សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែចង់ដកកងកម្លាំងអាមេរិកចេញពីប្រទេសស៊ីរី ដែលសារនេះត្រូវបានលើកឡើងបន្ទាប់ពីលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកបានបញ្ចុះបញ្ចូលលោក ត្រាំ ឲ្យរក្សាកងកម្លាំងអាមេរិកនៅទីនោះបន្តទៀត។
អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា «បេសកកម្មអាមេរិកមិនផ្លាស់ប្តូរទេ។ លោកប្រធានាធិបតីបានលើកឡើងច្បាស់ណាស់ថា លោកចង់ឲ្យកងកម្លាំងអាមេរិកត្រឡប់មកផ្ទះវិញឲ្យបានកាន់តែឆាប់កាន់តែល្អ»។
អ្នកស្រីបានបន្ថែមទៀតថា សហរដ្ឋអាមេរិកចង់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមទាំងស្រុងតែម្តង ហើយនឹងធ្វើការដើម្បីទប់ស្កាត់កុំឲ្យក្រុមនេះកើតមានឡើងវិញទៀត។
លោក Macron បានថ្លែងកាលពីព្រឹកថ្ងៃអាទិត្យទៅកាន់ទូរទស្សន៍ BFM របស់បារាំងថា «កាលពី១០ថ្ងៃមុន លោកប្រធានាធិបតី ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកកងកម្លាំងចេញពីប្រទេសស៊ីរី ដូច្នេះយើងបានបញ្ចុះបញ្ចូលលោកឲ្យរក្សាកងកម្លាំងនៅទីនោះរយៈពេលយូរទៀត»។
អត្ថាធិប្បាយនេះត្រូវបានធ្វើឡើងពីរថ្ងៃក្រោយពីបារាំងបានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកនិងអង់គ្លេសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងផ្ទុកអាវុធគីមីនៅក្នុងប្រទេសស៊ីរី។ លោក Macron ក៏បានមានប្រសាសន៍ថា លោកបានប្រាប់ទៅលោក ត្រាំ ថា វាចាំបាច់ណាស់ក្នុងការដាក់កម្រិតទៅលើការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសស៊ីរី ដោយសារតែលោក ត្រាំ ចង់វាយប្រហារបន្ថែមទៀត៕