នាយិកាទីភ្នាក់ងារ USAID អ្នកស្រី Samantha Power នឹងបំពេញទស្សនកិច្ចនៅកម្ពុជាចំនួនពីរថ្ងៃ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកម្ពុជា អំពីកិច្ចការសំខាន់ៗមួយចំនួន ពាក់ព័ន្ធវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល និងបញ្ហាផ្សេងទៀតដូចជាអភិបាលកិច្ច និងសិទ្ធិមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (United States Agency for International Development) ឬហៅកាត់ថា USAID។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាយល់ថា អ្នកស្រីនាយិកាអាចនឹងផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលស្ថិតនៅជាក្តីបារម្ភរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស និងរងការរិះគន់ពីអ្នកនយោបាយជំទាស់មួយចំនួន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា សហរដ្ឋអាមេរិកបានជួយកម្ពុជាច្រើន ជាពិសេសតាមរយៈគម្រោង USAID ទៅដល់រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោកបន្ថែមថា៖ «ក្រៅពីចំណងមិត្តភាពហើយនឹងការអភិវឌ្ឍផ្សេងៗ អ្នកស្រីក៏អាចនឹងលើកឡើងពីលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក៏ដូចជាអភិបាលកិច្ចល្អ គណនេយ្យភាពអីជាដើម ធ្វើម៉េចឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក៏ដូចជាការអភិវឌ្ឍផ្សេងៗអីហ្នឹងប្រកបដោយតម្លាភាពយុត្តិធម៌ហើយ និងគោលការណ៍នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ USAID ចុះថ្ងៃទី ២១ ខែតុលា អ្នកស្រី Samantha Power នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី ២៣ ខែតុលា។ អ្នកស្រីគឺជានាយិកាគ្រប់គ្រងទីភ្នាក់ងារ USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកស្រីនឹងមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងការរីកចម្រើននៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ USAID ក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជា។
អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុកព្រមទាំងពិភាក្សាអំពីបញ្ហាទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការងារ បរិស្ថាននិងការគាំទ្រចំពោះអ្នកដែលមានពិការភាព។
សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ USAID បញ្ជាក់ទៀតថា៖ «ទស្សនកិច្ចនេះបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេ ក្នុងការបង្កើតសង្គមដែលមានភាពរុងរឿង និងប្រកបដោយបរិយាបន្នជាងមុន»។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី មើលឃើញថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី Samantha Power កើតឡើងក្រោយជំនួបរវាងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំ USAID ក្នុងកិច្ចប្រជុំនៅប្រទេសស្វីស កាលពីឆ្នាំ ២០២៣ និងជំនួបផ្សេងទៀតរបស់ថ្នាក់ដឹកនាំកម្ពុជា នៅសហរដ្ឋអាមេរិក។
លោកបន្ថែមថា ដំណើរទស្សនៈកិច្ចរបស់អ្នកស្រី Samantha Power អាចជាផ្នែកមួយនៃការវាយតម្លៃពីសមិទ្ធផល និងដាក់ផែនការសកម្មភាពបន្តរបស់ USAID ហើយថា ការពិនិត្យលើរបាយការណ៍នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ទីភ្នាក់ងារ USAID និងអង្គការជាដៃគូរបស់ទីភ្នាក់ USAID ក៏ស្ថិតលើរបៀបវារៈនៃដំណើរទស្សនកិច្ចនេះដែរ។
