សេតវិមានបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងពិចារណាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ីចំពោះតួនាទីរបស់ប្រទេសនោះនៅក្នុងការគាំទ្រប្រធានាធិបតី Bashar Al-Assad នៃប្រទេសស៊ីរីនៅក្នុងសង្គ្រាមស៊ីវិលរយៈពេល៧ឆ្នាំរបស់ប្រទេសនោះហើយនិងការប្រើប្រាស់អាវុធគីមីរបស់របបអាសាធ។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយថា សេចក្តីសម្រេចនោះនឹងត្រូវធ្វើឡើងនៅពេលអនាគតឆាប់ៗនេះ។
កាលពីថ្ងៃអាទិត្យ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «សេចក្តីសម្រេចនោះដើម្បីដាក់ទណ្ឌកម្មសេចក្តីបានធ្វើរួចហើយ»។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រាប់បណ្តាញទូរទស្សន៍ CBS ថា «អស់លោក អ្នក នឹងឃើញថា ការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីនឹងកើតមានឡើង»។
លោកស្រីឯកអគ្គរដ្ឋទូត Haley បានមានប្រសាសន៍ថា លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកនឹងប្រកាសការដាក់ទណ្ឌកម្មនៅថ្ងៃនេះ ប្រសិនបើ ការដាក់ទណ្ឌកម្មនោះមិនទាន់បានធ្វើទេនោះ ហើយការដាក់ទណ្ឌកម្មនោះនឹងធ្វើឡើងដោយផ្ទាល់ទៅលើក្រុមហ៊ុនណាដែលមានការទាក់ទិនទៅនឹងរបបអាសាធហើយនឹងការប្រើប្រាស់អាវុធគីមី។
លោកស្រី Haley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា លោកស្រីគិតថា ប្រទេសទាំងអស់ដឹងថា យើងបានបញ្ជូនសារដ៏ខ្លាំងមួយដោយការវាយប្រហារកាំជ្រួចមីស៊ីលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងបារាំងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនទៅលើឃ្លាំងអាវុធគីមីរបស់ស៊ីរីហើយសេចក្តីសង្ឃឹមរបស់យើងគឺថា ពួកគេនឹងស្តាប់យើង៕