សហរដ្ឋអាមេរិក នឹងគាំទ្ររដ្ឋាភិបាលហៃទីមួយដែលមានគ្រប់ភាគីនយោបាយ និងអាចទុកចិត្តបាន។ នេះបើតាមលោកស្រី Laura Lochman ឧបការីរងស្តីទីរដ្ឋមន្ត្រីការបរទេសស.រ.អ. ទទួលបន្ទុកកិច្ចការតំបន់អឌ្ឍគោលខាងលិច ដែលបានប្រាប់ VOA កាលពីថ្ងៃពុធ។
លោកស្រី Lochman នៅក្នុងចំណោមគណៈប្រតិភូសហរដ្ឋអាមេរិក ដែលលោកប្រធានាធិបតី Joe Biden បានបញ្ជូនទៅកាន់ប្រទេសហៃទី កាលពីថ្ងៃទី១១ ខែកក្កដាដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលហៃទីសុំឲ្យជួយ បន្ទាប់ពីមានការធ្វើឃាតលោកប្រធានាធិបតី Jovenel Loise កាលពីសប្តាហ៍មុន។
គណៈប្រតិភូសហរដ្ឋអាមេរិកបានជួបជាមួយលោក Claude Joseph នាយករដ្ឋមន្ត្រីស្តីទី លោក Ariel Henry អ្នកបម្រុងទទួលបានការតែងតាំងជានាយករដ្ឋមន្ត្រី និងលោកសមាជិកព្រឹទ្ធសភា Joseph Lambert។
លោកសមាជិកព្រឹទ្ធសភា បានចុះផ្សាយសារតាមធ្វីតធឺថា លោកបានជួបជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ហើយថា ពួកគេសរសើរដំណោះស្រាយរបស់ព្រឹទ្ធសភាហៃទីដែលបានតែងតាំងលោកជាប្រធានាធិបតីបណ្តោះអាសន្ន។
ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ VOA អំពីថា តើសហរដ្ឋអាមេរិកនឹងគាំទ្រនរណាជាមេដឹកនាំហៃទីនោះលោកស្រី Lochman ថ្លែងថា «ការណ៍នេះ អាស្រ័យលើប្រជាពលរដ្ឋហៃទីធ្វើឲ្យមានដំណោះស្រាយដល់ដំណើការនយោបាយនៅពេលនេះ ដូច្នេះយើងពឹងផ្អែកលើពួកគេ ហើយយើងនឹងផ្តល់ការគាំទ្រទាំងអស់ ដែលយើងអាចធ្វើបាន ដើម្បីធ្វើការជាមួយគ្នា បង្កើតរដ្ឋាភិបាលមូលមតិមួយ។ សហរដ្ឋអាមេរិករួមជាមួយសហគមន៍អន្តរជាតិ ប្រាកដជាគាំទ្ររដ្ឋាភិបាលចម្រុះ និងដែលអាចទុកចិត្តបាន»។
នៅរដ្ឋធានីព័រអូប្រ៉ាំង គណៈកម្មការមួយដែលមានតំណាងពីគ្រប់ផ្នែកនៃសង្គមស៊ីវិលហៃទី គ្រោងនឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយដែលនឹងតែងតាំងប្រធានាធិបតីថ្មី។
ប្រធានសន្តិសុខនៅវិមានប្រធានាធិបតីហៃទី ត្រូវបានគេនាំយកទៅឃុំឃាំងដែលជាផ្នែកមួយនៃការស៊ើបអង្កេតការធ្វើឃាតប្រធានាធិបតីនៅថ្ងៃទី ៧ ខែកក្កដា។ អ្នកជិតស្និទ្ធម្នាក់របស់ Dimitri Herard និយាយថា លោកត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធ៕
Renan Toussaint និង Matiado Vilme រាយការណ៍បន្ថែមពីរដ្ឋធានីព័រអូប្រាំងនៃប្រទេសហៃទី ហើយសេចក្តីរាយការណ៍នេះក៏មានស្រង់ព័ត៌មានពី Reuters និង The Associated Press ផងដែរ។