អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នៅថ្ងៃពុធ បានបើកដំណើរការទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់អាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងហាណូយក្នុងពិធីមួយដែលរួមមានរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសុខុមាលភាពពលរដ្ឋអាមេរិក នាយកទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺស.រ.អ. និងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសចំនួន១១។
ការិយាល័យប្រចាំតំបន់ថ្មីនេះ ពង្រឹងសមត្ថភាពទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ ក្នុងការបំពេញបេសកកម្មការពារជនជាតិអាមេរិក និងប្រជាជនក្នុងតំបន់តាមរយៈការឆ្លើយតបឆាប់រហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាពនៅទីកន្លែងដែលកើតមាន ហើយបង្កើតទំនាក់ទំនងសំខាន់ៗដើម្បីដោះស្រាយបញ្ហាអាទិភាពសុខភាពរួមគ្នា។
អ្នកស្រី Harris បានពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខសុខាភិបាលក្នុងតំបន់ និងបានអំពាវនាវជាថ្មីឱ្យមានសកម្មភាពត្រៀមបង្ការ និងឆ្លើយតបជំងឺរាតត្បាត។
លោក Xavier Becerra រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពពលរដ្ឋស.រ.អ.ថ្លែងថា៖ «តាមរយៈការិយាល័យនេះ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងក្នុងតំបន់ដើម្បីចែករំលែកយុទ្ធសាស្ត្រ និងពង្រឹងសមត្ថភាពគ្នាក្នុងការការពារ ស្វែងរក និងឆ្លើយតបការគំរាមកំហែងនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន និងទៅអនាគត។ សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ជាច្រើនឆ្នាំរវាងរដ្ឋាភិបាលរបស់យើង។ វា ក៏ជាឱកាសដ៏សំខាន់មួយដើម្បីជួបជុំគ្នាពិភាក្សាអំពីអាទិភាពសន្តិសុខសុខភាពរួមគ្នារបស់ប្រទេសយើងផងដែរ»៕