ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Islam Karimov​ ប្រធានាធិបតី​អ៊ូសបេគីស្ថាន​ទទួល​មរណភាព​ក្នុង​អាយុ​៧៨​ឆ្នាំ


រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​អ៊ូសបេគីស្ថាន លោក Islam Karimov ពេល​ជួប​លោក​ John Kerry កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​គ្រប់​គ្រង​រដ្ឋ​បែប​ផ្តាច់​ការ​មួយ​រូប។
រូបឯកសារ៖ ប្រធានាធិបតី​ប្រទេស​អ៊ូសបេគីស្ថាន លោក Islam Karimov ពេល​ជួប​លោក​ John Kerry កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៥។ លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​គ្រប់​គ្រង​រដ្ឋ​បែប​ផ្តាច់​ការ​មួយ​រូប។

រដ្ឋាភិបាល​ និង​សភា​នៃ​ប្រទេស​អ៊ូសបេគីស្ថាន (Uzbekistan) បាន​ប្រកាស​អំពី​មរណភាព​នៃ​លោក​ប្រធានាធិបតី​ Islam​ Karimov ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២ខែ​កញ្ញា​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​លោក ​Karimov ​ដែល​បាន​ស្លាប់​ក្នុង​អាយុ​៧៨​ឆ្នាំ​នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ទី៣​ខែ​កញ្ញា​នេះ​ នៅ​ក្នុងក្រុង Samarkand ​ដែល​ជា​ក្រុង​កំណើត​របស់​លោក។

អ្នកស្រី​ Lola Karimova-Tillayeva ​ដែល​ជា​កូន​ស្រី​លោក ​Karimov បាន​ធ្វើ​អត្ថាធិប្បាយតាម​ Facebook ​និង​ Istagram ​អំពី​មរណភាព​របស់​ឳពុក​អ្នកស្រី​ថា៖ «គាត់​បាន​ចាក​ចេញពីយើង​ហើយ​...ខ្ញុំ​មិន​អាច​ជឿ​បាន​ទេ...​យើង​មក​ពី​ព្រះ​អាទិទេព​ហើយ​យើង​នឹង​វិលទៅ​កាន់​ព្រះ​អង្គ​វិញ។ សូម​ព្រះអាទិទេព​មេត្តា​ប្រោស​ប្រណី​ដល់​គាត់​ផង»។

កាល​ពី​ថ្ងៃ​សុក្រ​ នៅ​មុនមាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មក​ពី​ប្រទេស​អ៊ូសបេគីស្ថាន​ លោក​នាយក​រដ្ឋមន្ត្រី​ Binali Yildirim ​នៃ​ប្រទេស​តួកគី​ បាន​សម្តែង​មរណទុក្ខ​របស់​លោក​ដល់​រដ្ឋាភិបាល​និង​ប្រជារាស្ត្រ​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ នៅ​ក្នុង​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​ដែល​បាន​ត្រូវ​ផ្សាយ​ដោយ​ផ្ទាល់​តាម​ទូរទស្សន៍។

លោក ​Binali Yildirim​ បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី​ Islam Karimov​ នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ បាន​ស្លាប់​ហើយ។​ សូម​ព្រះទ័យ​មេត្តា​ប្រោស​ប្រណី​របស​ព្រះអាទិទេព​មាន​ដល់​លោក។​ យើង​នៅ​ក្នុង​សាធារណរដ្ឋ​តួកគី​ សូម​រំលែក​ការ​ឈឺ​ចាប់​និង​ការ​សោក​សង្រេង​របស់​ប្រជារាស្ត្រ​អ៊ូសបេគីស្ថាន»។

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​រុស្ស៊ី Fergana ​បានរាយ​ការណ៍​កាល​ពី​ពេល​មុននេះ​ថា​ មាន​ការ​រៀប​ចំ​ពិធី​បុណ្យ​សពលោក​ Karimov ​នៅ​ក្នុង​ក្រុង​ Samarkand។​

លោក ​Karimov ជា​អ្នក​គ្រប់គ្រង​កាន់​អំណាច​ផ្តាច់ការ​នៅ​ក្នុង​ប្រទេស​ជាតិ​នេះ​ក្នុងផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​ជាង​២៥​ឆ្នាំ​មក​ហើយ។ លោក​បាន​បង្ក្រាប​ពួក​អ្នក​ប្រឆាំង​ហើយ​មិន​បាន​ចាត់​តាំង​អ្នក​បន្ត​តំណែង​ពី​លោក​ទេ។​

អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ជា​មួយ​ការ​ស្លាប់​របស់​លោក​ Karimov របប​គ្រប់​គ្រង​សង្កត់​សង្កិន​នៃ​ប្រទេស​អ៊ូសបេគីស្ថាន​ មិន​ទំនង​ជា​នឹង​កែ​ប្រែ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG