បញ្ជីឈ្មោះជនសង្ស័យក្នុងការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse កាលពីថ្ងៃទី៧ ខែកក្កដានោះ បន្តកើនឡើង។
ពួកអាជ្ញាធរហៃទីបានចេញដីកាចាប់ខ្លួនថ្មីចំនួន៣ទៀតកាលពីថ្ងៃអង្គារលើជនសង្ស័យដែលមានឈ្មោះ Joseph Felix Badio ឈ្មោះ Rodolf Jaar និងឈ្មោះ John Joel Joseph ពីបទធ្វើឃាតកម្ម ការប៉ុនប៉ងធ្វើឃាតនិងការលួចចូលក្នុងលំនៅដ្ឋានដោយមានអាវុធ។ ប៉ូលិសបានពណ៌នាជនសង្ស័យទាំងបីរូបនេះថា ជាបុគ្គលដែលមានអាវុធនិងប្រកបដោយ គ្រោះថ្នាក់។ ទីភ្នាក់ងារព័ត៌មាន AP បានបង្ហាញថា ជនសង្ស័យឈ្មោះ Joseph ជាអតីតសមាជិកព្រឹទ្ធសភាហៃទីដែលប្រឆាំងគណបក្ស Tet Kale របស់ប្រធានាធិបតី Moïse ដែលត្រូវបានធ្វើឃាតនោះ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ជនសង្ស័យ៣រូបនោះស្ថិតក្នុងចំណោមមនុស្ស៥រូបដែលកំពុងរត់គេចខ្លួននៅឡើយ។
ប្រធានប៉ូលិសលោក Leon Charles និយាយថា ប៉ូលិសហៃទីបានចាប់ជនសង្ស័យជាជនជាតិកូឡុំប៊ី ចំនួន១៨នាក់និងជនជាតិហៃទីចំនួន៣នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារនោះ ដែលក្នុងនោះរួម មានបុរសម្នាក់អាយុ៦៣ឈ្មោះ Christian Emmanuel Sanon ដែលបានកើតនៅក្នុងប្រទេសហៃទី តែរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ប៉ូលិសហៃទីជឿថា ជនសង្ស័យរូបនេះជាមេខ្លោងធំបំផុតស្ថិតនៅពីក្រោយនៃការរៀបចំផែនការធ្វើឃាតលោក Moïse នេះ។ ប្រធានប៉ូលិសហៃទីលោក Charles បាននិយាយទៀតថា មេខ្លោងរូបនេះ បានជិះយន្តហោះឯកជនមួយមកកាន់ប្រទេសហៃទីកាលពីដើមខែមិថុនាជាមួយនឹងគូកនមួយចំនួនដែលជាជនជាតិកូឡុំប៊ី។
មន្ត្រីអាមេរិកមួយរូបនៃទីភ្នាក់ងារប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក បានប្រាប់ VOA តាមសារអ៊ីមែលថា ជនសង្ស័យមួយរូបដែលស្ថិតនៅក្នុងការឃុំឃាំងដែរនោះ ជាប្រភពអ្នកផ្តល់ការសម្ងាត់ឲ្យទីភ្នាក់ងារខ្លួន។ ប៉ុន្តែមន្ត្រីនេះមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជូនគណៈប្រតិភូពិសេសអាមេរិកមួយទៅកាន់ប្រទេសហៃទីដើម្បីជួយក្នុងការស៊ើបអង្កេតអំពីរឿងនេះ៕