គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនរំពឹងថា នឹងឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅថ្ងៃអាទិត្យនេះ ហើយដែលនឹងជួយពង្រឹងអំណាចរបស់លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចអស់រយៈពេលជាង ៣០ ឆ្នាំ នៅពេលមានការបង្រ្កាបលើគណបក្សប្រឆាំង។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ៥៨ រូបនៃព្រឹទ្ធសភាដែលមានសមាជិកចំនួន ៦២ រូប នៅថ្ងៃអាទិត្យស្អែកនេះ នឹងមានអង្គបោះឆ្នោតជាសមាជិកសភាចំនួន ១២៣ រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១ម៉ឺន៥៧២នាក់នៅតាមការិយាល័យបោះឆ្នោតចំនួន ៣៣ នៅទូទាំងប្រទេសកម្ពុជា។ សមាជិកព្រឹទ្ធសភាពីររូបត្រូវតែងតាំងដោយព្រះមហាក្សត្រ និងពីររូបតែងតាំងដោយរដ្ឋសភា។
ប៉ុន្តែក្រុមសិទិ្ធមនុស្សនិងអ្នកនយោបាយប្រឆាំងបាននិយាយថា ការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានេះគឺជារឿងចំឡែកដែលបង្ហាញថា លោកហ៊ុន សែន ដែលញញើតការបោះឆ្នោតជាតិ នៅខែកក្កដា មិនអនុញ្ញាតឲ្យមានលទ្ធិប្រជាធិបតេយ្យពហុបក្សនោះទេ។
ក្រុមប្រឹក្សាឃុំសង្កាត់ស្ទើរតែពាក់កណ្តាលត្រូវបានដកហូតសិទ្ធិបោះឆ្នោតរបស់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិរបស់ពួកគេត្រូវបានរំលាយដោយតុលាការកាលពីខែវិច្ឆិកាឆ្នាំមុនតាមសំណើរបស់រដ្ឋាភិបាលលោកហ៊ុន សែន។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា Comfrel ដែលជាអង្គការឃ្លាំមើលការបោះឆ្នោត បាននិយាយថា «នេះជាលើកដំបូងហើយដែលការបោះឆ្នោត ជ្រើសរើសព្រឹទ្ធសភាធ្វើឡើងដោយគ្មានគណបក្សជំទាស់ធំចូលប្រកួតប្រជែង» ។
លោកបានបន្ថែមថា ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ៥ពាន់៧ នាក់ឬស្មើនឹង៤៤ ភាគរយនៃក្រុមប្រឹក្សាឃុំសង្កាត១១ម៉ឺន៥៧២ នាក់ដែលមានសិទ្ធិបោះឆ្នោត ត្រូវបានដកហូតសិទ្ធិបោះឆ្នោតរបស់ពួកគេ។ លោកបន្តថា វាមិនមែនជាការបោះឆ្នោតប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ទេ។ មានតែគណបក្សនយោបាយតូចៗបីប៉ុណ្ណោះចូលរួមការបោះឆ្នោត ក្រៅពីគណបក្សប្រជាជនកម្ពុជា។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យបានថ្លែងថា «ខ្ញុំរំពឹងថា យើងនឹងឈ្នះច្រើន។ ខ្ញុំជឿជាក់១០០ភាគរយថា ខ្ញុំនឹងត្រូវបានជ្រើសរើស»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា គណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចគឺជាគណបក្សតែមួយគត់ដែលធ្វើការប្រមូលផ្តុំគ្នាក្នុងអំឡុងពេលឃោសនារយៈពេល១៤ថ្ងៃ មុនការបោះឆ្នោតនៅថ្ងៃអាទិត្យស្អែកនេះ។ ព្រឹទ្ធសភាដែលសមាជិកមានអាណត្តិ៦ឆ្នាំ ត្រូវបានគេមើលឃើញថា ជាស្ថាប័នចាំតែប្រថាប់ត្រា ប៉ុន្តែប្រធានស្ថាប័ននេះមានអំណាចតាមរដ្ឋធម្មនុញ្ញ ធ្វើជាប្រមុខរដ្ឋ ចុះហត្ថលេខាអនុម័តច្បាប់ នៅពេលដែលព្រះមហាក្សត្រនៅក្រៅប្រទេស។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ បន្ទាប់ពីចាប់ខ្លួនមេដឹកនាំគឺលោកកឹម សុខា កាលពីឆ្នាំមុន តាមបទចោទថា ធ្វើគម្រោងការផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីសហរដ្ឋអាមេរិក ដែលជាការចោទប្រកាន់មួយដែលសហរដ្ឋអាមេរិកនិងលោកកឹម សុខាបានច្រានចោល។ ការរំលាយគណបក្សសង្គ្រោះជាតិបានលុបបំបាត់ឧបសគ្គចម្បងៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងការជាប់ឆ្នោតឡើងវិញ នៅខែកក្កដា។
លោកស្រីមូរសុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានហៅការបោះឆ្នោតនៅថ្ងៃអាទិត្យនេះថា ជារឿងគួរឲ្យអាម៉ាស់។ លោកស្រីនិយាយថា ការបោះឆ្នោតនេះនឹងពង្រីកការបែកបាក់នយោបាយរបស់ប្រទេសកម្ពុជាបន្ថែមទៀត។ លោកស្រីមូរ សុខហួរ ដែលបានរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «វាគឺជាការបោះឆ្នោតមួយសម្រាប់ប្រយោជន៍គណបក្សប្រជាជនកម្ពុជារក្សានិងគ្រប់គ្រងអំណាច»៕