បុព្វបុរសរបស់កសិករ Russ Higgins បានរស់នៅលើដីដ៏ធំទូលាយមួយនៅភាគខាងត្បូងទីក្រុង Morris ក្នុងរដ្ឋ Illinois តាំងពីឆ្នាំ១៨៥៨។ ឆ្លងកាត់សង្គ្រាមស៊ីវិលអាមេរិក និងព្រឹត្តិការណ៍សំខាន់ៗនានាចាប់ពីពេលនោះមក សមាជិកម្នាក់មកពីគ្រួសារ Higgins បានដាំដុះ និងប្រមូលផលនៅលើផ្ទៃដីនោះ។
ចាប់តាំងពីការភ្ជួររាស់ជាលើកដំបូងដែលបានជ្រោយដីឡើងឲ្យមានជីជាតិ នៅលើផ្ទៃដីនេះកាលពី១៦០ឆ្នាំមុនមក ដំណាំមួយប្រភេទដែលគេតែងដាំដុះនៅលើទីវាលនោះគឺស្រូវសាលី។
មុនពេលលោកឡើងជិះលើម៉ូតូកង់៤របស់លោកបើកចូលទៅក្នុងវាលស្រែ លោកបានប្រាប់ VOA ថា៖ «បន្ទាប់ពីប្រមូលផលសណ្ដែកសៀងរួចហើយ យើងប្រហែលជានឹងដាំដំណាំផ្សេងទៀតក្នុងពេលពីរសប្តាហ៍កន្លះទៅបីសប្តាហ៍ទៀត»។
នៅពេលលោកបើកម៉ូតូទៅហួសគំនរចំបើងដ៏ធំ និងដើមពោតខ្ពស់ៗដែលជិតដល់ពេលប្រមូលផលនោះ ដំណាំម្យ៉ាងដែលមិនមាននៅទីនោះគឺស្រូវសាលី។ លោក Higgins និយាយថាហេតុផលគឺដោយសារតែលោកបានច្រូតកាត់ស្រូវសាលីនោះចេញពីវាលស្រែនេះអស់ហើយ។ ឥឡូវនេះមិនមែនជារដូវច្រូតកាត់ទេ ហើយបន្តិចទៀតត្រូវដល់ពេលដែលត្រូវដាំដំណាំថ្មី សម្រាប់រដូវរងាហើយ។
ប៉ុន្តែតាមពិត ហេតុផលដែលអ្នកមិនឃើញមានដំណាំស្រូវសាលីនៅលើផ្ទៃដីរបស់លោក Higgins គឺមិនពាក់ព័ន្ធនឹងរដូវកាលនោះទេ។
លោក Higgins និយាយថាតម្រូវការទីផ្សារមិនមែនផលិតផលស្រូវសាលីទេ។ លោកនិយាយថា៖ «នៅពេលអ្នកគិតថាតើកសិករដាំដំណាំអ្វីឲ្យពិតប្រាកដនោះ គឺវាអាស្រ័យលើតម្រូវការទីផ្សារ ហើយតម្រូវការនោះក៏អាស្រ័យលើតម្លៃដែលពួកគេអាចទទួលបានមកវិញផងដែរ។
លោកបានគូសពញ្ជាក់ថា៖ «ខ្ញុំបានសង្កេតឃើញថាជាង២០ឆ្នាំមកនេះ រដ្ឋ Illinois បានផ្តោតលើដំណាំពោតនិងសណ្ដែកសៀងប៉ុណ្ណោះ»។
អ្វីដែលកើតមានពិតប្រាកដសម្រាប់រដ្ឋ Illinois នេះក៏កើតមានជាក់ស្តែងសម្រាប់លោក Higgins ផងដែរ។ លោកដាំស្រូវសាលីនៅលើផ្ទៃដីមួយផ្នែកតូចប៉ុណ្ណោះ នៃផ្ទៃដីចំការទាំងអស់របស់លោក។ ឆ្នាំនេះស្រូវសាលីផ្តល់ផលចំណេញបន្តិចបន្តួចប៉ុណ្ណោះ។
លោកនិយាយថា៖ «យើងបានទទួលផលជាមធ្យមប្រហែលជា៨៣ (ល្អី/កញ្ជើ)ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។ និយាយតាមត្រង់ទៅ ស្រូវសាលីនេះប្រហែលអាចមានផលច្រើនជាងដំណាំពោត និងសណ្ដែកសៀង»។
