ប្រទេសចិនសង្ឃឹមថានឹងអាចទាក់ទាញមូលធនឯកជន និងបរទេស មកវិនិយោគលើវិស័យកសិកម្មដែលមានការគ្រង់គ្រងដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក៏បានបញ្ជាក់ពីគោលនយោបាយរបស់ខ្លួន ដែលមានគោលបំណងលើកកម្ពស់ និងធ្វើឲ្យមានស្តង់ដារមួយលើ «ការផ្ទេរសិទ្ធិក្នុងការប្រើប្រាស់ដីកសិកម្មពីប្រជាជននៅតាមតំបន់ជនបទ ឲ្យទៅស្ថាប័នពាណិជ្ជកម្ម»។
ផែនការនេះត្រូវបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរបានប្រកាសកាលពីដើមឆ្នាំនេះថា ពួកគេចង់ផ្តល់ទីកន្លែងថ្មីនៅតាមទីក្រុងតូចៗដល់កសិករ ១០០ លាននាក់ គឺស្មើនឹងប្រមាណ១២ភាគរយនៃចំនួនកសិករតាមជនបទសរុប។ ដីកសិកម្មដែលប្រជាជនត្រូវចាកចេញ នឹងត្រូវយកមកបញ្ចូលគ្នាជាផ្ទៃដីដ៏ធំសម្រាប់យកមកប្រើប្រាស់ជាដីកសិកម្មរបស់ក្រុមហ៊ុន ដោយអនុវត្តវិធីសាស្រ្តកសិកម្មបែបទំនើបជាងមុន។
តួអង្គធ្វើឲ្យមានការប្រែប្រួលនយោបាយ
តាមច្បាប់របស់ចិន កសិករទាំងអស់មានសិទ្ធិជាម្ចាស់ដីធ្លីបែបសមូហភាព ឬប្រមូលផ្តុំ។ កសិករម្នាក់អាចប្រើប្រាស់ដីធ្លីបានក្រោមកិច្ចប្រព័ន្ធសន្យាមួយដែលមានជាធរមានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មកម៉្លេះ។ ក៏ប៉ុន្តែប្រព័ន្ធបែបនេះបានធ្វើឲ្យមានដីកសិកម្មជាច្រើននៅទំនេរបោះបង់ចោលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារតែកម្លាំងពលកម្មបានធ្វើចំណាកស្រុកក្នុងកម្រិតខ្ពស់ទៅទីក្រុងនានាដែលមានការរីកចម្រើនឆាប់រហ័ស។ ករណីមួយចំនួន ក្រុមកសិករសមូហភាពមូលដ្ឋានត្រូវបានរំលោភបំពានដោយមន្រ្តីមូលដ្ឋានពុករលួយដែលឃុបឃិតជាមួយនឹងក្រុមវិនិយោគិន។
រដ្ឋាភិបាលចិនកំពុងពិចារណាផ្លាស់ប្តូរប្រព័ន្ធនេះ និងធ្វើការវិនិយោគដើម្បីកែលម្អផលិតភាពកសិកម្ម។ ប្រទេសចិនត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានការប្រើប្រាស់ទឹកនិងជីគ្មានប្រសិទ្ធផល ដែលបញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈបច្ចេកវិទ្យាថ្មីៗ។
លោក Erlend Ek អ្នកគ្រប់គ្រងការស្រាវជ្រាវកសិកម្មនៅក្រុមហ៊ុន China Policy ដែលផ្តល់សេវាប្រឹក្សា បានប្រាប់ VOA ថា៖ «គោលនយោបាយនេះនឹងក្លាយជាតួអង្គធ្វើឲ្យប្រែប្រួលនយោបាយ ដែលនាំឲ្យមានការផ្លាស់ប្តូរធំធេងទាំងប្រព័ន្ធសេដ្ឋកិច្ច និងនយោបាយ។ ឱកាសថ្មីៗ នឹងចាប់ផ្តើមមានឡើង ពីព្រោះអាជ្ញាធរចិនកំពុងស្វះស្វែងរកភាពជាដៃគូជាមួយនិងក្រុមហ៊ុនបរទេសនានាក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម»។
ប៉ុន្តែការផ្លាស់ប្តូរនេះ អាចនឹងក្លាយជាចំណុចប្រេះឆាខ្លាំងមួយធៀបនឹងការអនុវត្តកាលពីពេលកន្លងមក។ ក្នុងអំឡុងយុគសម័យលោក ម៉ៅ សេទុង ជាប្រធានបក្សកុម្មុយនីស្ត ឥទ្ធិពលរបស់បក្សកើនឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់បក្សក្នុងការបែងចែកដីធ្លីដោយស្មើភាពតាមរយៈការបង្កើតក្រុមកសិករប្រវាស់ដៃ ឬកសិករសមូហភាព (ប្រមូលផ្តុំ)។ យុទ្ធសាស្រ្តបែបនេះ បានថមថយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ នៅពេលដែលប្រទេសចិនបោះជំហានឆ្ពោះទៅរកការធ្វើឧស្សាហនីយកម្មទំហំធំ និងការកើនឡើងការពង្រីកទីក្រុងដ៏ឆាប់រហ័ស។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ បាននិយាយថា មានការគាំទ្រយ៉ាងខ្លាំងទៅលើការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មបែបសាជីវកម្ម។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរដ្ឋ Xinhua បានសរសេរថា៖ «មានការកើនឡើងនៃការទទូចទាមទារពីសំណាក់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទឲ្យមានការផ្ទេរដីស្រែចម្ការទៅឲ្យអ្នកផ្សេង ដើម្បីឲ្យពួកគេអាចគ្រប់គ្រង និងធ្វើផលិតកម្ម។ គោលនយោបាយថ្មីនេះ នឹងនាំឲ្យមានការបង្កើតយន្តការនានាដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរមានកម្រិតស្តង់ដារកាន់តែខ្ពស់ ខណៈដែលសិទ្ធិកាន់កាប់ដីធ្លី ក៏នឹងត្រូវបានការពារប្រសើរជាងមុនដែរ»។
ថ្នាក់ដឹកនាំចិនបាននឹងកំពុងពិភាក្សាលើតម្រូវការក្នុងការទាក់ទាញការវិនិយោគលើវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានរៀបចំវិធាននានាក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនកសិកម្មអន្តរជាតិឲ្យមកវិនិយោគនៅតំបន់ពិសេសទាំងនោះ។
ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា នេះគឺជាការប៉ុនប៉ងដំបូងក្នុងការបង្កើតនីតិវិធីដែលអាចនឹងប៉ះពាល់ដល់ដីស្រែចម្ការនានានៅទូទាំងផ្ទៃប្រទេសទាំងមូល។
សេដ្ឋកិច្ចវិទូ (អ្នកសេដ្ឋសាស្ត្រ) មួយរូប គឺលោក Jacob Kirkegaard នៃវិទ្យាស្ថាន Peterson សម្រាប់វិទ្យាសាស្រ្តសេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា គោលបំណងរបស់រដ្ឋាភិបាល គឺបញ្ចុះបញ្ចូលក្រុមហ៊ុនចិនឲ្យវិនិយោគក្នុងវិស័យថ្មីនេះ ជាជាងការជះប្រាក់ជំនួញទៅលើវិស័យអចលនទ្រព្យ ឬការវិនិយោគនៅបរទេស ដែលទាំងពីរនេះគឺជាទំនោរដែលកំពុងតែកើតមានឡើង។
លោកទាំងពីរបាននិយាយថា៖ «ការធ្វើបែបនេះ ច្បាស់ណាស់ជាសញ្ញាចាប់ផ្តើមនៃការបញ្ចប់ ការធ្វើកសិកម្មបែបសមូហភាព ឬប្រមូលផ្តុំ ដែលជាវិស័យទាមទារកម្លាំងពលកម្មយ៉ាងខ្លាំង»។
ហានិភ័យនៅពេលខាងមុខ
ការតស៊ូប្រឆាំងពីសំណាក់ក្រុមអ្នកគាំទ្រលទ្ធិម៉ៅ នៅក្នុងបក្សកុម្មុយនីស្តក៏កើតមានដែរ ដែលប្រឆាំងទៅនឹងការប្រគល់ដីទៅឲ្យក្រុមហ៊ុនជំនួញ។
លោក Erlend Ek និយាយថា៖ «ក្រុមអ្នករិះគន់ជាច្រើន រាប់បញ្ចូលទាំងសមាជិកជាន់ខ្ពស់នៃបក្ស សម្ដែងការព្រួយបារម្ភអំពីការផ្លាស់ប្តូរចេញពីមូលដ្ឋានអំណាចនៅតាមតំបន់ជនបទដែលជាប្រពៃណីរបស់ពួកគេ»។
លោកបាននិយាយថា ចរន្តនេះមានលក្ខណៈសមហេតុផលម្យ៉ាងដែរ ពីព្រោះវាអាចនាំឲ្យមានការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង។ «ប៉ុន្តែក្នុងបរិបទសេដ្ឋកិច្ចនយោបាយ វាផ្តល់នូវហានិភ័យ ដោយសារតែកសិកម្មបែបពាណិជ្ជកម្មនឹងធ្វើឲ្យមានការប្រែក្លាយភោគទ្រព្យនៅតាមតំបន់ជនបទ ហើយទៅបង្កើនភោគផលដល់អភិជននៅតំបន់ទីក្រុងទៅវិញ»។
លោក Kirkegaardបាននិយាយថា ចរន្តនេះអាចនឹង «នាំឲ្យមានការថយចុះនៃចំនួនប្រជាជននៅតាមតំបន់ជនបទ ដោយសារតែដីធ្លីត្រូវបានគេច្របាច់បញ្ចូលគ្នា ហើយការវិនិយោគជាលក្ខណៈខ្សែសង្វាក់ដោយវិនិយោគិនឯកជនថ្មីៗនឹងកើតមានឡើង»។ ផលប៉ះពាល់នៃកំណែទម្រង់នេះ អាចនឹងខុសពីអ្វីដែលគេចង់បាន គឺការរក្សាប្រជាជននៅតំបន់ជនបទជាជាងការមកកកកុញគ្នានៅទីក្រុង។
លោក Cai Jiming សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua ក្នុងរដ្ឋធានីប៉េកាំង បាននិយាយថា ខណៈដែលគោលនយោបាយនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន និងបរទេសជួល ឬចុះកុងត្រាវិនិយោគដីធ្លីនោះ ក្រុមហ៊ុនទាំងនោះនៅតែគ្មានសិទ្ធិកាន់កាប់ដីធ្លីទាំងនេះទេ ដែលការណ៍នេះអាចនឹងបង្អាក់ទឹកចិត្តការវិនិយោគបែបនេះដដែល។
លោកសាស្រ្តាចារ្យបានពន្យល់ថា៖ «នៅពេលកសិករកាន់តែច្រើនឡើងៗប្តូរទៅរស់នៅក្នុងទីក្រុង ឬត្រូវប្តូរទីលំនៅទៅកន្លែងផ្សេង ប្រពៃណីសមូហភាពនឹងត្រូវបានអនុវត្តដោយក្រុមមនុស្សមួយក្តាប់តូចទៅវិញ» ហើយមិនមែនជាក្រុមមនុស្សមកពីទីក្រុង និងក្រុមហ៊ុនដែលគេគិតថានឹងចូលមកកាន់កាប់ដីទាំងនោះទេ។
លោក Xu Bin សាស្រ្តចារ្យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃសាលាឈ្មោះហៅកាត់ថា CEIBS បាននិយាយថា គោលនយោបាយនេះគឺស្របតាមទិសដៅនៃកំណែទម្រង់សេដ្ឋកិច្ច ដែលមានគោលដៅបើកចំហឲ្យវិស័យឯកជនរាប់បញ្ចូលទាំងវិនិយោគិនបរទេសផង ចូលមកវិនិយោគក្នុងតំបន់ដែលមានការរឹតត្បិតតឹងរ៉ឹងពិសេសនានា៕
ប្រែសម្រួលដោយ កោះ សុគន្ធី