ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​ប្រកាស​ជំនួយ​ថ្មី​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា


រូបឯកសារ៖ រូបថតបង្ហាញដៃរបស់អ្នកតវ៉ាមួយក្រុមកាន់របងខ្លោងទ្វារនៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
រូបឯកសារ៖ រូបថតបង្ហាញដៃរបស់អ្នកតវ៉ាមួយក្រុមកាន់របងខ្លោងទ្វារនៅមុខតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។

តាម​រយៈ​ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ការ​គាំទ្រ​ថ្មី​មួយ ​ដែល​មាន​គោល​បំណង​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ​ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​នេះ។​

ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​ធ្វើ​ឡើង​ខណៈ​កម្ពុជា​ទទួល​បានចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​ហើយ​រដ្ឋាភិបាល​មិន​បាន​ខិត​ខំ​ជា​ដុំ​កំភួន​ដើម្បី​កែ​លម្អ។​

សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា​ ជំនួយ​នេះ​«គាំទ្រ​ដល់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត ​និង​កាត់​ទោស​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស»។​ ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិមិន​បាន​បញ្ជាក់​ទំហំ​ទឹក​ប្រាក់​នៃ​ជំនួយ​នេះ​ទេ។​

គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​នឹង​គ្រប់គ្រង​ដោយ​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ ​(International Justice Mission - IJM) ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ (Cambodia Counter Trafficking in Persons - CTIP) ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ ដែល​អនុវត្ត​ដោយ​អង្គការ​ វីនរ៉ក់​អន្តរជាតិ​ (Winrock International)។ ​គម្រោងប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​វិស័យ​ឯក​ជន ​និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា​ពី​អំពើ​ជួញដូរ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។​

លោក ​Benjamin Wohlauer ​ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ ​«ការងារ​របស់​យើង​លើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​នឹង​អង្គការ​បេសក​កម្ម​យុត្តិធម៌​អន្តរជាតិ​នឹង​ជួយ​សម្រាល​ការ​ឈឺ​ចាប់​របស់​ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរមនុស្ស ​និង​យក​ជន​ល្មើស​មក​កាត់​ទោស​តាម​ច្បាប់។ ​យើង​មាន​មោទន​ភាព​ក្នុង​ការ​ជួយ​ដល់កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស»។ ​

សហ​រដ្ឋ​អាមេរិក​បន្ត​សហការ​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឃ្លាំ​មើល​សូចនាករ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើស​រើស​ពលករ​ ​ក៏ដូចជា​កាត់​ទោស​ឧក្រិដ្ឋ​ជន ​ការពារ​ជន​រង​គ្រោះ​ និង​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំរបស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​លើ​ពិភព​លោក​ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែកក្កដា ​បង្ហាញ​ថា​ កម្ពុជា​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ​ (Tier 2)​ មក​កម្រិត​បី ​(Tier 3)​ ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិតខំ​ជា​ដុំ​កំភួន​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។​ ក្រសួង​ការ​បរទេស​អាមេរិក​ឲ្យ​ដឹង​ថា ​អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​កិច្ច​ការ​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG