ្លូវ ការជាលើកដំបូងអំពីចំណុចចាប់ផ្តើមនៃការកាប់កាប់អំណាចតែម្នាក់ឯងផ្តាច់មុខ ក្នុងរយៈពេលជាងពីរទសវត្សរ៍ដែលមានរដ្ឋប្រហារកាលពីឆ្នាំ១៩៩៧កន្លងមក នេះ ទាំងក្នុងរដ្ឋាភិបាល សភា និងព្រឹទ្ធសភា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ VOA ថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតគ្មានន័យ ដោយសារការបោះឆ្នោតនេះគ្មានការចូលរួមពីគូប្រកួតពិតប្រាកដ ដែលអាចនាំឲ្យមានការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ លោកថា កម្ពុជានឹងវិលទៅរករបបកុម្មុយនិស្ត។
«ក្នុងស្ថានភាពបែបហ្នឹងគឺវាបង្ហាញច្បាស់ថា ប្រទេសកម្ពុជាហ្នឹងវាឈានទៅរក របបឯកបក្សហើយដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យព្រះរាជាណាចក្រកម្ពុជាកាន់របបពហុបក្ស»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ទោះជាមានការតែងតាំងសមាជិកពីររូបពីព្រះមហាក្សត្រក្តី ស្ថាប័នព្រឹទ្ធសភាក៏ជាស្ថាប័នឯកបក្សដែរ ដោយសារថា អង្គ បោះឆ្នោតជាង៥០០៧នាក់ត្រូវដកសិទ្ធិ។
លទ្ធផលបឋមរបស់គ.ជ.ប. ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប. នៅយប់ថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញពីជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយគ្មានគណបក្សណាមួយក្នុងចំណោមគណបក្សបីទៀតអាចមានអាសនៈនោះទេ។
ការឈ្នះបានអាសនៈទាំងអស់ដូច្នេះនឹងធ្វើឲ្យគេជឿថា គណបក្សដែលកាន់អំណាចជាងបីទសវត្សរ៍នេះនឹងដឹកនាំព្រឹទ្ធសភាម្នាក់ឯង ដោយគ្មានសំឡេង ជំទាស់នោះឡើយ។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា គណបក្សកាន់អំណាចនឹងមានសំឡេង លើសលប់នៅព្រឹទ្ធសភា ហើយលោកបានសម្តែងការពេញចិត្តចំពោះលទ្ធផល បឋមនេះ។លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះខុមហ្រែ្វល បានថ្លែងប្រាប់ VOA ថា ការបោះឆ្នោតព្រឹទ្ធសភានេះជាការបោះឆ្នោត មិនធ្វើតាមគោលការណ៍សេរីយុត្តិធម៌ពហុបក្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញជំពូកទី១៥ទេ។
«ព្រោះថា គោលការណ៍សេរីពហុបក្សគេត្រូវគោរពឆន្ទៈរបស់អ្នកបោះឆ្នោតដែល មានជាង៤៣ភាគរយ ឬ៥០០៧នាក់ តែអង្គបោះឆ្នោតទាំងនេះត្រូវបានដកសិទ្ធិ ហើយមួយទៀតសិទ្ធិចូលប្រកួតប្រជែងក្នុងការបោះឆ្នោត ជាពិសេសគណបក្ស ប្រឆាំងក៏ត្រូវបានដកសិទ្ធិមិនឲ្យប្រកួតប្រជែង រួមជាមួយនឹងអ្នកនយោបាយ»។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចៅសង្កាត់ ជំទប់ជាដើម មានចំនួនដល់ទៅ១១៥៧២ ហើយនិងសមាជិកសភាចំនួន១២៣គឺជាអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
អង្គបោះឆ្នោតទាំងអស់នេះភាគច្រើនកើតចេញពីការបោះឆ្នោតជូនដោយពល រដ្ឋ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧។ មានអង្គបោះឆ្នោតមួយ ចំនួនត្រូវបានបែងចែកដោយគ.ជ.ប ក្រោយពីតុលាការកំពូលដែលគេគិតថា គ្រប់គ្រងដោយគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីបែងចែកអាសនៈជូនទៅគណបក្សដទៃ មុនការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជាតិខាងមុខ។ គេគិតថា ការរំលាយគណបក្សសង្គ្រោះជាតិនេះគឺដើម្បីធានាជ័យជម្នះសម្រាប់លោក ហ៊ុន សែន និងបង្ហាញថា កម្ពុជាមានរបបសេរីនិយមពហុបក្សផង ព្រោះមានការបង្កើតគណបក្សផ្សេងៗទៀតដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានរបៀបនិងសណ្តាប់ធ្នាប់ល្អ។
នៅពេលទទួលបានជ័យជម្នះនេះ ប្រធានព្រឹទ្ធសភាមកពីគណបក្សប្រជាជន កម្ពុជានឹងនៅតែរក្សាឋានៈជាប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្រ ហើយអាចមានសិទ្ធិចុះហត្ថលេខាតែងតាំង និងដកហូតតំណែងមន្ត្រីរដ្ឋាភិបាលនានា បង្កើនសំឡេងចំនួនបីក្នុងចំណោមសមាជិកក្រុមប្រឹក្សារាជសម្បត្តិចំនួន៩ក្នុងការជ្រើសរើសព្រះមហាក្សត្រ ហើយនិងបុព្វសិទ្ធិសំខាន់ៗផ្សេងទៀតរាប់ទាំងក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ស្ថាប័នព្រឹទ្ធសភាមានតួនាទីជាច្រើនរាប់ទាំងពិនិត្យឲ្យយោបល់លើអត្ថបទច្បាប់ ដែលអនុម័តដោយរដ្ឋសភា និងផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ ត្រួតពិនិត្យការ អនុវត្តច្បាប់ និងផែនការ ហើយនិងរបាយការណ៍របស់រដ្ឋាភិបាល កោះហៅ មន្ត្រីរដ្ឋាភិបាលមកបំភ្លឺជាដើម។
លោក គល់ បញ្ញា បានបន្ថែមសេចក្តីថា ប្រទេសកម្ពុជាមានកាតព្វកិច្ចគោរពតាម គោលការណ៍ប្រជាធិបតេយ្យ សេរីនិយម ពហុបក្សដូចបានព្រមព្រៀងជាមួយ អន្តរជាតិ។
«ជាទូទៅសហគមន៍អន្តរជាតិ រាល់ការជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជានេះ គេតែងតែមានលក្ខខណ្ឌដែលលើកទឹកចិត្តឲ្យប្រទេសកម្ពុជាយើងគោរពតាំងពី ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកហ្នឹង គឺលក្ខខណ្ឌនៃការជួយកសាង ប្រទេសកម្ពុជាហ្នឹងគឺគេភ្ជាប់ជាមួយសិទ្ធិមនុស្ស ហើយនិងគោលការណ៍ប្រជាធិបតេយ្យ ព្រោះគេរកឃើញថា គោលការណ៍សិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យនេះហើយ សេរីពហុបក្សនេះហើយ ដែលជួយឲ្យប្រទេសយើងមាន ស្ថិរភាព មិនមានជម្លោះនយោបាយ ហើយមានការវិវត្តទៅតាមផ្លូវត្រូវមួយដែល អាចធ្វើឲ្យប្រជាពលរដ្ឋហ្នឹងទទួលបានការអភិវឌ្ឍហ្នឹងបានត្រឹមត្រូវ»។
ទោះជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលត្រូវបានចាប់ផ្តើមឃោសនាតាំងពីថ្ងៃទី ១០ ខែ កុម្ភៈ ដល់ថ្ងៃទី ២៣ ខែ កុម្ភៈ នោះ មិនមានការយកចិត្តទុកដាក់និងចាប់អារម្មណ៍ពីអន្តរជាតិប៉ុន្មានមែន តែសហគមន៍អន្តរជាតិ ដែលមានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជាដើម បានគំរាមមិនទទួលស្គាល់ការបោះឆ្នោតជាតិនៅខែ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ ហើយប្រកាសដាក់ទណ្ឌកម្មនានាថែមទៀត បើគ្មានការចូលរួមពីគណបក្សជំទាស់ មិនស្តារស្ថានការណ៍នយោបាយឡើងវិញ មិនអនុញ្ញាតឲ្យមេដឹកនាំក្រុមជំទាស់រួចពីការឃុំឃាំង មិនបញ្ចប់ការនិរទេសខ្លួនមេដឹកនាំក្រុមជំទាស់ដែលរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងមិនបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមអង្គការសង្គមស៊ីវិលនិងសារព័ត៌មានឯករាជ្យជាដើមទេនោះ៕