ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ទីភ្នាក់ងារ USAID ប្រកាស​ផ្តល់​មូលនិធិ​បន្ថែម​ជាង​៥០លាន​ដុល្លារ​ដល់​កម្ពុជា


នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

នាយិកា​ទីភ្នាក់​ងារ​ USAID ​អ្នកស្រី​ Samantha Power ​បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ប្រកាស​ផ្តល់​មូលនិធិ​ថ្មី​ជាង ​៥០ ​លាន​ដុល្លារ​ ដែល​បាន​មក​ពី​គ្រប់​វិស័យ​ក្នុង​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ជូន​ដល់​ប្រទេស​កម្ពុជា។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​អ្នកស្រី​ Power​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ជាមួយ​នឹង​កញ្ចប់​មូលនិធិ​ថ្មី​នេះ​ ទីភ្នាក់​ងារ​ USAID ​នឹង​ជួយ​កសិករ​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដែល​រួម​ចំណែក​ដល់​ការ​កសាង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ថ្លែង​ថា៖ ​«ជាមួយ​មូលនិធិ​នេះ​ យើង​នឹង​វិនិយោគ​ជាមួយ​កសិករ​ឱ្យ​បាន​ភ្ជាប់​នឹង​ទីផ្សារ​ ហើយ​សម្រប​ទៅ​តាម​បច្ចេក​វិទ្យា​ថ្មីៗ​ ដើម្បី​ផលិត​ឱ្យ​បាន​ច្រើន​ ហើយ​មាន​សុវត្ថិ​ភាព​ ទោះបី​ជា​មាន​អាកាស​ធាតុ​ប្រែប្រួល»។​

អ្នកស្រី​បន្ថែម​ថា៖​ «យើង​នឹង​វិយោគ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​សុវត្ថិភាព​ ដោយ​ការ​សម្អាត​មីន​...​ការ​បង្កើត​ការ​ខិតខំ​ជាច្រើន​ទសវត្សរ៍​ ដើម្បី​ដោះស្រាយ​ កេរ​ដំណែល​ដ៏​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ យើង​នឹង​វិនិយោគ​ក្នុង​ការ​គំាទ្រ​សង្គម​ស៊ីវិល​ វិស័យ​ការងារ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ការ​វិនិយោគ​ដែល​មិន​ត្រឹម​តែ​គាំទ្រ​ដល់​អនាគត​ប្រជា​ធិបតេយ្យ​នោះ​ទេ ​តែ​ក៏​ថែម​ទាំង​គាំទ្រ​ដល់​អនាគត​សេដ្ឋ​កិច្ច​ផង​ដែរ»។

អំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ អ្នកស្រី​ Power ​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន ម៉ាណែត ​និង​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​រាប់​ចាប់​តាំង​ពី​គ្រួសារ​សាមញ្ញ ​កុមារ​មាន​ពិការ​ភាព​ សិស្ស ​និង​អ្នក​ការពារ​បរិស្ថាន​ និង​បុគ្គល​ដែល​មាន​ភាព​ក្លាហាន​ហើយ​ស្វះស្វែង​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​ទទួល​ខុសត្រូវ​ចំពោះ​គោល​ការណ៍​នានា​ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។​

អ្នកស្រី​បាន​ផ្តល់​ការ​កត់​សម្គាល់​ពី​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​ ២​ ទសវត្សរ៍​កន្លង​មក​នេះ​ ដែល​ប្រជាជន​កម្ពុជា​បាន​សម្រេច​បាន​នូវ​ការ​រីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ ដើម្បី​ពង្រឹង​សុខ​ភាព ការ​អប់រំ ​និង​កំណើន​សេដ្ឋកិច្ច។ ​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ​ជាង​ ៣០ ​ឆ្នាំ​មក​នេះ​ រដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​ ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​នៅ​កម្ពុជា។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា​ មូលនិធិ​បន្ថែម​របស់​ទីភ្នាក់​ងារ ​USAID​ ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ​ទៅ​លើ​វិស័យ​អភិវឌ្ឍ​ផ្សេងៗ​ ក៏​ដូច​ជា​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ផង​ដែរ។​

លោក​បន្ថែម​ថា ​កម្ពុជា​គួរ​តែ​ធ្វើ​ឱ្យ​មាន​លំនឹង​ដំណើរ​ប្រជា​ធិបតេយ្យ​ដើម្បី​បាន​ជា​ដើម​ទុន​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត​ ដែល​ទីភ្នាក់​ USAID ​និង​ផ្តល់​ជូន​នា​ពេល​អនាគត។

លោក​ថ្លែង​ថា៖​ «កន្លង​មក​នេះ យើង​ឃើញ​ថា​ បញ្ហា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នេះ​ វា​ជា​បញ្ហា​ចម្រូង​ចម្រាស​រវាង​កម្ពុជា​ជាមួយ​សហគមន៍​អឺរ៉ុប ​ក៏​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ ដែល​សហគមន៍​អឺរ៉ុប​ គេ​ទាម​ទារ​ឱ្យ​កម្ពុជា​ស្តារ​ឡើង​វិញ​លទ្ធិ​ប្រជា​ធិតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ហ្នឹង​ យើង​ឃើញ​ហើយ​សហគមន៍​អឺរ៉ុប​ បាន​កាត់​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ EBA ​២០​ភាគ​រយ​ ហើយ​សហ​រដ្ឋ​អាមេរិក​មក​ទល់​ឥឡូវ​នេះ​ គឺ​មិន​ទាន់​បាន​បន្ត​នូវ​ការ​អនុគ្រោះ​ពន្ធ ​ឬ​ក៏​យើង​ហៅ​ថា​ GSP នៅ​ឡើយ​ទេ​បាទ»។ ​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ របស់​ទីភ្នាក់​ងារ​ USAID ​អ្នកស្រី​ Power ​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ទូទាំង​ពិភព​លោក​ និង​នៅ​កម្ពុជា​ ចំពោះ​សិទ្ធិ​កម្មករ​ និង​សង្គម​ស៊ីវិល​ ក៏ដូច​ជា​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នានា​ ដូច​ជា​ការ​បិទ​លម្ហ​ ប្រជា​ធិតេយ្យ​សម្រាប់​ពលរដ្ឋ​ និង​សេរីភាព​សារ​ព័ត៌មាន។​

សេចក្តី​ប្រកាស​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ អ្នកស្រី​ Power ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ​បាន​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​ការ​សហការ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​ល្បែង​ឆបោក​តាម​អនឡាញ​ ការ​ដោះមីន ​និង​ការ​ដោះ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ សុវត្ថិ​ភាព​ផ្នែក​សុខភាព​សាកល ​ការ​កាត់​បន្ថយ​ការ​ប៉ះពាល់​សម្រាប់​កុមារ​ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ជា​កង្វល់​រួម៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG