ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្ដល់​ថវិកា​ជិត​២​លាន​ដុល្លារ សម្រាប់​ជួយ​ការងារ​បោះឆ្នោត​នៅ​កម្ពុជា


ស្លាកសញ្ញាទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (U.S. Agency for International Development ឬUSAID)។ ​
ស្លាកសញ្ញាទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (U.S. Agency for International Development ឬUSAID)។ ​

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (U.S. Agency for International Development ឬUSAID) ​ប្រកាស​ផ្ដល់​ថវិកា​១,៨​លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) សម្រាប់​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០១៧ និង​២០១៨​ខាងមុខ។

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ កំពុង​ឈាន​ជិត​មកដល់ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​ថ្មី​មួយ​ទៀត ដើម្បី​ជួយ​ដល់​ការងារ​រៀបចំ​ការបោះឆ្នោត។ ក្រុម​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​យល់​ថា ជំនួយ​នេះ​នឹង​រួម​ចំណែកជំរុញ​ការ​បោះឆ្នោត​ឱ្យ​កាន់​តែ​ប្រសើរ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (U.S. Agency for International Development ឬUSAID) ​ប្រកាស​ផ្ដល់​ថវិកា​១,៨​លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) សម្រាប់​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០១៧ និង​២០១៨​ខាងមុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឱ្យ​ដឹង​ថា ជំនួយ​នេះ​ត្រូវ​បាន​ផ្ដល់​តាម​រយៈ​គម្រោង​គ្រប់គ្រង​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​មាន​រយៈពេល​២​ឆ្នាំ និង​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត ( International Foundation for Electoral Systems ឬIFES)។

រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។
រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា គម្រោង​នេះ​ នឹង​ជួយ ​គ.ជ.ប ​ដើម្បី​ធ្វើ​យុទ្ធនាការ​អប់រំ​អ្នកបោះឆ្នោត ពង្រឹង​ដំណើរការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​ការបោះឆ្នោត ​និង​លើកកម្ពស់​សមត្ថភាព​របស់​ គ.ជ.ប ក្នុង​ការ​រក​និង​កាត់បន្ថយ​ចំណុចខ្សោយ​ នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក វីលៀម ហៃទ៍ (William Heidt) ត្រូវ​បាន​ដកស្រង់​សម្ដី​ដូចនេះ​ថា៖

«ការចូលរួម​ក្នុង​ការបោះឆ្នោត​គឺជា​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ល្អ​មួយ។ យើង​រីករាយ​នឹង​ធ្វើការ​ជាមួយ គ.ជ.ប អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ​នានា ដើម្បី​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»។

រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​និយាយជាមួយអ្នក​សារ​ព័ត៌មាន។
រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​និយាយជាមួយអ្នក​សារ​ព័ត៌មាន។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គ.ជ.ប ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ដំណើរការ​នៃ​ការ​រៀបចំ​ការបោះឆ្នោត​ត្រូវ​ការ​ជំនួយ​ពី​គ្រប់​ភាគី។ លោក​ថា​ គ្រប់​ទម្រង់​នៃ​ជំនួយ​នឹង​ជួយ​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​កាន់​តែ​ប្រសើរ។

«ជំនួយ ទោះ​បី​ជា​ក្នុង​កម្រិត​ណា​ក៏ដោយ ​ក៏​អាច​ជួយ​ដល់​ គ.ជ.ប ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ ពិសេស​ដល់​តម្លាភាព​នៃ​ការ​បោះឆ្នោត»។

លោក ​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Nicfec​ មាន​ប្រសាសន៍​ថា ​អង្គការ​ IFES ​កំពុង​ធ្វើ​ការ​ជាមួយ​ គ.ជ.ប ក្នុង​ការ​ងារ​បោះ​ឆ្នោត ដើម្បី​លើកស្ទួយ​គោលការណ៍​បោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​ថា ជាមួយ​នឹង​ជំនួយ​ជា​ថវិកា​បន្ថែម​នេះ ការ​អនុវត្ត​គម្រោង​នេះ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព។

«ហើយ​ដូច្នេះ​បើ​សិន​ជា​ជំនួយ​មក​តាម​ ទោះ​បី​ជា​មិន​ចំ​ទៅ​ NEC (គ.ជ.ប) មក​ IFES ក៏ដោយ ក៏​លុយ​ហ្នឹង​លុយ​គម្រោង​បោះឆ្នោត ជួយ​ធានា​គោលការណ៍​បោះ​ឆ្នោត ធានា​ការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ»។

លោក អ៊ូ វីរៈ ស្ថាបនិក​និង​ជា​ប្រធាន​អង្គការ​វេទិកា​អនាគត​ មាន​ប្រសាសន៍​ថា ជំនួយ​នេះ​ឆ្លុះ​បញ្ចាំងថា​សហរដ្ឋ​អាមេរិក​យកចិត្ត​ទុកដាក់​លើ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ក៏ប៉ុន្តែ លោក​ថា អាមេរិក​តែង​ផ្ដល់​ជំនួយ​ដល់​ដំណើរការ​រៀបចំ​បោះឆ្នោត​ជា​រៀងរាល់​អាណត្តិ តែ​ជំនួយ​ទាំងនោះ​មិន​ត្រូវ​បាន​ផ្ដល់​ឱ្យ​ផ្ទាល់​ទៅ​ គ.ជ.ប ដែល​បង្ហាញ​ថា អាមេរិក​មិន​ទាន់​ទុក​ចិត្ត​លើ​ គ.ជ.ប នោះ​ទេ។

«ការ​ឱ្យ​លុយ​ទៅ IFES មាន​ន័យ​ថា អាមេរិក​នៅ​មិន​ទាន់​ទុកចិត្ត​លើ​ គ.ជ.ប នោះ​ទេ។ អាមេរិក​មិនទាន់​ឱ្យ​លុយ​ទៅ​ផ្ទាល់​ទេ។ ស្ថាប័ន​ពីរ​ផ្សេងទៀត ម្ចាស់​ជំនួយ​ពីរ​ផ្សេង​ទៀត​គឺ​សហគមន៍​អឺរ៉ុប​និង​ជប៉ុន បាន​ឱ្យ​លុយ​ផ្ទាល់​ទៅ គ.ជ.ប ច្រើន។ អញ្ចឹង​ខុសគ្នា មាន​លក្ខណៈ​ខុស​គ្នា»។

បើ​យោង​តាម​ស្ថានទូត​អាមេរិក គម្រោង​នេះបន្ត​ពី​ជំនួយ​កន្លង​មក​របស់​ទីភ្នាក់ងារ USAID ចំពោះ គ.ជ.ប ដែល​រួមមាន​ការ​វាយតម្លៃ​សមត្ថភាព​ផ្ទៃក្នុង ការ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​ការបោះឆ្នោត​និង​ជំនួយ​ដើម្បី​ធ្វើ​សេចក្ដី​ប្រកាស​របស់​ផ្នែក​សេវា​សាធារណៈ​ស្ដីពី​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត៕

XS
SM
MD
LG