អនុប្រធានាធិបតីអាមេរិកលោក Mike Pence ធ្វើដំណើរទស្សនកិច្ចនៅក្នុងសប្ដាហ៍នេះទៅកាន់តំបន់អាស៊ីខាងជើងដើម្បីជួយទប់ទល់នឹងយុទ្ធនាការទាក់ទាញការគាំទ្ររបស់ប្រទេសកូរ៉េខាងជើងនៅឯការប្រកួតកីឡាអូឡាំពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូងដែលនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោក Mike Pence លើកនេះ គឺដោយសារតែ «ការព្រួយបារម្ភដ៏ខ្លាំងក្លា» ដែលថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un «នឹងធ្វើឲ្យគេយល់ច្រឡំនៅឯកីឡាអូឡាំពិក។ កូរ៉េខាងជើងកន្លងមកគឺជាអ្នកជំនាញដើរអុកឡុកគេឯង។ កូរ៉េខាងជើងគឺជារដ្ឋឃោរឃៅសាហាវយង់ឃ្នង»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃសេតវិមានដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។
បន្ទាប់ពីលោកស្ដាប់ការផ្ដល់ព័ត៌មានអំពីប្រព័ន្ធការពារមីស៊ីលនៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក នៅថ្ងៃចន្ទស្អែកនេះមក លោក Mike Pence នឹងបន្តដំណើរទស្សនកិច្ចរបស់លោកតាមយន្តហោះ Air Force Two ទៅកាន់ប្រទេសជប៉ុន។
នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅថ្ងៃពុធខាងមុខនេះ។
នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ លោក Mike Pence នឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In។
មន្ត្រីរដ្ឋាភិបាលអាមេរិកថា ការពិភាក្សារបស់លោក Pence ជាមួយនឹងលោក Abe និងលោក Moon គឺជាការពិភាក្សាប្រកបដោយផ្លែផ្កា៕