ក្រុមអ្នកស្ម័គ្រចិត្តថ្មីចំនួន៣២នាក់ដែលជាក្រុមទី១៦ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ភីស ខ័រ កម្ពុជា (Peace Corps Cambodia) បានស្បថចូលធ្វើការងារស្ម័គ្រចិត្តផ្នែកអប់រំតាមសហគមន៍ក្នុងប្រទេសកម្ពុជា។
លោក Michael Keel នាយកផ្នែកកម្មវិធី និងបណ្តុះបណ្តាលនៃទីភ្នាក់ងារសហរដ្ឋអាមេរិក Peace Corps ប្រាប់វីអូអេនៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៤ ថា ក្រុមអ្នកស្ម័គ្រចិត្តថ្មី Peace Corps នឹងចំណាយពេល២ឆ្នាំជាមួយគ្រួសារខ្មែរ នៅតាមសហគមន៍ក្នុងខេត្តចំនួន១៤ ដើម្បីសហការបង្រៀនភាសាអង់គ្លេសនៅសាលាបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងជួយកសាងសមត្ថភាពដល់គ្រូបង្រៀនក្នុងស្រុក និងធ្វើការងារផ្សេងៗជាមួយសហគមន៍។
លោកនិយាយថា៖ «ការងារជាច្រើនរបស់ពួកគេមិនមែនត្រឹមតែការបង្រៀនភាសាអង់គ្លេសទេ។ ពួកគេក៏ជួយកសាងបំណិនជីវិតរបស់សិស្សានុសិស្ស និងកសាងទំនុកចិត្តពីគ្រូស្ម័គ្រចិត្តផ្សេងទៀត និងតំណាងឱ្យអាមេរិក និងវប្បធម៌អាមេរិក ព្រមទាំងបង្រៀនមនុស្សនៅក្នុងសហគមន៍អំពីអាមេរិក និងប្រជាជនអាមេរិកផងដែរ»។
អ្នកស្ម័គ្រចិត្តភីសខ័រ កញ្ញា Katherine Mazzer ដែលនឹងទៅរស់នៅ និងធ្វើការងារស្ម័គ្រចិត្តផ្នែកបង្រៀនភាសាអង់គ្លេសក្នុងខេត្តកំពត និយាយថា ក្រុមការងារស្ម័គ្រចិត្ត Peace Corps នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងអាមេរិកមានភាពល្អប្រសើរឡើង។
កញ្ញានិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងកសាងមិត្តភាពរឹងមាំ និងទំនាក់ទំនងល្អ។ ខ្ញុំមានក្តីរំភើបក្នុងការជួបសិស្សរបស់ខ្ញុំ និងធ្វើសកម្មភាពជាមួយសហគមន៍ និងសមាជិកគ្រួសារ។ ខ្ញុំពិតជាសង្ឃឹមថា តាមរយៈការទាក់ទងជាវិជ្ជមាន និងទំនាក់ទំនងរឹងមាំនេះ យើងអាចបង្កើតទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ»។
លោក ពុត សាមិត អនុរដ្ឋលេខាធិការក្រសួងអប់រំថ្លែងក្នុងពិធីសច្ចាប្រណិធានអ្នកស្ម័គ្រចិត្ដភីសខ័រកម្ពុជា នោះថា កម្មវិធីអ្នកស័្មគ្រចិត្ដនេះបានជួយពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សច្រើន តាមរយៈការរៀន និងបង្រៀន។
លោកថ្លែងថា៖ «កម្មវិធីស័្មគ្រចិត្ដនេះពិតជាបានជួយដល់ការពង្រឹងសមត្ថភាពទាំងគ្រូបង្រៀន និងសិស្សានុសិស្សក្នុងការបង្រៀនភាសាអង់គ្លេស។ ហើយខ្ញុំជឿជាក់ថា រហូតមកដល់ពេលនេះគឺមានសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានទទួលអត្ថប្រយោជន៍ដ៏ធំធេងពីកម្មវិធីនេះ»។
ទីភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក John F. Kennedy កាលពីឆ្នាំ១៩៦១ ដើម្បីលើកកម្ពស់សន្តិភាព និងមិត្តភាពពិភពលោក។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps មានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មក ដោយបានបំពេញការងារក្នុងប្រទេសកម្ពុជាចំនួនជាង ៨០០នាក់ រហូតមកទល់បច្ចុប្បន្ន៕
វេទិកាបញ្ចេញមតិ