យន្តហោះដឹកអ្នកដំណើរប្រទេសអេហ្ស៊ីបមួយគ្រឿង ដែលហោះទៅកាន់ក្រុងប៉េកាំង ប្រទេសចិនបានបង្ខំចិត្តចុះចតជាបន្ទាន់ក្នុងប្រទេស អ៊ូសបេគីស្ថាន (Uzbekistan) កាលពីព្រឹកថ្ងៃពុធនេះ។
ក្រុមមន្ត្រីអេហ្ស៊ីបបាននិយាយថា ការចុះចតជាបន្ទាន់នៅឯព្រលានយន្តហោះអន្តរជាតិ Urgench ដោយសារតែមានការគំរាមដាក់បំផ្ទុះគ្រាប់បែកក្លែងក្លាយមួយ តែក្រោយមកគេគ្មានឃើញគ្រឿងផ្ទុះនោះទេ។
មន្ត្រីម្នាក់បាននិយាយថា យន្តហោះនេះត្រៀមបន្តដំណើររបស់ខ្លួនទៅមុខទៀត។ នេះជាការគំរាមបញ្ឆោត អរគុណព្រះជាម្ចាស់។
ជើងយន្តហោះ MS955 ដែលបានចេញដំណើរពីក្រុងគែរ មានផ្ទុកអ្នកដំណើរ ១១៨នាក់ និងបុគ្គលិកហោះហើរចំនួន១៧នាក់។
ជើងយន្តហោះអេហ្ស៊ីបបានទទួលការគំរាមដាក់គ្រាប់បែកជាច្រើនលើកចាប់តាំងពី យន្តហោះប្រទេសនេះបានធ្លាក់ទៅក្នុងសមុទ្រមេឌីទែរ៉ានេកាលពីខែមុន ក្នុងជើង ហោះហើរពីក្រុងប៉ារីសទៅកាន់ក្រុងគែរ។ ការធ្លាក់យន្តហោះប្រភេទ Airbus 320 នោះបានសម្លាប់មនុស្ស៦៦នាក់។
ក្រុមអ្នកស៊ើបអង្កេតកំពុងស្រាវជ្រាវអំពីយន្តហោះដែលបាត់ចេញពីរ៉ាដា កាលពីថ្ងៃទី ១៩ ខែឧសភានោះ៕