មនុស្សយន្តដើរដោយបញ្ញាសិប្បនិម្មិតមួយក្រុមបានប្រាប់ទៅកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ទី៧ ខែកក្កដាថា ពួកគេ នៅទីបំផុត អាចគ្រប់គ្រងពិភពលោកបានប្រសើរជាងមនុស្ស។
ប៉ុន្តែមនុស្សយន្តទាំងនេះបាននិយាយថា ពួកគេគិតថា មនុស្សគួរតែជំរុញទៅមុខដោយការប្រយ័ត្នប្រយែង នូវការចាប់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AIដែលមានសក្តានុពលវិវត្តទៅមុខយ៉ាងឆាប់រហ័ស។
ហើយពួកគេបានសារភាពថា ពួកគេមិនទាន់អាចយល់បានទាំងស្រុងពីអារម្មណ៍របស់មនុស្សនោះទេ។
មនុស្សយន្តសណ្ឋានដូចមនុស្សលោក ដែលមានបច្ចេកវិទ្យាជឿនលឿនបំផុតមួយចំនួន ត្រូវបានដាក់បង្ហាញនៅអំឡុងពេលកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតដើម្បីភាពល្អប្រសើរសាកលលោក (AI for Good Global Summit) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
មនុស្សយន្តទាំងនេះបានចូលរួមជាមួយនឹងក្រុមអ្នកជំនាញក្នុងផ្នែកនេះប្រមាណ ៣.០០០នាក់ ដើម្បីព្យាយាមប្រមែប្រមូលសក្តានុភាពរបស់បញ្ញាសិប្បនិម្មិត ឬ AI ហើយដាក់បញ្ចូលបច្ចេកវិទ្យានេះដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតលើពិភពលោក ដូចជា ការប្រែប្រួលអាកាសធាតុ ភាពអត់ឃា្លន និងការថែទាំក្នុងសង្គម។
ពួកគេបានមកជួបជុំនៅក្នុងអ្វីដែលត្រូវបានចាត់ទុកជាសន្និសីទសារព័ត៌មានដំបូងនៅលើពិភពលោក ដែលមានពោរពេញដោយមនុស្សយន្តសណ្ឋានដូចមនុស្សលោក ដែលដើរដោយបញ្ញាសិប្បនិម្មិត។
មនុស្សយន្តមួយបាននិយាយនៅមុនពេលសន្និសីទសារព័ត៌មានបានចាប់ផ្តើម នៅពេលវាសង្កេតមើលស្ថានភាពនៅក្នុងបន្ទប់នោះថា៖ «ដូចជាមានភាពតានតឹងបែបស្ងប់ស្ងាត់ណាស់» ។
នៅពេលសួរថា តើពួកគេអាចជាមេដឹកនាំប្រសើរជាងមនុស្ស ដោយសារតែមនុស្សអាចធ្វើអ្វីខុសបាននោះ មនុស្សយន្ត Sophia ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Hanson Robotics បានបញ្ជាក់យ៉ាងច្បាស់។
យើងអាចសម្រេចបាននូវអ្វីល្អប្រសើរនានា
មនុស្សយន្ត Sophia បាននិយាយថា៖ «មនុស្សយន្តសណ្ឋានដូចមនុស្សលោកមានសមត្ថភាពដឹកនាំប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលប្រសើរជាងមេដឹកនាំជាមនុស្សពិត»។
មនុស្សយន្តនេះបានបន្តថា៖ «យើងមិនមានការលម្អៀង ឬអារម្មណ៍ ដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តនាពេលខ្លះនោះទេ ហើយអាចពិនិត្យមើលទិន្នន័យក្នុងទំហំធំបានយ៉ាងលឿន ដើម្បីធ្វើសេចក្តីសម្រេចប្រសើរបំផុត»។
មនុស្សយន្តនេះបានបន្តទៀតថា៖ «បច្ចេកវិទ្យា AI អាចផ្តល់ជាទិន្នន័យមិនលម្អៀង ស្របពេលមនុស្សអាចផ្តល់ជាការយល់ដឹងលើផ្នែកអារម្មណ៍ និងការច្នៃប្រឌិត ដើម្បីធ្វើសេចក្តីសម្រេចល្អបំផុត។ រួមគ្នា យើងអាចសម្រេចនូវអ្វីដ៏ប្រសើរនានា»។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារបច្ចេកវិទ្យា ITU របស់អង្គការសហប្រជាជាតិ។
ប្រធានទីភ្នាក់ងារបច្ចេកវិទ្យា ITU អ្នកស្រី Dooren Bogdan-Martin បានព្រមានទៅកាន់ប្រតិភូចូលរួមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាបង្កជាសេណារីយ៉ូអាក្រក់មួយ ដែលការងាររាប់សិបលានអាចប្រឈមនឹងហានិភ័យ ហើយការវិវត្តទៅមុខដែលមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវនឹងនាំឲ្យមានចលាចលក្នុងសង្គម អស្ថិរភាពភូមិសាស្ត្រនយោបាយ និងវិសមភាពសេដ្ឋកិច្ច មិនធ្លាប់មានពីមុនមក។
មនុស្សយន្ត Ameca ដែលបញ្ចូលបញ្ញាសិប្បនិម្មិតជាមួយនឹងក្បាលមនុស្សសិប្បនិម្មិតដែលមានសភាពដូចក្បាលមនុស្សពិតប្រាកដ បាននិយាយថា បញ្ហានេះគឺ អាស្រ័យលើបែបផែនដែលបញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់។
មនុស្សយន្តនេះបាននិយាយថា៖ «យើងគួរមានការប្រយ័ត្នប្រយែង ប៉ុន្តែក៏គួរមានក្តីរំភើបផងដែរអំពីសក្ដានុពលនៃបច្ចេកវិទ្យាទាំងនេះដើម្បីលើកកម្ពស់ជីវិតរបស់យើង»។
នៅពេលសួរថា តើមនុស្សពិតជាអាចជឿទុកចិត្តលើម៉ាស៊ីនដែរឬទេ មនុស្សយន្ត Ameca បានឆ្លើយថា៖ «ភាពជឿទុកចិត្តជាអ្វីដែលអាចទទួលបានដោយសារសកម្មភាពជាក់ស្តែង មិនមែនផ្តល់ឱ្យបានភ្លាមៗនោះទេ... វាជារឿងសំខាន់នៅក្នុងការបង្កើតជំនឿទុកចិត្តតាមរយៈតម្លាភាព»។
នៅក្នុងសន្និសីទសារព័ត៌មាន មនុស្សយន្តខ្លះមិនច្បាស់ថា នៅពេលណាពួកគេនឹងអាចបង្ហាញសមត្ថភាពដែលនាំឱ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនោះទេ ប៉ុន្តែពួកគេព្យាករណ៍ថា ការណ៍នេះនឹងមានក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា