កាលពីថ្ងៃអាទិត្យ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានជួបជាមួយមេដឹកនាំកាន់អំណាចផ្តាច់ការនៃប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) និងក្រុមមន្ត្រីមកពីប្រទេសឯទៀតៗនៃអាស៊ីកណ្តាល ដែលត្រូវបានចោទប្រកាន់ថាជាក្រុមអ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។
ទស្សនកិច្ចរបស់លោក Kerry នៅក្នុងអាស៊ីកណ្តាលមានឡើងនៅក្រោយការឈប់សំចតរបស់លោកក្នុងទ្វីបអឺរ៉ុបនិងភូមិភាគមជ្ឈិមបូព៌ា។ កាលពីថ្ងៃអាទិត្យលោកបានជួបជាមួយក្រុមមេដឹកនាំនៃអតីតសាធារណរដ្ឋសូវៀតប្រាំគឺប្រទេស Kazakhstan, Tajikistan, Turkmenistan និងប្រទេស Uzbekistan។
ក្រុមមេដឹកនាំនៃប្រទេសទាំងនេះខ្វល់ខ្វាយអំពីការងើបឡើងវិញនៃពួកតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអំពីការជ្រើសរើសប្រជារាស្ត្ររបស់ពួកគេឱ្យចូលបម្រើការក្នុងអង្គការភេរវជនដូចជាក្រុមរដ្ឋឥស្លាមជាដើម។ លោក Kerry បានមានប្រសាសន៍អំពីកង្វល់ទាំងនេះនៅក្នុងការប្រជុំនៅក្នុងក្រុង Samakand នៅតាមផ្លូវសូត្របុរាណ។
លោក Kerry បានមានប្រសាសន៍ថា «យើងនឹងនិយាយគ្នាអំពីការលូតលាស់សេដ្ឋកិច្ចនិងការភ្ជាប់ការទាក់ទងគ្នា បរិស្ថាន សន្តិសុខនិងស្ថេរភាពក្នុងតំបន់ និងសិទ្ធិរស់នៅជាមនុស្សជាតិ។ នៅក្នុងពេលជាពិសេសនៃប្រវត្តិសាស្ត្រនេះ បញ្ហាសេដ្ឋកិច្ចនិងបញ្ហាសន្តិសុខ នឹងទៅជាមួយគ្នា។ បញ្ហាទាំងពីរនេះពង្រឹងគ្នាទៅវិញទៅមក។»
កាលពីពេលមុននោះលោកKerryបានធ្វើការសន្ទនាជាមួយលោកប្រធានាធិបតី Islam Karimov នៅក្នុងជំនួបកម្រមានមួយរវាងមន្ត្រីអាមេរិកាំងជាន់ខ្ពស់និងអ្នកកាន់អំណាចផ្តាច់ការម្នាក់ ដែលជាទីដៅញឹកញយរបស់ក្រុមអ្នករិះគន់លោកខាងសិទ្ធិមនុស្ស។
ប្រធានាធិបតីអ៊ូសបេគីស្ថានដែលមានអាយុ៧៧ឆ្នាំរូបនេះ បានដឹកនាំប្រទេសលោកចាប់តាំងពីឆ្នាំ១៩៩០មក៕