ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគហ៊ុន​អាមេរិក​ឡើង​ថ្លៃ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន ​ប្រកាស​ការ​ចរចា​ពាណិជ្ជកម្ម​​​ថ្មី​ថ្នាក់​កំពូល


រូបឯកសារ៖ កញ្ចក់​ទូរទស្សន៍​បង្ហាញ​តួលេខ​នៅ​ម៉ោង​​បិទ​ទីផ្សារ​ភាគ​ហ៊ុន​​ នៅទីក្រុង​ញូវយ៉ក (New York Stock Exchange) កាល​ពី​ថ្ងៃ​ទី​១៤ សីហា ២០១៩។
រូបឯកសារ៖ កញ្ចក់​ទូរទស្សន៍​បង្ហាញ​តួលេខ​នៅ​ម៉ោង​​បិទ​ទីផ្សារ​ភាគ​ហ៊ុន​​ នៅទីក្រុង​ញូវយ៉ក (New York Stock Exchange) កាល​ពី​ថ្ងៃ​ទី​១៤ សីហា ២០១៩។

ផ្សារ​ភាគហ៊ុន​អាមេរិក ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ឡើង​ថ្លៃ​នៅ​ពេល​មាន​ព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ការ​ចរចា​ពាណិជ្ជ​កម្ម​ថ្មី។

ភាគហ៊ុន​របស់ ​Dow Jones Industrial Average​ បាន​ឡើង​៣៧២​ពិន្ទុ។ ភាគហ៊ុន S&P 500​ បាន​ឡើង​ជាង​១​ភាគរយ​ខណៈ​ភាគហ៊ុន​របស់ ​NASDAQ​ បាន​ឡើង​ជិត​២​ភាគ​រយ។

ការ​យក​ពន្ធគយ​ថ្មី​លើ​ការ​នាំចូល​ទំនិញ​របស់​សហរដ្ឋ​អាមេរិក ​និង​ចិន​ និង​ភាព​មិន​ប្រាកដ​ប្រជាលើការចរចា​កម្រិត​ខ្ពស់ ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​វិនិយោគទុន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ចិន​បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ចរចា​កម្រិត​ខ្ពស់​ថ្មី​មួយ​នៅ​ដើម​ខែ​តុលា។

ក្រសួង​ពាណិជ្ជកម្ម​ចិន ​ប្រាប់​ឲ្យ​ដឹង​ថា ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu He ​លោក តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ Robert Lighthizer ​និង​លោក​ Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​ចរចា​ក្នុង​អំឡុង​នៃ​ការ​និយាយ​តាម​ទូរស័ព្ទ។

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម ​មិន​បាន​ផ្តល់​កាល​បរិច្ឆេទ​ដោយ​គ្រាន់​តែ​និយាយ​ថា ​នឹង​មាន​ការ​ចរចា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

​ភាគី​ទាំង​២ ​នឹង​ធ្វើ​ការ​ចរចា​ថ្នាក់​អនុ​ប្រធាន​នៅ​ខែ​នេះ ​ដែល​ចិន​និយាយ​ថា ​នឹង​ក្រាល​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ពិត​ប្រាកដ។ មិន​មាន​ការ​ចរចា​កម្រិត​ខ្ពស់​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​នៅ​ក្នុង​កក្កដា​ទេ។

ក្នុង​ពេល​ដ៏​សំខាន់​នេះ ​ភាគី​ទាំង​២ ​បាន​បន្តសង្គ្រាម​ពាណិជ្ជកម្មនៅ​សប្តាហ៍​នេះ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ បាន​យក​ពន្ធគយ​ចំនួន​១៥​ភាគ​រយ​ លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ​១១២​ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​អា​ទិត្យ​កន្លង​មក​នេះ។ ការណ៍​នេះ​មាន​ន័យ​ថា អ្នក​ទិញ​ទំនិញ​សហរដ្ឋ​អាមេរិក ​អាច​ឃើញ​ការ​ឡើង​ថ្លៃ​លើ​ម្ហូប​អាហារ​ ឧបករណ៍​កីឡា​ តន្រ្តី​ និង​គ្រឿង​សង្ហារឹម៕

XS
SM
MD
LG