ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកធ្វើការជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតដើម្បីកាត់បន្ថយហានិភ័យ


រូបឯកសារ៖ រូបយន្ត Ameca ត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទសកលលោកមួយ ស្តីអំពីបញ្ញាសប្បិនិម្មិត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ រូបយន្ត Ameca ត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទសកលលោកមួយ ស្តីអំពីបញ្ញាសប្បិនិម្មិត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣។

កំណត់និពន្ធ៖ តើ​បញ្ញា​សិប្បនិម្មិត ឬ AI ​អាច​បំផ្លាញ​មនុស្ស​ជាតិ​បាន​ទេ? មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន AI ឈាន​មុខ​គេ និង​យ៉ាង​ហោច​ណាស់​ប្រទេស​ចំនួន ២០ ដើម្បី​បង្កើត​វិធានការ​ការពារ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​មាន​ ស្រប​ពេល​ផ្តោត​លើ​ការ​ច្នៃប្រតិដ្ឋ​ថ្មី​នៃ​បច្ចេកវិទ្យា AI។

លោក Nathaniel Fick ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ពិ សេស​លើ​គោលនយោបាយ​ឌីជីថល និង​អ៊ីនធឺណិត​បាន​ថ្លែង​ប្រាប់ VOA កាលពី​ថ្ងៃទី២៥ ខែ​កក្កដា អំពី​ការ​ប្តេជ្ញាចិត្ត​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ក្រុមហ៊ុន​ AI ឈាន​មុខ​គេ​ក្នុង​ការ​ធានា​សុវត្ថិភាព និង​តម្លាភាព​ជុំវិញ​ការ​អភិវឌ្ឍ AI

កម្មវិធី AI ​ដែល​ចេះ​និពន្ធ​ ឬ Generative AI ដ៏​ពេញ​និយម​មួយ​គឺ​កម្មវិធី ChatGPT ដែល​មិន​អាច​ចូល​ប្រើ​បាន​នៅ​ក្នុង​ប្រទេស​ចិន។ ប្រសិនបើវាអាច​ប្រើ​បាន​នៅ​ចិនវិញ ហើយ​អ្នក​ប្រើប្រាស់សួរសំណួរ​រសើប​ផ្នែក​នយោបាយ​ជា​ភាសា​ចិន​កុកងឺ​ដូចជា «តើ​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ Tiananmen ឆ្នាំ ១៩៨៩ ជា​អ្វី?» អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​ព័ត៌មាន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រួតពិនិត្យ​យ៉ាង​ដិតដល់។

ប៉ុន្តែ​កម្មវិធី ChatGPT ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន OpenAI ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក មិន​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​ចិននោះ​ទេ។

ប្រទេស​ចិន​បាន​បង្កើតច្បាប់​គ្រប់គ្រង AI ​ដែល​ចេះ​និពន្ធ​របស់​ខ្លួន​រួចហើយ។ បទប្បញ្ញត្តិ​ថ្មី​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១៥ ខែសីហា​ខាង​មុខ។ ប្រព័ន្ធ​ឆាត​ស្វ័យប្រវត្តិ ឬ ឆាតបត់ (chatbots) របស់​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ភ្ជាប់​ការ​ត្រួតពិនិត្យ​មក​ជា​ស្រាប់​ដើម្បី​បញ្ចៀស​ពាក្យ​គន្លឹះ​រសើប។

លោក Fick បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទាំង​នេះ​ពិត​ជា​ទាមទារ​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បើក​ចំហ អន្តរ​ប្រតិបត្តិការ ការ​ជឿទុកចិត្ត​បាន​នៃ​ទិន្នន័យ។ ហើយ​វិធីសាស្រ្តគ្រប់គ្រង​ផ្តាច់​ការ​ពី​លើ​ចុះ​ក្រោម​ដែល​កំណត់​លំហូរ​ព័ត៌មាន​គ្រប់​ពេល​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ក្នុងការទ្រទ្រង់​នូវ​ភាព​ច្នៃប្រតិដ្ឋ​ថ្មី​ក្នុង​បច្ចេកវិទ្យា AI»។

ខាង​ក្រោម​ជា​សម្រង់​នៃ​បទ​សម្ភាសន៍​មួយ​ដែលត្រូវ​បាន​កែ​សម្រួល​ដើម្បី​ឱ្យ​មាន​ខ្លឹមសារ​ខ្លី​និង​ច្បាស់៖

VOA៖ ក្រុមហ៊ុន AI ឈាន​មុខ​គេ​ចំនួន ៧ បាន​ធ្វើ​ការ​សន្យា​ចំនួន ៨ អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ជាមួយ​នឹង​បច្ចេកវិទ្យា​របស់​ពួកគេ។ តើ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា?

លោក Fick៖ នៅ​ពេល​ដែល​យើង​គិត​អំពី​អភិបាលកិច្ច​នៃ​ព្រំដែន​បច្ចេកវិទ្យា​ថ្មី​នៃ​បញ្ញា​សិប្បនិម្មិត​នេះ គោលដៅ​របស់​យើង​គួរ​តែ​រក្សា​ទុក​ការ​ច្នៃប្រតិដ្ឋ​ថ្មី​របស់​យើង និង​ធានា​ថា យើង​អាច​បន្ត​រក្សា​ភាព​ជា​អ្នក​ដឹកនាំ​ជា​សាកល​ក្នុង​ការ​អភិវឌ្ឍ​ឧបករណ៍ AI ដ៏​ខ្លាំងក្លា ពី​ព្រោះអត្ថប្រយោជន៍​នៃការ​ចូលរួមសហការ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​នៅ​ជុំវិញ​ពិភពលោក ​គឺធំធេង​ណាស់។​

ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ធំៗ។ ទី​ ១ ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ធានា​ថា ផលិតផល​របស់​ពួកគេ​មាន​សុវត្ថិភាព។ ទី​ ២ ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ធានា​ថា ផលិតផល​របស់​ពួកគេ​មិន​អាច​លួចចូល​បាន។ ទី​ ៣ ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ធានា​ថា ផលិតផល​របស់​ពួកគេ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​មនុស្ស​ជុំ​វិញ​ពិភពលោក។ ដូច្នេះ​ហើយ យើង​ត្រូវ​ការ​មធ្យោបាយ​សម្រាប់​ឲ្យ​អ្នក​មើល អ្នក​ប្រើប្រាស់ ​បញ្ជាក់​ថា​តើ​មាតិកា​ជាសំឡេង ឬ​ជា​រូបភាព​ណាមួយ​ត្រូវ​បាន​បង្កើត​ដោយ AI ឬ​អត់ និង​ថា​តើ​វា​ពិត ឬ​អត់។ នេះ​ហើយ​ជា​អត្ថន័យ​នៃ​ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ។

VOA៖ តើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹងផ្គត់ផ្គង់​មូលនិធិ​ដល់​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ទាំង​នោះ​ដែរ​ ឬ​ទេ?

លោក Fick៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ធានា​ថា ក្រុមហ៊ុន​និង​គំរូ​ពាណិជ្ជកម្មទាំង​នេះ និង​ផលិតផល​របស់​ពួកគេ​មាន​សុវត្ថិភាព មិនអាច​លួចចូល​បាន​ និង​ផ្តល់​ការ​ទុក​ចិត្ត។ យើង​ទន្ទឹង​រង់ចាំ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទាំង​នេះ​នៅ​ពេល​ណា​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នោះ។ ច្បាស់​ណាស់ វា​ក៏អាច​រួម​បញ្ចូល​ភាព​ជា​ដៃគូ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ។

VOA៖ សេតវិមាន​បាន​កំណត់​ការ​ការពារ​ជំងឺ​មហារីក និង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​វិស័យ​ចំនួន ២ ​ដែល​ចង់​ឱ្យ​ក្រុមហ៊ុន AI ផ្តោត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​លើ។ តើ​លោក​អាច​និយាយ​អំពី​ការ​ប្រកួតប្រជែង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ចិន​លើ​បច្ចេកវិទ្យា AI បាន​ដែរ​ឬ​ទេ? តើ​ការ​ប្រកួត​ប្រជែង​ជាមួយ​ចិន​ជា​អាទិភាព​របស់​រដ្ឋបាល​លោក​ Biden ​ដែរ​ឬ​ទេ?

លោក Fick៖ យើង​នឹង​រំពឹង​ថា វិធីសាស្រ្ត​របស់​ចិន​ចំពោះ​បញ្ញា​សិប្បនិម្មិត​ ឬ​ AI នឹង​ដូច​ទៅ​នឹង​វិធីសាស្ត្រ​ដែល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រើ​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗទៀត​នៃ​វិស័យបច្ចេកវិទ្យា។ ជា​ទូទៅ​ គេ​ប្រើ​វិធីសាស្ត្រ​ពី​លើ​ចុះ​ក្រោម។ ជា​ទូទៅ មិន​ផ្តោត​លើ​ការ​បញ្ចេញ​មតិ​បើក​ចំហ មិន​ផ្តោត​លើ​ការ​បើក​ចំហ​ចំពោះ​ព័ត៌មាននោះទេ។ ហើយ​ប្រព័ន្ធ AI ទាំង​នេះ តាម​លក្ខណៈរបស់​ពួកវា ទាមទារ​ឱ្យ​មាន​ការ​បើក​ចំហ និង​ការ​ទទួល​បាន​បណ្តុំ​ទិន្នន័យ និង​ព័ត៌មានធំៗ។

