ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​ព្រឹទ្ធសភា​បាន​បញ្ចប់​ដោយ​គ្មានបក្ស​ប្រឆាំង​ និង​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបោះឆ្នោត​ព្រឹទ្ធសភា​បាន​បញ្ចប់​ដោយ​គ្មានបក្ស​ប្រឆាំង​ និង​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ

ប្រជាពលរដ្ឋ​សាមញ្ញ​គ្មាន​ចំណាប់អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ រីឯគណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​​ បាន​បន្តចោទ​ថា​ ការបោះ​ឆ្នោត​​លើកនេះ​មិនស្រប​ច្បាប់​ និង​គ្មាន​ប្រជា​ធិបតេយ្យ​ឡើយ​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​អបអរជ័យជម្នះ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​បួន​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្សជំទាស់​សំខាន់​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ និង​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នេះ​ មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​សភា​ចំនួន ​១២៣​រូប​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជាង​១១.៥០០ ​នាក់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ចំនួន​៣៣ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ត្រូវ​បានតែងតាំង​ដោយ​ព្រះ​មហាក្សត្រ​និង​ពីរ​រូប​តែងតាំង​ដោយ​រដ្ឋសភា។ ​

ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​សាមញ្ញ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ ពួកគាត់​មិន​បាន​ដឹង​ មិនចាប់​អារម្មណ៍​ និង​មិន​យល់​ពី​តួនាទី​របស់​សមាជិក​ព្រឹទ្ធសភា​ឡើយ។​

កញ្ញា​ គុន​ ស្រីទូច​ និយាយ​ថា​ កញ្ញា​មិន​បាន​ដឹង​អ្វី​ជា​ស្ថាប័ន​ព្រឹទ្ធសភា​ ហើយ​មិន​ស្គាល់​សមាជិក​ព្រឹទ្ធសភា​ណា​មួយ​ ខណៈ​ដែល​កញ្ញា​គ្មាន​ពេល​តាម​ដាន​ព័ត៌មាន​ ព្រោះ​រវល់​លក់​ដូរ។ កញ្ញា​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖​

«អត់​ដែល អត់​ដែល​ស្តាប់​ព័ត៌មាន​ផង​ និយាយ​ទៅ​ណា​មួយ​រវល់​រកស៊ី​ អត់​មាន​ពេល​មើល​ទូរទស្សន៍​ មួយ​ខែ​ទល់​មួយ​ខែ​ អត់​ដែល​មើល​ទូរទស្សន៍​ម្តង​សោះ»។ ​

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ដែល​បាន​ផ្តល់​ឈ្មោះ​ថា​ ណៃ ខ្វាន់​ វ័យ​ ៣៣​ឆ្នាំ​ ក៏​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​ដ៏​ចម្រូងចម្រាស​នេះ​ដែរ​ ដោយ​ហេតុ​រវល់​ក្នុង​ការ​រកលុយ។​

«អត់​ដែរ​ ព្រោះ​មិន​សូវ​ចាប់​អារម្មណ៍​ ជាប់​តែ​រវល់​រត់​ម៉ូតូ​ទៅ​ មិន​ដែល​បាន​នៅ​មើល​ទូរទស្សន៍​ មើល​ព័ត៌មាន​អី​ អត់​ដែល​បាន​មើល​ ដល់​ចឹង​អត់​ចាប់​អារម្មណ៍»។ ​

ពលរដ្ឋ​ខ្លះ​អះអាង​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់​ស្ងៀម​ ហើយ​ទៅ​តាម​ច្បាប់​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​កែ​ ដោយ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អី្វ​លោក​បាន​នោះ​ទេ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ចុះ​ ក្រុម​មន្ត្រី​ក្រុមប្រឹក្សា​ឃុំសង្កាត់​ សមាជិកសភា​ នៃ​គណបក្សប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៤​ទសវត្សរ៍​សម្តែង​ក្តី​រីករាយ​នឹង​ការ​បោះឆ្នោត​ ហើយ​អះអាងថា ​ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​គណបក្ស​ច្រើន​ចូលរួម​ផង​ដែរ។​ ពួក​គាត់​ថ្លែង​ថា​ ការណ៍​មាន​បក្ស​ច្រើន​ចូលរួម​នេះ​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពេញលេញ។​

លោក​ សួង សំអុល​ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ​ ថ្លែង​ថា៖

«យើង​មើល​ យើង​មើល​រដ្ឋធម្មនុញ្ញ​យើង​ចែង​ យើង​កាន់​លទ្ធិ​សេរី​ពហុបក្ស​មិន​ចឹង? បាទ​ ដូច្នេះ​មិន​មែន​បក្ស​តែ​មួយ​ មែន​ឯកបក្ស​ឯ​ណា? នៅ​ក្នុង​[ហ្នឹង​]អត់​គណបក្ស​ប្រឆាំង​ ក៏​ប៉ុន្តែ​មាន​គណបក្ស​បី​ចូលរួម​ជាមួយ​យើង​ បាន​ន័យ​ថា ​ជា​មែន​ឯក​បក្ស​ទេ​ណ៎ា!​ ទៅ​ជា​ពហុបក្ស​ហើយ​ ចាប់​ពី​ពីរ​ទៅ​បាន​ន័យថា ​ពហុបក្ស​ហើយ»។​

អ្នកស្រី​ ឡោក ខេង សមាជិកសភា​មណ្ឌល​រាជធានី​ភ្នំពេញ​ ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​ថា អវត្តមាន​របស់​គណ​បក្ស​សង្គ្រោះជាតិ​ នឹង​មិន​ជា​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ អ្នក​ស្រី​មានប្រសាសន៍​ថា៖​

«ខ្ញុំ​ថា​ ការណ៍​ដែល​មិន​មាន​គណបក្ស​សង្គ្រោះជាតិ​ ​ឬ​ក៏​គណបក្ស​ប្រឆាំង​ គឺ​មិន​មាន​បញ្ហា​ព្រោះ​មាន​គណបក្ស​ដល់​ទៅ​បួន​ ដែល​បាន​ចូលរួម​ នោះ​គឺ​យើង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ត្រឹម​ត្រូវ​ហើយ»។​

អ្នក​តំណាងរាស្រ្ត​រូប​នេះ​ រំពឹង​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​ នឹង​កើន​ឡើងសំឡេង​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា ​ក្រោយ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​

គណបក្ស​សង្គ្រោះជាតិ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​ ៤០​ភាគរយ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្រោម​បទ​ចោទ​ថា ​លោក​បាន​ចូល​ដៃ​ជាមួយ​បរទេស​ ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ យ៉ាង​ណា​ក៏​ដោយ​ នៅមុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ច្រាន​ចោល​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​គណបក្ស​ប្រឆាំងដ៏​ធំ​នេះ​បាន​ចោទ​ថា ជា​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់​ និង​គ្មាន​ប្រជាធិបតេយ្យ។ ​

នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នេះ​ គណបក្ស​ប្រឆាំង​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ពន្យល់​អំពី​ភាព​មិន​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​នេះ​ ដោយ​ផ្អែក​លើ​កត្តាបី។ ទី​មួយ​ សមាសភាព​គ.ជ.ប.​ កើត​ឡើង​ដោយ​មិន​ស្រប​ច្បាប់​ និង​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ទី២​ អង្គ​បោះឆ្នោត​ ដែល​ជា​តំណាងរាស្ត្រ​ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ ៥.០៦២ ​រូប​ ពុំ​មែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ ទី៣ អវត្តមាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​កន្លះ​ប្រទេស​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ និង​នៅ​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ-សង្កាត់។ ​

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​បញ្ជាក់​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«គណបក្ស​សង្គ្រោះជាតិ​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ទាំងអស់​ និង​អង្គការ​សហ​ប្រជាជាតិ​ កុំ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ នីតិកាល​ទី​៤នេះ និង​ជួយ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ព្រម​ទាំង​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ និង​អ្នក​ទោស​មនសិការ​ទាំង​អស់​ និង​ធានា​ឲ្យ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ខាងមុខ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោក​ អេង​ ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បានរំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​មាន​ភា្ជប់​នៅ​សេចក្តី​ថ្លែង​ការណ៍​តាម​ន័យ​ដើម​បន្ថែម​ថា៖ «សមាជិក​ព្រឹទ្ធសភា​ខ្មែរ អាណត្តិទី៤ ដែល​បោះ​ឆ្នោត​ជ្រើស​តាំងនៅ​ថ្ងៃ​នេះ (២៥/០២/២០១៨) ចំនួន​២៥​នាក់ តំណាង​ឲ្យ​ចោរ ព្រោះ​អង្គ​បោះឆ្នោត​ចំនួន ៥.០៦២ នាក់​ជា​ចោរ​ដែល​អង្គុយ​លើ​កៅ​អី​បាន​មក​ពី​ការ​ប្លន់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧» ។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ​(ASEAN Parlianmentarian for Human Rights)​បាន​ក៏បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​របស់​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យនេះ ​មិន​មាន​លក្ខណៈ​ស្រប​ច្បាប់​តាម​បែប​ប្រជា​ធិបតេយ្យ​នោះ​ទេ ​ដោយសារ​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​និង​បរិយាកាស​គាប​សង្កត់​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស។​

លោក​ ស៊ិក ប៊ុនហុក​ ប្រធានគ.ជ.ប.​ ដែលបាន​ចុះ​សង្កេត​មើល​ការិយាល័យបោះឆ្នោត​ចំនួន​ពីរ​កន្លែង​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ ថ្លែង​ថា​ មិន​អាច​មាន​សមាគម​ណា​ ឬ​ប្រទេស​ណា​មក​ប្រកាស​ថា​ មិន​ទទួល​ស្គាល់​កិច្ចការ​ងារ​របស់គ.ជ.ប.​បាន​ទេ ​ដោយហេតុស្ថាប័ន​ជាតិ​មួយ​នេះ​ បាន​ទទួល​សេចក្តី​ទុក​ចិត្ត​ពី​សភា​ ដែល​តំណាង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស។​

«NEC​នេះ​គឺវាកើត​ឡើង​ចេញ​មក​ពីការ​បោះឆ្នោត​ ទុកចិត្ត​ពី​រដ្ឋសភា​ មិន​មែន​សមាគម​អាស៊ាន​ ឬ​ក៏​ចេញ​មក​ពី ONU​ ឬចេញ​ពី​អាមេរិកាំង​មក​បង្កើត​គ.ជ.ប.​យើង​នេះ​ទេ​ មិន​មែន​ចេញ​មក​ពី​ EU ​ទេ​ គ្មាន​ចេញ​ពី​ប្រ​ទេស​ណា​មួយ​ទេ​ គឺ​រដ្ឋ​សភា​ខ្មែរ​ ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​គឺ​គេ​បោះឆ្នោត​ទុក​ចិត្ត​ឲ្យ​ NEC​ ហ្នឹងមក​ធ្វើការ​ងារ​រៀបចំ​ការ​បោះឆ្នោត។ ​អា​ហ្នឹង​ត្រូវស្គាល់​ថា​ អ្នក​ណា​អ្នក​បង្កើតគ.ជ.ប.?​ រដ្ឋ​សភាជាតិ»។​

ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ VOA ​ចំពោះ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​នោះ​ លោក​ស៊ិក​ ប៊ុនហុកបាន​ថ្លែង​ថា៖​

«តាម​ច្បាប់​កំណត់​ បើ​ច្បាប់​រំលាយ​ហើយ​ ឯង​ឲ្យ​អ៊ំ​ទៅ​ទទួល​ស្គាល់​របស់​ស្អី​ ​គណបក្ស​ស្អី​ ដែល​គេ​រំលាយ​តាម​ច្បាប់។ បើអីចឹង​ អាហ្នឹង​ហើយដែល​នឹង​មាន​ភាព​មិន​ប្រក្រតី​ហ្មង។​ NEC ​មិន​ប្រក្រតី​ ​មិន​មែន​ស្ថិត​នៅ​លើ​ NEC ​គោរព​ច្បាប់​ទេ។ ​ដោយសារ​ថា​ NEC ​ត្រូវ​គោរព​ច្បាប់​ហ្នឹង​ហើយ​ បាន ​NEC ​ត្រូវ​រក្សា​ឲ្យបាន​នូវភាព​ប្រក្រតី​របស់​ NEC ​ទើប​មាន​អាព្យាក្រឹត្យនៃ​ការ​បោះ​ឆ្នោត​ហ្នឹង​ ហើយ​និង​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​គឺ​ទាល់​តែ​ឯករាជ្យ​ និង​ប្រព្រឹត្ត​ទៅ​ដោយ​សេរីត្រឹម​ត្រូវ​ យុត្តិធម៌​ អា​នេះ​ដែល​អ៊ំ​ត្រូវ​ធ្វើ»។​

លោក​ស៊ិក ប៊ុនហុក​បដិសេធ​មិន​អធិប្បាយ​ នៅពេល​ VOA ​សួរ​លោក​បន្ថែម​អំពី​គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់លទ្ធផល​បោះ​ឆ្នោត។ ​លោក​បា្រប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត​ថា​ ការ​មិន​ចូលរួម​សង្កេត​ការណ៍​ ឬ​ការ​មិន​គាំទ្រ​ពី​សហគមន៍​ប្រជា​ធិបតេយ្យ​ធំៗ​ពីរ គឺ​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​មិន​មែន​ជា​ឧបសគ្គ​បង្អាក់​ដំណើរ​ការ​របស់​គ.ជ.ប.​ ដែល​បំពេញការ​ងារ​តាម​ច្បាប់​កំណត់​ឲ្យ​ដើរ​ ដើម្បីធានា​ឲ្យបាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌។​

លទ្ធផល​នៃ​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប.បាន​ឲ្យដឹងថា មាន​អ្នក​ទៅ​បោះឆ្នោត​ ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​តំណាង​រាស្ត្រ​ចំនួន​សរុប​១១៦៧០​នាក់​គឺ​ស្មើនឹង​៩៩,៧៩ភាគ​រយ។​

នៅ​រាជធានីភ្នំពេញ​ ការិយាល័យ​បោះឆ្នោត​ចំនួន​ពីរ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ម៉ោង​៧​ព្រឹក​ ​និង​បាន​បិទ​ការិយាល័យ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​មិន​មាន​បញ្ហា​អ្វីកើត​ឡើង​ ខណៈ​ដែល​ស្ថាន​ភាព​ទូទៅ​នៅ​រាជធានី​មានភាព​ប្រក្រតី។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីមន្ត្រី​សាលា​រាជធានី​ភ្នំពេញ។​

ការ​បោះឆ្នោត​ជា​លក្ខណៈ​អសកល​នេះ​មិន​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ធំៗ​ចំនួន​ពីរ​ដែល​មិន​រណប​នឹង​រដ្ឋាភិបាល​ គឺ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel​ និង​ Nicfec។ ​លោក​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លំាមើល​ការបោះ​ឆ្នោត​ Nicfec ​បាន​ប្រាប់​ VOA ​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នេះ​ថា​ បើ​មើល​ទៅ​លើ​នីតិ​វិធីច្បាប់​ ​ការ​បោះឆ្នោត​នេះត្រូវបាន​ធ្វើ​ឡើង​ត្រឹមត្រូវ​ ​តែអង្គ​បោះឆ្នោត​មួយ​ភាគ​មិន​មាន​ភាព​ជា​តំណាង​ ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ក្រុម​មន្ត្រី​នាំពាក្យ​នៃ​គណបក្ស​ធំៗ​ពីរ​ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ គឺគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីន​ប៉ិច​ នៅ​មិន​ទាន់​អាច​ផ្តល់​ការ​សន្និដ្ឋាន​នៃ​ចំនួន​អាសនៈ​ដែល​គណបក្ស​ទាំង​ពីរ​នឹង​បាន​ទទួល​នៅ​ព្រឹទ្ធ​សភាទេ​ បន្ទាប់​ពីការ​បញ្ចប់​ទៅនៃ​ការ​បោះឆ្នោត​នៅថ្ងៃ​អាទិត្យ​នេះ៕

XS
SM
MD
LG