ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អ.​ព្រមាន​អំពី​កិច្ចព្រមព្រៀង​របស់​ចិន​ជាមួយ​កោះ Solomon ខណៈ​មន្ត្រី​ការទូត​អាមេរិក​ ធ្វើដំណើរ​ទៅ​កាន់​កោះ​នោះ


រូបឯកសារ៖ ទង់ជាតិ​ចិន ត្រូវបាន​ដាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង Honiara កោះ Solomon ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២២។
រូបឯកសារ៖ ទង់ជាតិ​ចិន ត្រូវបាន​ដាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង Honiara កោះ Solomon ថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២២។

សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ បាន​សម្តែងនូវ​ការភ្ញាក់ផ្អើល​អំពី​កិច្ចព្រមព្រៀង​សន្តិសុខ​ដ៏​មាន​សក្តានុពលមួយ​រវាង​ប្រទេសចិន​និង​ដែនកោះ Solomon ខណៈពេលដែល​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ បាន​ធ្វើ​ដំណើរទៅកាន់​ប្រទេស​ដែន​កោះក្នុង​តំបន់​ប៉ាស៊ីហ្វិកខាង​ត្បូង​មួយ​នេះដើម្បី​ទប់​នឹងការពង្រីក​ឥទ្ធិពល​របស់​ចិន។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Kurt Campbell និងលោក Daniel Kritenbrink ដែល​ជា​មន្ត្រីជាន់ខ្ពស់​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ក្រសួង​ការបរទេស​អាមេរិក នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​កាន់ប្រទេស​ដែន​កោះ Solomon ហ្វីជី និងប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea)។

សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​រវាង​កោះ Solomon និង​ចិន​ត្រូវ​បាន​បែកធ្លាយ​ធ្វើឲ្យ​សហរដ្ឋ​អាមេរិក​និង​អូស្ត្រាលី​មាន​ក្តី​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងបង្កើត​ទីតាំង​ឈរជើង​យោធារបស់ខ្លួន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង​ដែល​ក្នុង​នោះ​ក៏​រួមមាន​ការដាក់​ពង្រាយ​កង​នាវា​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​កោះ Solomons លោក Manasseh Sogavare បាន​និយាយ​ថា Solomons មិន​មាន​បំណងផ្តល់​ការអនុញ្ញាត​ឲ្យ​ចិន​កសាង​មូលដ្ឋាន​កងទ័ពនៅ​ក្នុង​ប្រទេស​នេះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា បើទោះ​បី​ជា​មាន​ការលើក​ឡើង​របស់​រដ្ឋាភិបាល Solomon យ៉ាងនេះក្តី ក៏​ខ្លឹមសារ​នៃ​កិច្ចព្រម​ព្រៀង​នេះ​ជា​ទូទៅ​ បានបើក​ទ្វារ​ចំហរ​សម្រាប់​ការដាក់​ពង្រាយ​កងទ័ពចិននៅ​លើ​ដែន​កោះ​នេះ​ដែរ។

លោក​បាន​បន្ត​ទៀត​ថា៖ «យើង​ជឿ​ថា ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ អាច​បង្កើនអស្ថិរភាពនៅ​លើកោះ Solomon និង​បង្កើត​នូវ​អាទិភាព​ដ៏​ព្រួយ​បារម្ភ​មួយ​សម្រាប់តំបន់​កោះ​ប៉ាស៊ីហ្វិក​ទាំង​មូល»។

លោកបាន​បន្ថែម​ទៀត​ថា កោះ Solomon មាន​ទំនាក់​ទំនង​សន្តិសុខរបស់​ខ្លួន​ជាមួយអូស្ត្រាលី​រួច​ហើយក្នុង​ពេល​កន្លង​មក ហើយអូស្ត្រាលី​ធ្លាប់​បានបញ្ជូន​កងទ័ព​ទៅ​ជួយ​ប្រទេស​នេះកាល​ពី​ឆ្នាំទៅ​ផង​ដែរ បន្ទាប់ពី​មាន​កុប្បកម្ម​ប្រឆាំង​តវ៉ា​នៅ​ទី​នោះ។

មន្ត្រី​ជាន់​ខ្ពស់​អូស្ត្រាលី​មួយ​រូប​ក៏​បានទៅ​ធ្វើទស្សនកិច្ច​នៅ​កោះ Solomon នេះកាល​ពី​សប្តាហ៍​មុន​ ហើយ​បាន​ស្នើ​សុំកុំ​ឲ្យ​នាយករដ្ឋមន្ត្រី​កោះ​នេះ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ចិន។

សហរដ្ឋ​អាមេរិក​និយាយ​ថា ខ្លួន​កំពុង​ស្វះ​ស្វែង​បង្ហាញ​ការជួយ​គាំទ្រ​របស់​ខ្លួន​ដល់ដែន​កោះ​នេះ​ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ៨សែន​នាក់​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ចលាចល ​និង​ភាព​ក្រីក្រ។

កាល​ពី​ដើម​ឆ្នាំ​នេះ សហរដ្ឋអាមេរិកបាន​ប្រកាស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ទៅ​កាន់​កោះនោះ​ថា សហរដ្ឋ​អាមេរិក នឹង​បង្កើត​ស្ថានទូត​របស់ខ្លួន​ឡើង​វិញនៅ​ក្នុង​រដ្ឋធានី Honiara របស់​ដែន​កោះ​នេះ ដែល​ធ្លាប់​ស្ថិតនៅ​ក្រោម​អាណានិគម​អង់គ្លេសកាលពី​អតីតកាល។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា «គណៈប្រតិភូ​អាមេរិកនឹង​ជួប​ជាមួយមន្ត្រីរដ្ឋាភិបាល​ក្នុង​ប្រទេស​ហ្វីជី ប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) និង Solomon ដើម្បី​ធានា​ថា ភាព​ជា​ដៃគូ​របស់​យើង​នឹង​ផ្តល់​នូវវិបុលភាព សន្តិសុខ​និង​សន្តិភាព​ នៅ​ទូទាំង​តំបន់​កោះ​ប៉ាស៊ីហ្វិក​ និង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»៕

XS
SM
MD
LG