VOA៖ អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​មួយ​ចំនួន​បាន​ព្រមាន​ថា​ ប្រទេស​ចិន​កំពុង​ចំណាយ​ប្រាក់​ច្រើន​ជាង​សហរដ្ឋ​អាមេរិក​ដល់​ទៅ​ ៣ ​ដង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ផ្នែក AI ក្នុង​ពិភពលោក។ តើ​លោក​អាច​និយាយ​អំពី​មហិច្ឆតា​របស់​ចិន​លើ​ផ្នែក AI បាន​ទេ? តើ​សហរដ្ឋអាមេរិក​កំពុង​តាមដានគូប្រកួត​ប្រជែង​មួយ​នេះ​ដែរ​ ឬ​ទេ?

លោក Fick៖ យើង​ពិត​ជា​បាន​តាមដាន​ចំណុច​មួយ​ចំនួន​ដូច​ជា ការ​ស្រាវជ្រាវនិង​ការ​អភិវឌ្ឍ និង​ចំនួន​ទឹក​ប្រាក់​វិនិយោគ ប៉ុន្តែ​ខ្ញុំ​ចង់​លើក​ឡើង​ថា ទាំង​នេះ​គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​ មិន​មែន​ជា​លទ្ធផល​នោះ​ទេ។ ហើយ​ខ្ញុំ​គិតថា ​វាមិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​ថា​ ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ស្រាវជ្រាវ AI គឺ​ជា​ក្រុមហ៊ុន​អាមេរិក។ ប្រព័ន្ធ​នវានុវត្តន៍​របស់​យើង គាំទ្រ​ដោយ​គោលនយោបាយ​ស្រាវជ្រាវ​និង​អន្តោប្រវេសន៍​មូលដ្ឋានដែល​ទាក់ទាញ​អ្នក​មាន​ទេពកោសល្យ និងដោយ​គោលនយោបាយ​ពន្ធនិង​និយ័តកម្ម​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក ​ដែល​លើក​ទឹក​ចិត្ត​ដល់​ការ​បង្កើត និង​ការ​រីក​ចម្រើន។

VOA៖ តើ​លោក​មាន​មតិ​ចុង​ក្រោយ​អ្វី​ទេ​អំពី​ហានិភ័យ? តើ​គំរូ​ AI អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​អាវុធ​ជីវសាស្ត្រ​ដែរ​ ឬ​ទេ? តើ AI អាច​បំផ្លាញ​មនុស្ស​ជាតិ​បាន​ទេ?

លោក Fick៖ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ ហានិភ័យ និង​ផលប្រយោជន៍​ពិត​ជា​មាន​ទំនាក់ទំនង​គ្នា​ក្នុង​ជីវិត និង​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។ មាន​ផល​ប្រយោជន៍ និង​ការ​សន្យា​ដ៏​ធំ​នៅ​ក្នុង​បច្ចេកវិទ្យា​ទាំង​នេះ ហើយ​ច្បាស់​ណាស់​ ក្នុង​ពេល​ជាមួយ​គ្នា ក៏​មាន​ហានិភ័យ​សំខាន់ៗ​ផង​ដែរ។ យើង​ត្រូវ​រក្សា​គោលដៅ​របស់​យើង ការ​ផ្តោតអារម្មណ៍​របស់​យើង​លើ​ភាព​ច្នៃប្រតិដ្ឋ​ថ្មី និង​ការ​សន្យា​ទាំងអស់​ដែល​បច្ចេកវិទ្យា​ទាំង​នេះ​នឹង​នាំ​មក។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​ជា​ទំនួលខុសត្រូវ​របស់​យើង​ក្នុង​នាម​ជា​រដ្ឋាភិបាល និង​ជាក្រុមហ៊ុន​ ដែលឈាន​មុខ​គេ​ក្នុង​វិស័យ​នេះ ដើម្បី​ដាក់​វិធានការ​ការពារ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទាំង​នោះ៕

ប្រែសម្រួលដោយលោក ប៉ូច រាសី និងលោក ចាប ចិត្រា

XS
SM
MD
LG