ការប្រកាសនៅថ្ងៃចន្ទនេះរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលថា មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសកូរ៉េខាងជើងនឹងចូលរួមនៅក្នុងកីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បានបង្កឲ្យមានក្ដីរំពឹងទុកថា ការបំបែកភាពជាប់គាំងផ្នែកការទូតមួយអាចកើតមានឡើង។
ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា លោក Kim Yong Nam ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រទេសកូរ៉េខាងជើង នឹងដឹកនាំគណៈប្រតិភូផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងជើងទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិកនៅថ្ងៃសុក្រខាងមុខនេះ។
លោក Baek Tae Hyun អ្នកនាំពាក្យនៃក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងលើកនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ការរៀបចំដោយជោគជ័យនូវការប្រកួតកីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុង PyeongChang នេះឲ្យក្លាយជាកីឡាអូឡាំពិកសន្តិភាព សម្រាប់ការស្ដារឡើងវិញនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងសម្រាប់ការកសាងសន្តិភាពនៅលើឧបទ្វីបកូរ៉េ»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក៏នឹងមានវត្តមាននៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកនេះដែរ ដែលនេះនឹងបង្កើតបានជាឱកាសមួយសម្រាប់កិច្ចការទូតស្ងាត់ស្ងៀមដែលអាចនឹងធ្វើឡើងនៅក្រៅពិធីបើកការប្រកួតកីឡាអូឡាំពិកនេះ៕