មន្ត្រីកំពូលរបស់ពួករដ្ឋឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដោយស.រ.អា.ដែលជាការវាយប្រហារបែបនេះលើកទីពីរក្នុងពេលបួនខែកន្លងទៅនេះនិងជាការវាយប្រហារលើកទីបីក្នុងពេលមួយឆ្នាំមកហើយ។
ពួកមន្ត្រីយោធាស.រ.អា.បាននិយាយកាលពីថ្ងៃសុក្រថាឈ្មោះ Abu Sayed បានត្រូវសម្លាប់កាលពីថ្ងៃទី១១ខែកក្កដានៅក្នុងការវាយប្រហារតាមអាកាសមួយលើទីបញ្ជាការធំរបស់ពួកគេនៅក្នុងខេត្ត Kunar ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។ សមាជិកឯទៀតៗនៃពួករដ្ឋឥស្លាមក៏បានត្រូវសម្លាប់ដែរ។
លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អា. Jim Mattis បានហៅការវាយប្រហារនេះថាជាសញ្ញាមួយបង្ហាញថាកិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.ក្នុងការទប់ទល់នឹងពួកភេរវជននេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឋិត «នៅក្នុងទិសដៅត្រឹមត្រូវ» ហើយ។
លោក Mattis បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតប្រចាំការក្នុងក្រសួងការពារប្រទេសស.រ.អា.ថា «រៀងរាល់ពេលដែលអ្នកសម្លាប់មេដឹកនាំម្នាក់នៃក្រុមមួយក្នុងបណ្តាក្រុមទាំងនេះ ការណ៍នេះបានរុញច្រានពួកវាឱ្យថយក្រោយ» ដោយលោកបានប្រកែកមិនព្រមនិយាយល្អិតល្អន់ថែមទៀតអំពីកិច្ចប្រតិបត្តិការនេះទេ។
លោកឧត្តមសេនីយ John Nicholson មេបញ្ជាការកងកម្លាំងស.រ.អា.និងអូតង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានមានប្រសាសន៍ដាច់ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងនឹងបន្តប្រយុទ្ធរហូតដល់ពេលណាពួកវាត្រូវបានកម្ចាត់ចោល។ គ្មានជម្រកសុខសាន្តសម្រាប់ពួក ISIS-K ក្នុងប្រទេសអាហ្វហ្គានីស្ថានទេ»៕