ថាតើវាមានផលល្អឬអត់នោះ លោក Higgins និយាយថា អាកាសធាតុនៅភាគខាងជើងនៃរដ្ឋ Illinois មិនមានភាពល្អប្រសើរសម្រាប់ដំណាំស្រូវសាលីក្នុងបរិមាណច្រើនទេ ហើយម្យ៉ាងទៀតដោយសារតែមិនសូវមានកសិករច្រើនដាំដំណាំនេះ ធ្វើឲ្យស្រូវសាលីក្លាយជាប្រភេទដំណាំដែលត្រូវការចំណាយប្រាក់ច្រើនសម្រាប់ដាំដុះ។
លោកនិយាយបន្ថែមទៀតថា៖ «មិនមានទីផ្សារដែលយើងអាចលក់ផលដំណាំបានពេញមួយឆ្នាំទេ។ យើងមានឱកាសលក់ស្រូវសាលីក្នុងអំឡុងពេលតែ៣សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយើងច្រូតកាត់ហើយភ្លាម។ បើសិនយើងនៅអែរអង់ជាងនេះរហូតដល់ពេលដែលត្រូវដឹកវាចេញនោះ យើងនឹងត្រូវដឹកទៅច្រកដែលទទួលទិញកសិផលស្រូវសាលីនេះ។ ហើយមានពេលខ្លះ ការដឹកជញ្ជូន និងចម្ងាយផ្លូវទៅកាន់ទីតាំងទាំងនោះ មិនមែនជាជម្រើសដែលអាចទៅរួចឡើយ។
កសិករអាមេរិកាំងដាំដុះស្រូវសាលីនៅលើផ្ទៃដីតិចតួចបំផុតចាប់តាំងពីនាយកដ្ឋានកសិកម្មអាមេរិកាំង បានចាប់ផ្តើមកត់ត្រាទិន្នន័យដំណាំស្រូវសាលីនេះនៅឆ្នាំ១៩១៩មក។ នាយកប្រតិបត្តិនៃសមាគមស្រូវសាលីរដ្ឋ Illinois លោក Jim Fraley និយាយថា កត្តាចម្បងនៃការបាត់បង់ការដាំដំណាំស្រូវសាលីនៅសហរដ្ឋអាមេរិកគឺដោយសារតែការប្រកួតប្រជែងសាកល។
លោក Fraley បានប្រាប់ VOA នៅក្នុងកម្មវិធីតាំងបង្ហាញការរីកចម្រើននៃកសិកម្មឆ្នាំ ២០១៧ (2017 Farm Progress Show) ក្នុងទីក្រុង Decatur រដ្ឋ Illinois ដោយលោកបានថ្លែងថា៖ «សហរដ្ឋអាមេរិកបានឈានជើងចូលក្នុងការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀត។ ប្រទេសជាច្រើនដូចជា បារាំង រុស្ស៊ី អាល្លឺម៉ង់ និងប្រទេសជាច្រើនទៀតដែលមិនអាចដាំដំណាំពោតបានល្អ ប៉ុន្តែពួកគេមានអាកាសធាតុអំណោយផលសម្រាប់ដំណាំស្រូវសាលី។ សូម្បីតែប្រទេសកាណាដា ក៏ជាប្រទេសដ៏ធំមួយសម្រាប់ដាំដុះស្រូវសាលីប្រភេទ oat និងស្រូវសាលីធម្មតាដែរ»។
លោក Fraley ក៏បានចង្អុលបង្ហាញកត្តាផ្សេងទៀត នោះគឺទម្លាប់នៃការបរិភោគនិងរបបអាហាររបស់ប្រជាពលរដ្ឋ។ លោកពន្យល់ថា៖ «មាននិន្នាការធំមួយ ដែលមនុស្សឈប់បរិភោគអាហារមានជាតិប្រូតេអ៊ីនចេញពីស្រូវសាលី ហើយការធ្វើដូច្នេះធ្វើឲ្យប៉ះពាល់ដល់ទីផ្សារស្រូវសាលីខ្លះដែរ។ តាមពិតទៅ យើងត្រូវបង្កើនការប្រើស្រូវសាលីឲ្យបានច្រើននៅក្នុងស្រុក។ យើងចង់ចែកចាយវានៅក្នុងស្រុក ហើយយើងក៏ព្យាយាមលក់វាទៅប្រទេសផ្សេងទៀតផងដែរ។ ការណ៍នេះអាចធ្វើកសិផលនេះឈានចូលក្នុងទីផ្សារពិភពលោកដែលមានការប្រកូតប្រជែងខ្លាំង ដែលនោះហើយជាហេតុផលធ្វើឲ្យតម្លៃរបស់វាកំពុងរងសម្ពាធខ្លះនាពេលបច្ចុប្បន្ននេះ»។
លោក Fraley និយាយថា នៅសហរដ្ឋអាមេរិក ឆ្លងកាត់បទពិសោធន៍ដាំដុះស្រូវសាលីកន្លងមកអាចធ្វើឲ្យកសិករធ្វើការសម្រេចចិត្ត ថាតើពួកគេគួរដាំដំណាំអ្វីនៅពេលអនាគត ។
លោកបានពន្យល់ទៀតថា៖ «កសិករភាគច្រើននៅតែចងចាំការដាំស្រូវសាលីកាលពី១០ទៅ២០ឆ្នាំមុន ដែលផលស្រូវមានកម្រិតទាប ហើយគុណភាពក៏ទាប ហើយមិនបានចំណេញអ្វីទាល់តែសោះ។ ប៉ុន្តែមានការប្រែប្រួលច្រើននាពេលបច្ចុប្បន្ននេះ។ ហើយតាមរយៈបច្ចេកវិទ្យាថ្មី ទាក់ទងនឹងការបង្កាត់ពូជ និងការគ្រប់គ្រងលើជំងឺរបស់ដំណាំ មានការរីកចម្រើនច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ធ្វើឲ្យដំណាំស្រូវសាលីក្នុងរដ្ឋ Illiois គួរតែត្រូវបានដាំដុះឲ្យបានច្រើន និងអាចបង្កើនប្រាក់ចំណូលបាន ផងដែរ»។
ថាតើដំណាំនេះវាមានផលចំណេញឬអត់នោះ កសិករ Russ Higgins និយាយថា វាមិនមែនជារឿងសាមញ្ញ ដូចដែលកសិករគ្រាន់តែយកគ្រាប់ពូជទៅដាំក្នុងដីនោះទេ។
លោក Higgins និយាយថា៖ «សម្រាប់អ្នកដែលផ្អាកដាំដំណាំស្រូវសាលីអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អាចមានហានិភ័យខ្លះចំពោះការមកដាំដុះស្រូវសាលីនេះ។ តែចំពោះដំណាំពតនិងសណ្ដែកសៀងវិញ វាហាក់ដូចជាមានភាពប្រក្រតី ដូច្នេះខ្ញុំគិតថា វាមានចំណុចវិជ្ជមានសម្រាប់បញ្ហានេះ»។
យ៉ាងណាក៏ដោយ លោក Higgins និយាយថា ប្រសិនបើតម្លៃពោតនិងសណ្ដែកសៀងបន្តធ្លាក់ចុះនោះ អាចមានផលវិជ្ជមានសម្រាប់ដំណាំស្រូវសាលី។ លោកនិយាយថា៖ «បើសិនជាមានការឡើងតម្លៃមែននោះ អ្នកនឹងឃើញមានការដាំដុះស្រូវសាលីនៅលើផ្ទៃដីជាច្រើន ឬក៏អ្នកនឹងឃើញសត្វពាហនៈត្រឡប់មកតំបន់នោះវិញ។ ប៉ុន្តែនេះគ្រាន់តែជាការឧបមាប៉ុណ្ណោះ។ ហើយប្រសិនបើមានអ្វីម្យ៉ាងដែលកសិករមិនសូវពេញចិត្តក្រៅពីតម្លៃទាបសម្រាប់ដំណាំដែលពួកគេដាំដុះនោះ មិនថាជាអាកាសធាតុ និងបរិស្ថាននោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ផលដំណាំដែលកសិករបានពឹងអាស្រ័យលើ នៅពេលដល់រដូវច្រូតកាត់៕
ប្រែសម្រួលដោយ នៀម ឆេង