ក្នុងខណៈពេលដែលគណបក្សនយោបាយនានា កំពុងប្រកួតប្រជែងបង្ហាញគោលនយោបាយដើម្បីទាក់ទាញការគាំទ្រ អ្នកជំនាញបានរំឭកដល់អ្នកបោះឆ្នោតថាសន្លឹកឆ្នោតដែលពួកគេបោះនៅថ្នាក់មូលដ្ឋាននេះ ក៏មានឥទ្ធិពលដល់ថ្នាក់ជាតិផងដែរ។
លោកអ៊ូ វីរៈ ស្ថាបនិកនិងជាប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធីHello VOA កាលពីថ្ងៃច័ន្ទថា កិច្ចការរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់មានលើសពីការទទួលបន្ទុកក្នុងការអភិវឌ្ឍនៅក្នុងដែនដីរៀងៗខ្លួន គឺពួកគេមានភារកិច្ចជ្រើសរើសមេភូមិ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ខណ្ឌ និងខេត្ត-ក្រុងក៏ដូចជាជ្រើសរើសសមាជិកព្រឹទ្ធសភាផងដែរ។
លោក វីរៈ បន្ថែមថាក្នុងពេលកន្លងមក គណបក្សបក្សណាដែលទទួលបានសមាជិកក្រុមប្រឹក្សាច្រើននៅថ្នាក់ឃុំ-សង្កាត់ គឺនឹងមានលទ្ធភាពគ្រប់គ្រងស្ថាប័នព្រឹទ្ធសភា ព្រោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ម្នាក់ៗ នឹងក្លាយជា«អង្គបោះឆ្នោត»ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា។
លោកបន្ថែមថា៖ «គណបក្សណាដែលមានសំឡេងច្រើនជាងគេនៅក្រុមប្រឹក្សាឃុំនៅទូទាំងប្រទេសគឺនឹងមានសំឡេងច្រើនជាងគេនៅព្រឹទ្ធសភា។ នេះជាទូទៅ»។
លោកបានបន្ថែមថាបើទោះបីជាច្បាប់នៃប្រទេសកម្ពុជាអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាតាមឆន្ទៈរបស់ខ្លួនប៉ុន្តែកម្រមានសមាជិកក្រុមប្រឹក្សាណាដើរខុសពីបន្ទាត់នយោបាយរបស់បក្សខ្លួនណាស់។
រីឯតួនាទីក្នុងការជ្រើសរើសមេភូមិក៏សំខាន់ដែរព្រោះការសិក្សាស្រាវជ្រាវនានាថាមេភូមិគឺជាមនុស្សដែលប្រជាពលរដ្ឋយល់ថាមានឥទ្ធិពលជាងគេសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ នេះបើតាមការលើកឡើងរបស់លោកអ៊ូ វីរៈ។
លោកបញ្ជាក់ថា៖ «មតិរបស់ប្រជាពលរដ្ឋឬការមើលឃើញរបស់ប្រជាពលរដ្ឋគឺប្រជាពលរដ្ឋឱ្យតម្លៃទៅលើមេភូមិច្រើនជាងនាយករដ្ឋមន្ត្រី។ នេះបើតាមការសិក្សារាប់តាំងពីការសិក្សារបស់IRIក្តី ហើយនឹងការសិក្សាផ្សេងៗក្តី»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះមានលក្ខណៈប្រកួតប្រជែងគ្នាជាងរាល់ដងដោយសារតែគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមានកម្លាំងប្រហាក់ប្រហែលគ្នា។ ពេលដែលលោកសមរង្ស៊ីនៅជាប្រធានគណបក្សសង្គ្រោះជាតិលោកបានពន្យល់ថាបើក្នុងករណីគណបក្សប្រឆាំងឈ្នះក្នុងការបោះឆ្នោតនៅខែមិថុនានេះ វាជាការផ្ទេរអំណាចជាជំហានៗមុននឹងការបោះឆ្នោតជាតិឈានមកដល់។
លោកអ៊ូ វីរៈ បានសង្កត់ធ្ងន់ក្នុងការធ្វើឱ្យស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ យោធា ប៉ូលិសនិងតុលាការមានអព្យាក្រិតភាពដើម្បីធានាបានការផ្ទេរអំណាចដោយសន្តិវិធី។
«ប្រសិនបើក្នុងករណីយើងពង្រឹងស្ថាប័នឯករាជ្យជាតិដែលខ្ញុំចាត់ទុកថាជាស្ថាប័នស្នូលនៃប្រជាធិបតេយ្យហ្នឹងគឺប្រសិនជាពួកគាត់ឯករាជ្យពិតប្រាកដហ្នឹងគឺខ្ញុំមើលទៅគឺមានទំនុកចិត្តទៅលើស្ថិរភាពនៃប្រទេសជាតិយើងនិងទៅលើសន្តិភាពនៃប្រទេសជាតិយើង។ ហើយជាទូទៅប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យគឺមានស្ថិរភាពយូរអង្វែងជាងគេហើយការរីកចម្រើនបានរយៈពេលយូរអង្វែងជាងគេផងដែរ»។
បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងលើឃុំ-សង្កាត់ចំនួន១.៥៩២ក្នុងចំណោមឃុំ-សង្កាត់ចំនួន១.៦៤៦នៅទូទាំងប្រទេស៕