បើតាមលោក សេង វ៉ាន់លី ដំណើរទស្សនៈកិច្ចនេះអាចនឹងមានការវាយតម្លៃពីស្ថានភាពសិទិ្ធមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ខណៈសហរដ្ឋអាមេរិកនៅតែបង្ហាញក្ដីបារម្ភរបស់ខ្លួនចំពោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «តាមពិតទៅ បើយើងនិយាយពីការវាយតម្លៃពាក់ព័ន្ធសិទិ្ធមនុស្ស និងប្រជាធិបតេយ្យ យើងដឹងហើយថា សហរដ្ឋអាមេរិកតែងតែបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់កម្ពុជាហ្នឹងជាញឹកញយ»។
លោកបន្ថែមថា កិច្ចសហការរវាងទីភ្នាក់ងារ USAID និងរដ្ឋាភិបាលកម្ពុជាអាចមានការកែសម្រួល ហើយការទទួលបានជំនួយរបស់អង្គការជាដៃគូរបស់ទីភ្នាក់ងារ USAID អាចមានការប៉ះពាល់ ប្រសិនបើស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតែបន្តដុនដាប ហើយមិនមានការកែទម្រង់ជាដុំកំភួនក្នុងរដ្ឋបាលសាធារណៈឱ្យដំណើរការតាមប្រព័ន្ធប្រជាធិបតេយ្យ។
ជាង៣០ឆ្នាំមកនេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់ជាង ៣ពាន់លានដុល្លារសម្រាប់ជាជំនួយនៅកម្ពុជា ក្នុងនោះមាន ៨៧ លានដុល្លារអាមេរិក ត្រូវបានផ្តល់ឱ្យកាលពីឆ្នាំមុន។ ទីភ្នាក់ងារ USAID បានផ្តល់ជូនកម្ពុជាជំនួយក្នុងទឹកប្រាក់ ១,៨ពាន់លានដុល្លារអាមេរិក គិតចាប់តាំងពីការចាប់ផ្តើមបេសកកម្មនៅកម្ពុជាឆ្នាំ ១៩៩២។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកស្រី Katherine Diop បានបញ្ជាក់ឱ្យវីអូអេដឹងតាមសារអ៊ីមែលថា ទីភ្នាក់ងារ USAID បានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាឱ្យក្លាយដៃគូដែលបើកទូលាយជាងមុន មានវិបុលភាព មានភាពធន់ និងបរិយាបន្ន ឬមានការរាប់បញ្ចូលភាគីពាក់ព័ន្ធទាំងអស់។
អ្នកស្រីបានលើកឡើងថា៖ «កិច្ចការរបស់ពួកគេគឺប្រឹងប្រែងឱ្យមានការចម្រើនទៅមុខនៃគណនេយ្យភាពរបស់រដ្ឋាភិបាល និងការគោរពសិទ្ធិមនុស្ស ពង្រឹងសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ គាំទ្រការអប់រំ និងការគាំពារកុមារ»។
អ្នកស្រីបន្ថែមថា ទីភ្នាក់ងារ USAID បានធ្វើកិច្ចការផ្សេងទៀត ដើម្បីបង្កើនផលិតកម្មកសិកម្មសន្តិសុខម្ហូបអាហារ អភិរក្សព្រៃឈើ និងទីជម្រាល ហើយជួយកសិករ និងគ្រួសារឱ្យសម្របខ្លួនតាមការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បង្កឡើងដោយកត្តាធម្មជាតិ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានកត់សម្គាល់ថា គោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញ ហើយទទួលបានផ្លែផ្កាលើគ្រប់វិស័យសម្រាប់ជាតិ និងប្រជាជន កំពុងធ្វើឱ្យប្រទេសកម្ពុជាដែលជារដ្ឋមានអធិបតេយ្យភាព និងមិនចូលបក្សសម្ព័ន្ធ មានតួនាទីកាន់តែសំខាន់នៅក្នុងក្របខណ្ឌតំបន់ ហើយនឹងអន្តរជាតិ។
លោកបន្ថែមថា៖ «គោលនយោបាយដ៏ល្អត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ហើយនឹងបានសម្រេចសមិទ្ធផលធំធេងគ្រប់វិស័យសម្រាប់ប្រទេសជាតិ និងប្រជាជន ធ្វើឱ្យកម្ពុជាហ្នឹងមានតួនាទីកាន់តែសំខាន់ក្នុងក្របខណ្ឌតំបន់ ហើយនឹងអន្តរជាតិជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទុនបរទេសក៏ដូចជាដៃគូអភិវឌ្ឍន៍»។
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ដំណើរទស្សនកិច្ចរបស់នាយិកាគ្រប់គ្រងទីភ្នាក់ងារ USAID មកកាន់កម្ពុជានាពេលនេះ គឺជាឧទហរណ៍ជាក់ស្តែងមួយ៕
រាយការណ៍បន្ថែមដោយអ្នកនាង ចឹង លីលី។
វេទិកាបញ្ចេញមតិ