ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ឱក សេរីសោភក្តិ៍៖ ​ថវិកា​ត្រឹម​១០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​ជួយ​ការ​អភិវឌ្ឍ​បាន​ប្រសើរ


លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA​)
លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA​)

លោក​ឱក សេរីសោភក្តិ៍​ បាន​បញ្ជាក់​ថា​សព្វថ្ងៃនេះ​ថវិកា​ដែល​ឃុំ-សង្កាត់​ទទួល​បាន​មាន​ត្រឹម​តែ​ពី​៣​ទៅ​៥​ម៉ឺន​ដុល្លារ​តាម​ទំហំ​នៃ​ឃុំ-សង្កាត់​នីមួយៗ​។

អ្នក​ឯកទេស​យល់​ថា​ ថវិកា​សម្រាប់​ឃុំ-សង្កាត់​ត្រឹម​៥ភាគរយ​នៃ​ថវិកា​ជាតិ​ គឺ​អាច​ឱ្យ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ភាព​ប្រសើរ​ច្រើន​ ហើយ​សមស្រប​នឹង​ប្រាក់​ចំណូល​និង​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោក​ឱក សេរីសោភក្តិ៍​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ចន្ទ​ថា៖

«ខ្ញុំ​ថា​បើសិនជា​រដ្ឋ​ហ្នឹង​ទៅ​អាណត្តិ​ក្រោយ​ បើសិន​ជា​បោះឆ្នោត​ ហើយ​បង្កើន​ថវិកា​ឱ្យ​បាន​ទៅ​ដល់​ប្រហែល​ជា​៥ភាគរយ​ដែល​ត្រូវ​ជា​៧ឬ៨​ម៉ឺន​ដុល្លារ ​សឹងថា​ជិត​១០ម៉ឺនដុល្លារ​ មិន​អាច​ទៅ​ដល់​៥០​ម៉ឺន​ដុល្លារ ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ទេ។ ក៏ប៉ុន្តែ​ បើសិនជា​ទៅ​ដល់​៨ម៉ឺន​ឬ​១០ម៉ឺន​ ខ្ញុំ​ថា​ហ្នឹង​ពួកគាត់​នឹង​បម្រើ​ប្រជាពលរដ្ឋ​ជាពិសេស​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ឃុំ​សង្កាត់​ហ្នឹង​ នឹង​ថា​នឹង​ចេញ​ជា​លទ្ធផល​ដល់​វិជ្ជមាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជា​មិនខាន។ នេះ​ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត‍»។

លោក​ឱក សេរីសោភក្តិ៍​ បាន​បញ្ជាក់​ថា​សព្វថ្ងៃនេះ​ថវិកា​ដែល​ឃុំ-សង្កាត់​ទទួល​បាន​មាន​ត្រឹម​តែ​ពី​៣​ទៅ​៥​ម៉ឺន​ដុល្លារ​តាម​ទំហំ​នៃ​ឃុំ-សង្កាត់​នីមួយៗ​ ដែល​នេះ​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ធំដុំ​នៅ​ថ្នាក់​មូលដ្ឋាន​ ក្រៅ​ពី​ចំណាយ​ធ្វើ​ផ្លូវ​តូចតាច ​ហើយ​នឹង​ការ​ថែទាំ​ជួសជុល​ឡើង​វិញ​តែប៉ុណ្ណោះ។​

សម្រាប់​ការ​ឃោសនា​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​គោល​នយោបាយ​ក្នុង​ការផ្តល់​ថវិកា​មិនតិច​ជាង​២,៨​ភាគរយ​នៃ​ចំណូល​ចរន្ត​ជាតិ (ប្រហាក់ប្រហែល​៥ម៉ឺនដុល្លារ) ​ដល់​ការអភិវឌ្ឍ​ឃុំ-សង្កាត់ ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​គោលនយោបាយ​ចំណាយ​រហូតដល់​៥០០.០០០​ដុល្លារ​ (ប្រហែល​២០​ភាគរយ​នៃ​ថវិកា​ជាតិ)។

​លោក​ឱក សេរីសោភក្តិ៍​ យល់​ថា​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ចំណាយ​ច្រើន​ហួស៖

«មិន​ត្រឹមត្រូវ​ទេ​ មិន​មាន​ការ​ទទួល​ខុសត្រូវ​ទេ​ ព្រោះ​វា​តំណាង​២០​ភាគរយ​នៃ​ថវិកា​របស់​យើង​ហើយ​ ក៏​ប៉ុន្តែ​ថវិកា​សព្វថ្ងៃ​នេះ​ដែល​មាន​ត្រឹម​តែ​ពី៣ម៉ឺន​ ទៅ​៥ម៉ឺនហ្នឹង​មិនបាន​ទៅដល់​២,៨​ភាគរយ​នៃ​ថវិកា​សរុប​ផង‍»។

គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏ដូចជា​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​មាន​ផ្តោត​លើ​បញ្ហា​ឃុំ-សង្កាត់​មាន​សុវត្ថិភាព។ ចំណុច​ខុសគ្នា​បន្តិច ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តោត​លើ​ការ​លើកកម្ពស់​ការងារ​នគរបាល​ រីឯ​គណបក្ស​ប្រជាជន​គឺ​ផ្តោត​លើ​ការ​ចេញ​វិធានការ​ថ្មី​ លើក​ទឹកចិត្ត​អ្នក​មាន​ស្នាដៃ​និង​ដាក់​វិន័យ​អ្នក​អសកម្ម។

លោក ​សោភក្តិ៍ ​យល់​ថា​ នេះ​គឺ​ជា​គោលនយោបាយ​ដែល​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង៖

«បញ្ហា​សុវត្ថិភាព​ បញ្ហា​សន្តិសុខ​របស់​ប្រជាពលរដ្ឋ ​ទោះបី​ថា​មាន​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​កន្លងមក​រួច​ប៉ុន្មានឆ្នាំ​ហើយ​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​នៅ​មិនទាន់​មាន​ការ​កក់ក្តៅ ​ហើយ​ពួកគាត់​ជួប​នឹង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ហ្នឹង​សឹងតែ​រាល់ថ្ងៃ​សឹងតែ​រាល់យប់ ​ដូច្នេះ​ហើយខ្ញុំ​គិត​ថា ​ការណ៍​ទាំងអស់​នេះ​ត្រូវការ​ការ​ខំប្រឹងប្រែង​ពី​អាជ្ញាធរ​ហ្នឹង​ខ្លាំង​ថែមទៀត​ ដើម្បី​បញ្ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ និង​ឃើញ​ថា​គោល​នយោបាយ​មាន​ប្រសិទ្ធភាព​មែន‍»។

លោក​ឱក សេរីសោភក្តិ៍ លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បន្ត​បញ្ចេញមតិ​លើ​បញ្ហា​សង្គម​ដោយ​យល់​ឃើញ​ថា​ សំឡេង​របស់​ពួកគេ​កាន់តែ​មាន​តម្លៃ​ជាងមុន​ ហើយ​ថា​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​កាន់តែ​ខិតជិត​មក​ដល់ គឺ​រដ្ឋាភិបាល​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រតិកម្ម​របស់​ពលរដ្ឋ។

លោ​កឱក សេរីសោភក្តិ៍ ​យល់​ថា​ការ​វិវត្តន៍​ថ្មីៗ​នេះ​ដែល​រដ្ឋាភិបាល ​និង​សមត្ថកិច្ច​បាន​ដកថយ​លើ​ផ្នែក​គោល​នយោបាយ​ និង​ចំណាត់​ការ​ខ្លះ ដូចជា​បញ្ហា​សន្តិសុខ​នៅ​តាម​ទូរម៉ាស៊ីន​ដកប្រាក់ ​ATM ការ​ដាក់​សារ​តាម​ទូរស័ព្ទ​ស្តីពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​អត្រា​ការ​ប្រាក់​ជាដើម ​ដោយ​សារ​តែ​មាន​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តាញ​សង្គម​ និង​ទីសាធារណៈ​មួយ​ចំនួន​ ហើយ​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​អភិបាល​កិច្ច​ល្អ​ដំណើរការ​ទៅមុខ​ ហើយ​គណបក្ស​កាន់អំណាច​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​សន្លឹក​ឆ្នោត​គាំទ្រ​ផងដែរ។

«នៅក្នុង​ពេល​សម័យ​ឥឡូវនេះ ​ទោះបីជា​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ទៅលើ​គោល​នយោបាយ​អ្វី ​ក៏ដោយ​ក៏ប៉ុន្តែ​នៅពេល​ដែល​សម្រេច​ចេញ​ទៅ​ហើយ​បើសិន​ជា​មាន​ការយល់​ជំទាស់​អំពី​ប្រជាពលរដ្ឋ ​ទោះបី​យ៉ាង​ណា​ក៏​ត្រូវតែ​ដកថយ​ដែរ​ព្រោះ​រាជរដ្ឋាភិបាល​ឬ​រដ្ឋាភិបាល​ណាមួយ​ក៏ដោយ​ក្នុង​សាកលលោក ​ជាពិសេស​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​អនុវត្ត​វិធានការ​យូរ​បាន​ទេ​ ដរាបណា​មិន​មាន​ការ​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ‍»។​

មាន​គណបក្ស​នយោបាយ​ចំនួន​១២​ នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅថ្ងៃ​ទី​៤ ខែ​មិថុនា​ខាងមុខ។ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​ដែល​បាន​ដាក់​បេក្ខជន​នៅ​គ្រប់​ឃុំ-​សង្កាត់​ទាំង​១.៦៤៦៕

XS
SM
MD
LG