កាលពីថ្ងៃព្រហស្បតិ៍ផ្សារជួញដូរភាគហ៊ុននៅក្នុងស.រ.អា.បើកទ្វារប្រកបពាណិជ្ជកម្មដោយចុះទាបខ្លាំងដោយសារអ្នកវិនិយោគសាកលកើតទុក្ខពីព្រោះមានការរាលដាលវីរុសកូរ៉ូណានិងបញ្ហាសេដ្ឋកិច្ចដោយសារហេតុការណ៍នេះ។
ការជួញដូរភាគហ៊ុនបានផ្អាកក្នុងរយៈពេលខ្លីនៅក្រោយសន្ទស្សន៍Dow Jones Industrial Average បានធ្លាក់ចុះទាបជាងពេលបើកធ្វើការជួញដូរជាង៧ភាគរយ។ចំណែកឯសន្ទស្សន៍ S & P 500 និងសន្ទស្សន៍Nasdaq Composite Index បានចុះជាង៦ភាគរយ។
កាលពីព្រឹកថ្ងៃពុធសន្ទស្សន៍ Nikkei Index នៃប្រទេសជប៉ុនបានចុះថយ៤,៤%, ចំណែកឯសន្ទស្សន៍ Hang Seng Index នៃក្រុងហុងកុងបានចុះ៣,៧%ហើយសន្ទស្សន៍Shanghai Composite Index នៃប្រទេសចិនបានខាត១,៥%។ភាគហ៊ុននៅក្នុងប្រទេសអូស្ត្រាលីបានចុះថយជាង៧%កាលពីថ្ងៃព្រហស្បតិ៍។
ផ្សារជួញដូរភាគហ៊ុននៅក្នុងទ្វីបអឺរ៉ុបមានផលប៉ះពាល់ខ្លាំងនៅពេលធ្វើពាណិជ្ជកម្មនៅពេលព្រឹកដោយភាគហ៊ុននៅក្នុងប្រទេសអង់គ្លេស បារាំងនិងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ៦%។
ការធ្វើដំណើរតិចតួចដោយសារការរាលដាលនៃមេរោគវីរុសកូរ៉ូណាក៏បានបណ្តាលឱ្យប្រេងចុះថ្លៃក្នុងពិភពលោក។ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍និងក្រុមហ៊ុននាវាកម្សាន្តក៏មានផលប៉ះពាល់ធ្ងន់ធ្ងរដែរ៕