ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​ពី​អាមេរិក​នឹង​ធ្វើ​ការ​ព្យាបាល​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​កំពង់ធំ


រូប​ឯកសារ៖ លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)
រូប​ឯកសារ៖ លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)

ការ​ព្យាបាល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ដល់​ថ្ងៃ​សៅរ៍​ទី​១៦ខែ​កុម្ភៈ​នៅ​មន្ទីរ​ពេទ្យ​កំពង់ធំ​ក្នុង​ទីរួមខេត្ត​កំពង់ធំ​ និង​ស្រុក​បារាយណ៍​ដែល​មាន​នៅ​​មណ្ឌល​សុខភាព​ឈូកខ្សាច់​និង​មណ្ឌល​សុខភាព​ក្រវា។

ក្រុម​វេជ្ជបណ្ឌិត​ពី​សហរដ្ឋ​អាមេរិក​នឹង​បំពេញ​បេសកកម្ម​មនុស្សធម៌រយៈពេល​មួយ​សប្តាហ៍​ដោយធ្វើការ​ពិនិត្យព្យាបាល​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ជូន​ពលរដ្ឋ​កម្ពុជា​អត់​គិត​ថ្លៃ។​

ការ​ព្យាបាល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ទី​១១ ដល់​ថ្ងៃ​សៅរ៍​ទី​១៦ខែ​កុម្ភៈ​នៅ​មន្ទីរ​ពេទ្យ​កំពង់ធំ​ក្នុង​ទីរួមខេត្ត​កំពង់ធំ​ និង​ស្រុក​បារាយណ៍​ដែល​មាន​នៅមណ្ឌល​សុខភាព​ឈូកខ្សាច់​និង​មណ្ឌល​សុខភាព​ក្រវា។

លោក​វេជ្ជបណ្ឌិត សុង តាន់ ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិកបាន​បញ្ជាក់​ប្រាប់​ VOA Khmer ​ថា ​ក្រុម​ការងារ​មាន​វេជ្ជបណ្ឌិត​និង​ជំនួយការ​ជាង​១០០​នាក់​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​នានា​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។

លោក​បន្ថែម​ថា៖

«សេវា​របស់​យើង​គឺ​មាន​វះកាត់​ខាង​ជំងឺ​ទូទៅ ស្រ្តី ជំងឺ​ផ្ទៃក្នុង​ដូចជា​ជំងឺ​កូន​ក្មេង​មនុស្ស​ចាស់។ យើង​យក​ថ្នាំ​ទៅ​គ្រប់គ្រាន់​ដើម្បី​ប្រជាពលរដ្ឋ​ ព្យាបាល​ប្រជាពលរដ្ឋ​៧.០០០​ឬ៨.០០០​នាក់។ យើង​មាន​ទន្តសាស្រ្ត​ខាង​ធ្មេញ ខាង​ឈឺ​ឆ្អឹងឆ្អែង​ ហើយ​មាន​ចែក​វ៉ែនតា​និង​ដៃ​សិប្បនិម្មិត​ផង‍‍»។​

នេះ​គឺជា​បេសកកម្ម​ប្រចាំ​ឆ្នាំ​លើក​ទី​៩​ដែល​រៀបចំ​ដោយ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​(CHPAA) ​ហើយចំនួន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មាន​ការ​កើន​ឡើង​ជា​រៀងរាល់ឆ្នាំ។​ នេះ​បើ​តាម​ការ​បញ្ជាក់របស់​លោក​វេជ្ជបណ្ឌិត ​តាន់ សុង។​

លោក​បាន​បន្ថែម​ថា៖

«ចំនួន​យើង​កាន់​តែ​កើន​ឡើង​ហើយ​យើង​មាន​កេរ្តិ៍ឈ្មោះ គឺ​ដោយសារ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ផង។ យើង​ទៅ​ព្យាបាល​គឺ​យើង​រៀបចំ​បាន​ស្រួល ​ហើយ​យើង​ទៅដល់​ហ្នឹង​យើង​ព្យាបាល​ប្រជាជន​បាន​ល្អ។ ដូច្នេះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​គ្នា​មាន​កម្លាំងកំហែង​ពេល​ត្រឡប់​មក​វិញ។ មាន​ភាគច្រើន​ទៅ​ស្ទើរតែ​រាល់​ឆ្នាំ‍»។​

រូប​ឯកសារ៖ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ថត​រួម​ជុំ​គ្នា​ក្នុង​អំឡុង​បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)
រូប​ឯកសារ៖ គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ថត​រួម​ជុំ​គ្នា​ក្នុង​អំឡុង​បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក នៅ​ខេត្ត​បាត់ដំបង​កាល​ពី​ឆ្នាំ​២០១៤។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)

បេសកកម្ម​លើក​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត សេង សៀង អ្នកនិពន្ធ​សៀវភៅ​«រដូវ​អត់ឃ្លាន​‍» (Starving Season) ដែល​បានប្រថុយ​ជីវិត​យក​វិជ្ជាពេទ្យ​ទៅ​ជួយ​ព្យាបាល​មេ​កង​ខ្មែរ​ក្រហម​ ក្នុង​ពេល​ដែល​មនុស្ស​ជាច្រើន​លាក់​ប្រវត្តិរូប​និង​ចំណេះដឹង​ខ្លាច​ត្រូវ​របប​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ចោល។

លោក​វេជ្ជបណ្ឌិត សៀង សេង ​ដែល​មានឯកទេស​ខាង​ជំងឺ​ខាងក្នុង​និង​ផ្នែក​សម្ភព​បាន​បញ្ជាក់​ប្រាប់ ​VOA Khmer ​ថា​៖

«ខ្ញុំ​ធ្លាប់​បាន​រស់​នៅ​ក្នុង​របប​ ប៉ុល ពត ហើយ​បាន​ស្គាល់​ភាព​វេទនា​ ភាព​ក្រីក្រ​ ភាព​ខ្វះ​ថ្នាំពេទ្យ​ ភាព​ខ្វះ​គ្រូ​ពេទ្យ​ ភាព​ខ្វះ​មុខ​ ខ្វះ​ក្រោយ ដូច្នេះ​ហើយ​ទោះ​ជា​ខ្ញុំ​លែង​ស្គាល់​ភាព​ទាំង​នោះ​ក្តី ខ្ញុំ​មិន​ភ្លេច​ភាព​ដែល​ខ្ញុំ​រៀបរាប់​ខាងលើ​ដែរ​គឺថាពេល​ទៅ ជួប​បងប្អូន​យើង​តែងតែ​នឹក​អាណិត​ស្រឡាញ់​បងប្អូន​យើង​ជានិច្ច។ ដូច្នេះ​ហើយ​ឱ្យ​តែ​បាន​ទៅ​លេងស្រុក​ខ្មែរ​ខ្ញុំ​ក៏​គិត​គូរ​ថា ​យ៉ាង​ហោច​ណាស់​ក៏​ជួយ​បងប្អូន​ខ្មែរ​យើង​ដែរ‍»។​

លោក​វេជ្ជបណ្ឌិត សៀង សេង មើល​ឃើញ​ថា ​ការ​ទទួល​បាន​សេវា​សុខាភិបាល​នៅ​តំបន់​ជនបទ​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ។

«ពេល​ដែល​យើង​ទៅ គឺ​យើង​ទៅ​កន្លែង​ណា​ដែល​ឆ្ងាយ​ពី​ទី​ក្រុង​ ហើយ​នៅ​ជនបទ ដូច្នេះ​បងប្អូន​យើង​នៅ​ទីនោះ​គ្នា​ក្រ​ណាស់​ ហើយ​មិន​សូវ​មាន​ថ្នាំ​ឬ​ក៏​មិន​សូវ​បាន​ជួប​គ្រូពេទ្យ​ទេ។ ពេល​ទៅ​ម្តងៗ​គ្នា​អោបដៃ​អោប​ជើង​យើង​ សុំ​អង្វរ​ឱ្យ​តែ​យើង​ទៅ​ជួប​ម្តង​ទៀត។ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​ទៅ​ជួយ​បងប្អូន​យើង​ម្តងៗ‍»។​

បេសកកម្ម​ឆ្នាំ​នេះ​គឺជា​លើក​ទីបី​ទៅ​ប្រទេស​កម្ពុជា​ សម្រាប់​លោកស្រី​វេជ្ជបណ្ឌិត Gracie Ann Dinkins ​អ្នក​ឯកទេស​ខាង​ការ​វះ​កាត់។​ លោក​ស្រី​ធ្លាប់​ចូល​រួម​បេសកកម្ម​ស្ម័គ្រចិត្ត​នៅ​ប្រទេស​វៀតណាម​ ហៃទី​និង​សេរ៉ាឡេអូន។

លោកស្រី​យល់​ថា ​ជា​រៀងរាល់​បេសកកម្ម​ទៅ​កម្ពុជា​គឺ​ជា«ការ​ផ្តល់​រង្វាន់​មួយ»៖​

«ខ្ញុំ​មាន​ការ​ស្ងើច​សរសើរ​ចំពោះ​ភាព​គួរ​សម​រួសរាយ ភាព​សុភាពរាបសារ ការ​អត់ធ្មត់​និង​ភាព​ថ្លៃថ្នូរ​របស់​អ្នកជំងឺ​ដែល​ខ្ញុំ​ព្យាបាល‍»។

ដោយសារតែ​រយៈ​ពេល​បេសកកម្ម​មាន​កំណត់​តែ​ត្រឹម​មួយ​សប្តាហ៍​និង​លទ្ធភាព​ព្យាបាល​មាន​កំណត់​លោក​វេជ្ជបណ្ឌិត សុង​ តាន់ បញ្ជាក់​ថា​អាទិភាព​គឺ​ផ្តល់​ជូន​អ្នក​ដែល​មក​ដល់​កន្លែង​ព្យាបាល​មុនគេ។​

«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ទៅ​រក​ខ្ញុំ​ក៏ប៉ុន្តែ​យើង​មាន​សមត្ថភាព​មាន​ព្រំដែន។ យើង​មើល​បាន​តែ​មួយ​ចំនួន។ ដូច្នេះ​បើ​គ្រប់​ចំនួន​ហើយ​យើង​មិន​អាច​ធ្វើ​បាន​ទេ។ ដូច្នេះ​អញ្ជើញ​ទៅ​គឺថា ​អ្នក​ទៅ​មុខ​បាន​មុន​‍ដោយ​អត់​រើសអើង​សាសនា​ ឋានៈ​អីទាំងអស់គឺថា​អ្នកណា​ទៅ​មុន​បាន​មើល​មុន‍»។

ក្រុម​គ្រូពេទ្យនិង​និស្សិត​ពេទ្យ​កម្ពុជា​ក៏​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ដែរ​ ដែល​វា​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​រៀន​សូត្រ​និង​ប្តូរ​បទពិសោធន៍​គ្នា​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ​សុង តាន់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG