អនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ចាប់ផ្តើមដំណើរទស្សនកិច្ចទៅតំបន់អាស៊ីឦសាន ដើម្បីពង្រីកកេរ្តិ៍ឈ្មោះរបស់លោក។ នៅក្នុងឆ្នាំនេះលោកមានគម្រោងទៅទស្សនកិច្ចឲ្យបាន១០ប្រទេស និងដើម្បីទប់ទល់ជាមួយនឹងភាពគឃ្លើនរបស់កូរ៉េខាងជើងនៅឯការប្រកួតកីឡាអូឡាំពិករដូវរងាដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីសេតវិមានម្នាក់បានប្រាប់ក្រុមអ្នកសារពត៌មាននៅមុនដំណើរទស្សនកិច្ចរបស់លោក Pence កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមិនចង់ឲ្យរបបដឹកនាំកូរ៉េខាងជើង លួចយកសារដើម្បីធ្វើការឃោសនារបស់ពួកគេនោះទេ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតីនៅក្នុងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលនៅសប្តាហ៍នេះ លោក Pence នឹងពង្រីកនូវអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិក ហៅថាជាយុទ្ធនាការដាក់សម្ពាធអតិបរិមាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីធ្វើឲ្យពួកគេបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួញផ្លោងឆ្លងទ្វីបរបស់ខ្លួន។
ទស្សនកិច្ចនេះធ្វើឡើងនៅស្របពេលមានការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ និងមានសេចក្តីរាយការណ៍ពីការមិនព្រមព្រៀងគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីតោន និងរដ្ឋាភិបាលទីក្រុងសេអ៊ូល អំពីវិធាការណ៍ទប់ទល់និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា «យើងបានឃើញពីការវាយលុកយ៉ាងគឃ្លើនរបស់កូរ៉េខាងជើងកាលពីពេលកន្លងមក ហើយពួកគេមិនបានធ្វើអ្វីដើម្បីបញ្ជាក់ពីការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ពួកគេនោះទេ»។
បន្ទាប់ពីលោក Pence ស្តាប់បទបង្ហាញអំពីប្រព័ន្ធការពារកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបនៅឯមូលដ្ឋានទ័ពអាកាសនៅក្នុងរដ្ឋអាឡាស្កា នៅអំឡុងការឈប់សំចតរបស់លោករួចមក លោកនឹងបន្តដំណើររបស់លោកទៅកាន់ប្រទេសជប៉ុន។
លោក Pence នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅក្នុងទីក្រុងតូក្យូនៅថ្ងៃពុធ លោកនឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន និងបន្ទាប់មកជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅក្នុងកម្មវិធីស្វាគមន៍អាហារពេលល្ងាចសម្រាប់លោកអនុប្រធានាធិបតី Pence។ ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារពត៌មាននៅពេលនោះផងដែរ៕